ប្រធានាធិបតី​ចិន អាច​កាន់​អំណាច​អស់​១ជីវិត​ហើយ

  • 2018-03-11 09:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០១៨​នេះ សភា​ប្រជាជន​ចិន បាន​បោះឆ្នោត​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ដោយ​ប្រធានាធិបតី​អាច​កាន់​តំណែង​អស់​១​ជីវិត ប្រសិន​បើ​​ត្រូវ​បាន​ជ្រើសតាំង​ក្នុង​ការ​បោះឆ្នោត​ជា​រៀងរាល់ ៥ឆ្នាំ​ម្តង​នោះ។ នៅក្នុង​ច្បាប់​បច្ចុប្បន្ន គឺ​ប្រធានាធិបតី​ចិន អាច​កាន់​តំណែង​ជាប់ៗ​គ្នា បាន​ត្រឹម​តែ ២អាណត្តិ​តែ​ប៉ុណ្ណោះ។

សម័យ​ប្រជុំសភា​នេះ ធ្វើឡើង​នៅ​​វិមាន Great Hall ក្នុង​ក្រុង​ប៉េកាំង ដោយ​មាន​សមាជិក​សភា​សរុប​ចំនួន ២៩៦៤​រូប បាន​ចូលរួម។ ក្នុងនោះ​គឺមាន​តែ ២រូប​ប៉ុណ្ណោះ ដែល​បោះ​ឆ្នោត​ប្រឆាំង​ចំពោះ​ការធ្វើ​វិសោធនកម្ម​នេះ និង​៣រូប​បាន​បោះឆ្នោត​អនុបវាទ។ ការ​កែប្រែ​ច្បាប់​នេះ គឺ​តម្រូវ​ឲ្យមាន​ការ​បោះឆ្នោត​គាំទ្រ​ដោយ​សំឡេង ២ភាគ​៣។

ការ​បោះឆ្នោត​នេះ​ធ្វើឡើង​បន្ទាប់ពី​គណៈ​កម្មា​ធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ដ​ចិន បាន​ប្រកាស​ពី​គម្រោង​លុប​កថាខណ្ឌ​ដែល​ចែង​ថា "ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អាច​កាន់​អំណាច​មិន​លើស​ពី ២អាណត្តិ" ចេញ​ពី​រដ្ឋធម្មនុញ្ញ​របស់​ចិន កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ប្រធានាធិបតីចិន លោក ស៊ី ជិនភីង

ការ​កែប្រែ​ច្បាប់​នេះ ត្រូវបាន​សារ​ព័ត៌មាន​អន្តរជាតិ​ធំៗ អះអាង​ថា​ជាការ​បើក​ផ្លូវ​ឲ្យ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង អាចកាន់​តំណែង​អស់​១ជីវិត។ លោក ស៊ី ជិនភីង បាន​ចូលកាន់​តំណែង​ប្រធានាធិបតី​ជាលើក​ដំបូង កាលពី​ខែ​មីនា ឆ្នាំ​២០១៣៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;