ស្ថានទូត​អាមេរិក ទៅ​ស្វែង​យល់​ពី​សក្ដានុពល​សេដ្ឋកិច្ច នៅ​ខេត្ត​ព្រះសីហនុ

  • 2018-03-06 04:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក David​ Ryan Sequeira ដែល​ជា​មន្ត្រី​ទទួល​បន្ទុក​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូត​សហរដ្ឋអាមេរិក បាន​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី៥ ខែ​មីនា ២០១៨ ម្សិលមិញ។

លោក David Ryan Sequeira មាន​ប្រសាសន៍​ថា ជំនួប​ពិភាក្សា​នា​ពេល​នេះ មាន​គោល​បំណង​ឈ្វេង​យល់​ពី​សក្ដានុពល​សេដ្ឋកិច្ច និង​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​ឲ្យ​បាន​ជាក់​លាក់​ដល់​អ្នក​វិនិយោគ​សហរដ្ឋអាមេរិក ដែល​មាន​បំណង​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ នា​ពេល​ខាង​មុខ ។

លោក David Ryan Sequeira មន្ត្រី​ទទួល​បន្ទុក​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូត​សហរដ្ឋអាមេរិក

លោក​បន្ថែម​ថា "ដោយ​មើល​ឃើញ​ថា ខេត្ត​ព្រះសីហនុ មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​លឿន និង​មាន​អំណោយ​ផល​ល្អ ក្នុង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​​កំពង់ផែ​​សមុទ្រ​ទឹក​ជ្រៅ និង​មាន​ព្រលានយន្តហោះ​អន្តរជាតិ តភ្ជាប់​ទៅ​កាន់​ប្រទេស​​នៅ​លើ​សកលលោក លោក​ក៏​ចង់​ដឹង​ថា នៅ​ពេល​អ្នក​វិនិយោគ​មក​ច្រើន តើ​ខេត្ត​ព្រះសីហនុ​មាន​កម្លាំង​ពលកម្ម និង​ធនធាន​មនុស្ស​គ្រប់គ្រាន់​​សម្រាប់​បម្រើ​ការងារ​​​ក្នុង​រោងចក្រ សហគ្រាស​ដែរ​ឬទេ? នៅ​ខណៈ​អ្នក​វិនិយោគ និង​ទេសចរ​ចិន​មក​ខេត្ត​ព្រះសីហនុ​មាន​ការ​កើន​ឡើង​ច្រើន"។

ចំណែក​លោក យន្ត មីន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ខេត្ត​ព្រះសីហនុ ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពហុបំណង​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ មាន​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍។ លោក​បន្ថែម​ថា លោក​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​នាំ​អ្នក​វិនិយោគ​មក​កាន់​​ខេត្ត​ព្រះសីហនុ លើ​សេវាកម្ម​ទេសចរណ៍ និង​ឧស្សាហកម្ម ខណៈ​ខេត្ត​ព្រះសីហនុ កំពុង​ខ្វះខាត​នូវ​សណ្ឋាគារ ផ្ទះ​សំណាក់​នៅ​ពេល​មាន​ពិធី​បុណ្យជាតិ អន្តរជាតិ ហើយ​កម្ពុជា​មាន​ការ​អនុគ្រោះ​សម្រាប់​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​ផងដែរ៕

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ

ប្រភព៖ AKP ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;