បុរសម្នាក់ដែលបើកឡានអគ្គិសនីជុំវិញពិភពលោក កំពុងជាប់គាំងនៅឥណ្ឌូណេស៊ី
- 2018-03-07 06:12:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ដែលបើកឡានអគ្គិសនីជុំវិញពិភពលោក កំពុងជាប់គាំងនៅឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
លោក Wiebe Wakker បានធ្វើឆ្លងកាត់ជាច្រើនប្រទេសមកហើយ ដោយបើកបរឡាន១គ្រឿងមានឈ្មោះថា Blue Bandit ក្នុងគោលបំណងផ្សព្វផ្សាយអត្ថប្រយោជន៍របស់រថយន្តអគ្គិសនី។ បច្ចុប្បន្ន បុរសសញ្ជាតិហុល្លង់រូបនេះកំពុងជាប់គាំងខ្លួនមិនអាចបន្តដំណើរទៅមុខបានទៀត នៅក្នុងប្រទេសឥណ្ឌូណេស៊ី។
មូលហេតុដែលមិនអាចចាកចេញពីឥណ្ឌូណេស៊ីបានគឺព្រោះតែរថយន្តអគ្គិសនីរបស់លោកបានខូចមិនទាន់ជួសជុលរួច អស់រយៈពេលជាង ២ខែមកហើយ។ លោក Wiebe រៀបរាប់ថា៖ "ខ្ញុំបើកបរលើចម្ងាយផ្លូវ ៦ម៉ឺនគីឡូម៉ែត្រ ក្នុងប្រទេសចំនួន៣១ ដោយមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ។ នេះជារថយន្តចាស់ដែលផលិតតាំងពីឆ្នាំ២០០៩ ហើយជារថយន្តផលិតឡើងដោយខ្លួនឯង។ វាត្រូវការជំនាញមួយចំនួនច្បាស់លាស់ក្នុងការជួសជុលរថយន្តនេះ មិនមែនដូចរថយន្តដែលគេទិញពីរោងចក្រ ហើយអាចជួសជុលនៅទីណាក៏បាននោះទេ"។
បច្ចុប្បន្ន អ្នកជំនាញមកពីហុល្លង់បានមកដល់ប្រទេសឥណ្ឌូណេស៊ី ដើម្បីជួយលោក Wiebe ហើយ ក្នុងការជួសជុលរថយន្ត Blue Bandit។ រាល់ថ្លៃចំណាយ នឹងត្រូវរ៉ាប់រងដោយគម្រោង Plug Me In ដែលលោក Wiebe កំពុងតែធ្វើនេះឯង។
“ខ្ញុំចូលចិត្តប្រទេសទាំងនេះខ្លាំងណាស់ ព្រោះវាជាកន្លែងដែលខុសប្លែកពីប្រទេសអឺរ៉ុប ប្រទេសទាំងនោះមានដូចជា ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងឥណ្ឌូណេស៊ី ជាដើម។ បើអ្នកយករថយន្តអគ្គិសនីទៅជិះនៅប្រទេសទាំងនោះ អ្នកនឹងមានអារម្មណ៍ដូចជាអ្នកត្រួសត្រាយផ្លូវឲ្យពួកគេអ៊ីចឹង" នេះជាការលើកឡើងរបស់លោក Wiebe៕