​យូឌីស្កូ​៖ "ខ្ញុំ​ចង់​រស់...!"

  • 2018-03-01 23:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក យូឌីស្កូ ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ តាំង​ពី​ចុង​ឆ្នាំ ២០១៧ នោះ ពេល​នេះ​ក្នុង​តែ​ស្ថិត​ក្នុង​វេលា​កាន់​តែ​ខ្សោះ​ខ្សោយ​ទៅ​ហើយ រហូត​ដាច់​ចិត្ត​ពោល​ពាក្យ​មួយ​ឃ្លា​​ថា "ខ្ញុំ​ចង់​រស់" ធ្វើ​ឲ្យ​មិត្ត​រួម​អាជីព​ស្លុត​ចិត្ត​ក្រៃលែង។

អ្នក​នាង ទូច ស្រីលក្ខណ៍ ដែល​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ផ្ទាល់​លោក យូឌីស្កូ បាន​ថ្លែង​ថា៖ "ពាក្យ​មួយ​ម៉ាត់​បង​និយាយ​មក​កាន់​ខ្ញុំ​ថា «បង​ចង់​រស់ ចង់​ឲ្យ​ជីវិត​បង​ដូច​ដើម​វិញ» ពេល​លឺ​ពាក្យ​នេះ​ប្អូន​ខ្លោច​ផ្សា​ណាស់"។

ជាមួយ​គ្នា​នេះ ស្រី​លក្ខណ៍ ក្រៅ​ពី​មិន​អាច​ជួយ​អ្វី​បាន​ដុំ​កំភួន ឲ្យ​ដឹង​ថា នាង​មាន​​តែ​កម្លាំង​ចិត្ត និង​ថវិកា​បន្តិច​បន្តួច​ជូន​ទៅ​មិត្ត​រួម​អាជីព​រូប​នេះ និង​សូម​ស្នើ​មិត្ត​រួម​អាជីព ឬ​សប្បុរសជន បើ​អាច​សូម​ជួយ​លោក យូឌីស្កូ តាម​លទ្ធភាព​ផង។

លោក យូឌីស្កូ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ ២០១៧ ដោយ​សារ​លោក​កើត​មាន​ជំងឺ​ជា​ច្រើន​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ រួម​មាន​ក្រលៀន ទឹកនោម​ប្រៃ និង​ឈាម​ស​ឡើង​ខ្ពស់។ ស្ថានភាព​ពេល​នោះ លោក​ត្រូវ​ការ​ឈាម​ប្រភេទ AB + ដែល​ជា​ប្រភេទ​ឈាម​ដ៏​ពិបាក​រក។

យ៉ាង​ណា មិត្ត​រួម​អាជីព​លោក​ពីរ​នាក់​មាន​ឈាម​ប្រភេទ​កម្រ​នេះ និង​បាន​បរិច្ចាគ​​ឲ្យ​លោក បន្ត​រស់​មក​ដល់​ពេល​នេះ។ យ៉ាង​ណា​ក៏​ដោយ តាម​អ្នក​នាង ទូច ស្រីលក្ខណ៍ ឲ្យ​ដឹង គឺ​ស្ថានភាព​យូឌីស្កូ​នៅ​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដដែល។ ស្រីលក្ខណ៍ ប្រាប់​ថា ពេល​នេះ អតីត​ដៃគូ​ការងារ​របស់​នាង អស់​លទ្ធភាព​ហើយ ហើយ​ត្រូវ​ការ​ចាំ​បាច់​រាល់​ការ​ឈឺ​ឆ្អាល​របស់​បង​ប្អូន។

ដូច្នេះហើយ តារា​ស្រី​កូន​មួយ​រូប​នេះ បញ្ជាក់​ថា ប្រសិន​បើ​បង​ប្អូន​ចង់​ជួយ​ថវិកា​ដល់​ យូឌីស្កូ អាច​ទាក់ទង​មក​លេខ​ទូរសព្ទ​នាង​ផ្ទាល់​បាន គឺ ០១៥ ៥៩ ៥៥ ៤៥។ មួយ​វិញ​ទៀត នាង​បន្ថែម​ថា ប្រិយមិត្ត​ក៏​អាច​ទៅ​ជូន​ថវិកា​លោក​ផ្ទាល់​ជាមួយ​នាង​ក៏​បាន​ដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;