ធី សុវណ្ណថា សង្ឃឹម​ឈ្នះ​ពាន​ណាមួយ​ពី​ការ​ប្រកួត​សម្រស់​នៅ​កូរ៉េ

  • 2018-03-11 04:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

កញ្ញា ធី សុវណ្ណ​ថា រួម​ជា​មួយ​បេក្ខនារី​កម្ពុជា​១៤រូប​ផ្សេង​ទៀត​នឹង​ត្រូវ​ចេញ​ទៅ​​ចូល​រួម​ប្រកួត​សម្រស់​​កម្មវិធី​​មួយ​ឈ្មោះ​ថា Queen Of The Spa ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​​នា​ខែ​មេសា​ខាង​មុខ​នេះ។ នាង​​បាន​បង្ហាញ​ជំនឿ​ថា អាច​ជា​ខ្លួន​នាង​ឬ​សមាជិក​ក្នុង​ក្រុម​របស់​នាង​ផ្សេង​ទៀត នឹង​អាច ដណ្ដើម​ពាន​ណា​មួយ​​ពី​ការ​ប្រកួត​នេះ​ជាក់​ជា​មិន​ខាន។

ការ​​ប្រកួត​​កម្មវិធី​ខាង​លើ​គ្រោង​ធ្វើឡើង​​ថ្ងៃ​ទី៩ ដល់ ​ថ្ងៃ​ទី១៣ ខែ មេសា ឆ្នាំ ២០១៨​ខាង​មុខ​នេះ ដោយមាន​ប្រទេស៥​ចូលរួម ដូចជា ​ចិន តៃវ៉ាន់ វៀតណាម កម្ពុជា និង កូរ៉េ​ខាង​ត្បូង។ កម្ពុជា ជា​ប្រទេស​ចូល​រួម​លើក​ដំបូង ហើយ​បាន​​នាំ​បេក្ខនារី​ចំនួន​១៥រូប​ទៅ​ចូល​រួម​ការ​ប្រកួត​នេះ។

កញ្ញា ធី សុវណ្ណថា បាន​ឲ្យ​ដឹង​ថា នាង​ក៏​ដូច​ជា​បេក្ខនារី​ផ្សេង​ទៀត​បាន​នឹង​កំពុង​ហ្វឹកហាត់​លើ​​ទម្រង់​សិល្បៈ​មួយ​ចំនួន​ដើម្បី​ចូល​រួម​ការ​ប្រកួត​នេះ ដូច​​ជា​ការ​ដើរ​​ម៉ូដ និង​ការ​ស្វែង​យល់​ពី​វប្បធម៌​​ជា​ដើម។ ជា​មួយ​គ្នា​នោះ នាង​ក៏​បាន​​សិក្សា​ពី​​ចំណុច​ខ្លាំង​និង​ចំណុច​​ខ្សោយ​ពី​សិល្បៈ​រៀមច្បង​ដែល​ធ្លាប់​ទៅ ចូល​រួម​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយ​​នេះ​ផង​ដែរ។

លក្ខខណ្ឌ​នៃ​កម្មវិធី​​​ប្រកួត​ខាង​លើ បេក្ខនារី​ចូល​រួម ​មិន​សំដៅ​ទៅ​លើ ​កញ្ញា ឬ អ្នក​ដែល​មាន​ស្វាមី​រួច​ហើយ​នោះទេ ប៉ុន្តែ​ត្រូវ​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ រហូត​ដល់​៣៥​ឆ្នាំ។ បេក្ខនារី មិន​ត្រឹម​តែ​ត្រូវ​មាន​រូប​សម្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​មាន​​កិរិយា​មារយាទ​ល្អ​ផង​ដែរ។

រង្វាន់​ជើង​ឯក ទទួល​បាន​ទឹក​ប្រាក់​សុទ្ធ ​៦ម៉ឺន​ដុល្លារ បូក​នឹង​មកុដ​ពេជ្រ​មាន​តម្លៃ​ជាង​៣ម៉ឺន​ដុល្លារ។ លេខ​ទី២ ទទួល​បាន​ទឹក​ប្រាក់៣ម៉ឺន​ដុល្លារ លេខ៣ទទួល​បាន ១៥០០០ ដុល្លារ និង​លេខ​៤ ទទួល​បាន​៥​ពាន់​ដុល្លារ។

កញ្ញា ធី សុវណ្ណថា បាន​បង្ហាញ​ជំនឿ​ថា អាច​ខ្លួន​នាង​ឬ សមាជិក​ក្នុង​ក្រុម​របស់​នាង​ផ្សេង​ទៀត និង​អាច ដណ្ដើម​ពាន​ណា​មួយ​​ពី ការ​ប្រកួត​នេះ​ជាក់​ជា​មិន​ខាន ត្បិត​អី ការ​ប្រកួត​នោះ ក្រៅ​ពី​ពាន​ដែល​បាន​រៀបរាប់​ខាង​លើ គឺ​មាន​​ពាន​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា ពាន​ញញឹម​ស្រស់ ពាន​ថត​រូប​ស្អាត ជា​ដើម។

នាង​អះអាង​ថា ប្រសិន​បើ​នាង​អាច ដណ្ដើម​បាន​ជើង​ឯក​ពី​ការ​ប្រកួត​ខាង​លើ ឬ ទទួល​បាន​ពាន​ណា​មួយ​ពី​ការ​ប្រកួត​នោះ នាង​នឹង​យក​ថវិកា​ទាំង​នោះ មក​ជួយ​អភិវឌ្ឍ​លើ​វិស័យ​សិល្បៈ ដូច​ជា​ផ្ដល់​កញ្ចប់​ថវិកា​ដល់​​សាលា​បង្រៀន​ណា​មួយ​ដែល​មាន​​សកម្មភាព​បង្រៀន​ក៏​ដូច​ជា អភិរក្ស​វប្បធម៌​​សិល្បៈ​ជា​ដើម។

កញ្ញា ធី សុវណ្ណថា បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ជា​មួយ​ការ​ងាក​មក​ចាប់​អាជីព​សិល្បៈ​មួយ​រយៈ​នេះ ក្រៅ​ពី​​មាន​ឱកាស​បាន​ចូល​រួម​ប្រកួត​កម្មវិធី​ខាង​លើ កញ្ញា ប្រាប់​ថា បច្ចុប្បន្ន​​ខ្លួន​មាន​ទីផ្សារ​បណ្ដើរ​ហើយ ក្នុង​នោះ​នាង​​បាន​ចុះ​កុងត្រា ជា​មួយ​ក្រុមហ៊ុន​មួយ​ចំនួន ដូច​ជា ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម​លើ គ្លីនិក​​កែសម្ផស្ស ​ ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម លើ​ផលិត​ផល​សម្លៀក​បំពាក់​​ជា​ដើម៕


អត្ថបទ៖ ស៊ុនហួត