រោងចក្រផលិតបរិក្ខារកង់និងម៉ូតូ និងរោងចក្រ៣ទៀត នឹងកើតមាននៅកម្ពុជា
- 2018-03-12 02:04:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រផលិតបរិក្ខារកង់និងម៉ូតូ និងរោងចក្រ៣ទៀត នឹងកើតមាននៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន Da Chao Shong Composites Technology Cambodia Co., Ltd បើករោងចក្រផលិតសម្ភារៈបរិក្ខារកង់ និងម៉ូតូ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង។
ក្រុមហ៊ុនខាងលើ មានទុនប្រមាណជា ២,៣៨លានដុល្លារអាមេរិក ដើម្បីវិនិយោគរោងចក្រដែលអាចបង្កើតការងារបានចំនួន ១៥៧ កន្លែង។
ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឲ្យក្រុមហ៊ុន៣ ទៀតបើកដំណើរការរោងចក្ររបស់ខ្លួនផងដែរ។ ក្រុមហ៊ុនទាំងនោះមានដូចជា៖
ក្រុមហ៊ុន V.C.O.F.F APPAREL CO., LTD៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៥,៧៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨២៦ កន្លែង។
ក្រុមហ៊ុន Bai Hong Cambo Co., Ltd៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ខ្សែភ្លើង និងកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។ ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។
ក្រុមហ៊ុន WON FULL ENTERPRISE CO., LTD៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ តែមផ្លាស្ទិក និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែល មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។ ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៣កន្លែង៕