ពិធីបុណ្យទន្លេ រយៈពេល ៣ថ្ងៃ ចាប់ផ្តើមហើយ
- 2018-03-09 12:34:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីបុណ្យទន្លេ រយៈពេល ៣ថ្ងៃ ចាប់ផ្តើមហើយ
ចន្លោះមិនឃើញ
ពិធីបុណ្យទន្លេរយៈពេល ៣ថ្ងៃ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្តាល បានចាប់ផ្តើមហើយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ។ ថ្ងៃដំបូងនៃពិធីបុណ្យនេះ មានការរៀបចំសិក្ខាសាលាអបអរសាទរពិធីបុណ្យទន្លេ លើកទី៤ ក្រោមប្រធានបទ “ទន្លេនៃសន្ដិភាព មិត្តភាព និងនិរន្ដរភាពទេសចរណ៍”។ សិក្ខាសាលានេះបានធ្វើឡើង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល។
ថ្លែងនៅក្នុងសិក្ខាសាលានេះ លោក ថោង ខុន បានលើកឡើងពីការពង្រឹងគុណភាព បញ្ហាប្រឈម និងទិសដៅអនុវត្ត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័សនៅក្នុងប្រទេស។ លោកក៏បានជំរុញឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវរួមគ្នាផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ខ្លួន ទៅកាន់ពិភពលោកផងដែរ។
ក្រៅពីសិក្ខាសាលានេះ ពិធីបុណ្យទន្លេ លើកទី៤នេះ មានសកម្មភាពជាច្រើនទៀត ដូចជា សកម្មភាពកីឡា ការតាំងពិព័រណ៍ទំនិញ និងការប្រគំតន្ត្រីជាដើម។
តាមកម្មវិធី នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចូលរួមពិធីបុណ្យទន្លេនេះ។ នៅព្រឹកថ្ងៃអាទិត្យ ក៏នឹងមានកម្មវិធីប្រណាំងកង់ផងដែរ៕
ខាងក្រោមនេះជារូបភាពខ្លះៗ នៃពិធីបុណ្យទន្លេថ្ងៃទី១ នៅតាខ្មៅ៖