ទូត​អាមេរិក និង​ទូត​ចិន ទៅ​ស្វែង​យល់​ពី​សក្ដានុពល​ខេត្ត​ព្រះសីហនុ ផ្ទួនៗ​គ្នា

  • 2018-03-09 02:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រឹមតែ ៣​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​តំណាង​ស្ថានទូត​អាមេរិក​បាន​ធ្វើ​ដំណើរ​ស្វែង​យល់​ពី​សក្ដានុពល​សេដ្ឋកិច្ច និង​ការ​វិនិយោគ នៅ​ខេត្ត​ព្រះសីហនុ មន្រ្តី​ស្ថានទូត​ចិន​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្វែង​យល់​ពី​សក្ដានុពល​ខេត្ត​ព្រះសីហនុ​ផង​ដែរ ដោយ​មន្រ្តី​ស្ថានទូត​ទាំង​ពីរ បាន​ជួប​ពិភាក្សា​ជាមួយ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដូចគ្នា។

នៅ​ថ្ងៃ​ទី៥ ខែ​មីនា ២០១៨ តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក David​ Ryan Sequeira ដែល​ជា​មន្ត្រី​ទទួល​បន្ទុក​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូត​សហរដ្ឋអាមេរិក បាន​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ។ លោក David Ryan Sequeira មាន​ប្រសាសន៍​ថា ជំនួប​ពិភាក្សា​មាន​គោល​បំណង​ឈ្វេង​យល់​ពី​សក្ដានុពល​សេដ្ឋកិច្ច និង​ការ​វិនិយោគ​នៅខេត្ត​ព្រះសីហនុ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​ឲ្យ​បាន​ជាក់​លាក់​ដល់​អ្នក​វិនិយោគ​សហរដ្ឋអាមេរិក ដែល​មាន​បំណង​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ នា​​ពេល​ខាង​មុខ។

លោក David​ Ryan Sequeira មន្ត្រី​ទទួល​បន្ទុក​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូត​សហរដ្ឋអាមេរិក

ចំណែក​នៅ​ថ្ងៃ​ទី៨ ខែ​មីនា ម្សិលមិញ មន្ត្រី​ស្ថានទូត​ចិន​ដឹកនាំ​ដោយ​លោកស្រី Zuo Wenxing អនុប្រធាន​ក្រុម​បេសកកម្ម និង​ជា​ទីប្រឹក្សា​នយោបាយ នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​សំដែង​ការ​គួរសម​ជាមួយ​អភិបាល​ខេត្ត​ព្រះសីហនុ និង​ឈ្វេង​យល់​ពី​ស្ថានភាព​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​ចិន ដែល​មក​បណ្ដាក់​ទុន​រកស៊ី​លើ​វិស័យ​រោងចក្រ សណ្ឋាគារ កាស៊ីណូ និង​សេវាកម្ម​ផ្សេងៗ នៅ​ខេត្ត​ព្រះសីហនុ។

លោកស្រី Zuo Wenxing ក៏​បាន​ថ្លែង​អរគុណ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​វិនិយោគ និង​ទេសចរ​ចិន នៅ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ ផង​ដែរ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;