រថយន្ត​ធំៗ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ក្រុង​តាខ្មៅ រយៈពេល​៣ថ្ងៃ

  • 2018-03-05 08:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​កណ្ដាល បាន​ប្រកាស​ហាម​ឃាត់​រថយន្ត​ធំៗ​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ភូមិ​សាស្ត្រ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល រយៈពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ម៉ោង​០០:០១​នាទី ថ្ងៃ​ទី​០៩ ដល់​ម៉ោង​០៦:០០​នាទី ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៨។

មូលហេតុ​នៃ​ការ​បញ្ចៀស​ចរាចរណ៍​នេះ​គឺ​ដោយសារ​តែ​ក្រុង​តាខ្មៅ​នឹង​មាន​ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៤ ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨ ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​មាន​ការ​ធានា​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និង​បរិស្ថាន នៅ​អំឡុង​ពិធី​បុណ្យ​នេះ។ ពលរដ្ឋ​ដែល​ជា​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ ហើយ​ត្រូវ​ឆ្លង​កាត់​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ អាច​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​រដ្ឋបាល​ខេត្ត​កណ្ដាល​ដូច​ខាង​ក្រោម៖

១. រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរណ៍​មក​ពី​ទិសដៅ​ផ្លូវ​ជាតិ​លេខ​២១, ២១A, ផ្លូវ​លេខ​១១០ សូម​បើកបរ​វាង​ទៅ​តាម​ផ្លូវ​លេខ​១១៥ ឆ្ពោះ​ទៅ​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន (ផ្លូវ​៦០​ម៉ែត្រ)។

២. រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរណ៍​ម​ពី​ទិសដៅ​ផ្លូវ​ជាតិ​លេខ​២ សូម​បើក​បរ​វាង​ទៅ​តាម​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន (ផ្លូវ​៦០​ម៉ែត្រ)។

៣. រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរណ៍​មក​ពី​ទិសដៅ​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ សូម​បើកបរ​វាង​ទៅ​តាម​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន (ផ្លូវ​៦០​ម៉ែត្រ) ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​មុខ​វត្ត​ចាក់អង្រែក្រោម៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;