ក្រុមហ៊ុន​១ គ្រោង​ដំឡើង​ប្រព័ន្ធ​តាមដាន​ចរាចរ​ទូក​នេសាទ នៅ​ដែន​សមុទ្រ​កម្ពុជា

  • 2018-03-13 07:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ CETC Ocean Information បាន​បង្ហាញ​ពី​គម្រោង​ដំឡើង​ប្រព័ន្ធ​តាមដាន​ចរាចរ​ទូក ឬ​កប៉ាល់​នេសាទ​នៅ​លើ​ដែន​សមុទ្រ​កម្ពុជា ដើម្បី​គ្រប់គ្រង​និង​ត្រួតពិនិត្យ​បទល្មើស​នេសាទ។ ការ​បង្ហាញ​នេះ ធ្វើ​ឡើង​ដោយ​លោក​បណ្ឌិត Li Shen Tang នាយក​ផ្នែក​វិទ្យាសាស្រ្ត និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​នេះ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង។

លោក វេង សាខុន ក្នុងជំនួបជាមួយប្រតិភូក្រុមហ៊ុន CETC (រូបថត៖ ក្រសួង​កសិកម្ម)
លោក​ Li Shen Tang ក៏​បាន​ជម្រាប​ជូន​លោក​រដ្ឋមន្រ្តី​ផងដែរ​ពី​ប្រវត្តិ​របស់​ក្រុមហ៊ុន មុខងារ​និង​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ព័ត៌មាន​វិទ្យា បច្ចេក​វិទ្យា​លម្ហ​សមុទ្រ​និង​បាត​សមុទ្រ ប្រព័ន្ធ​រ៉ាដា​តាមដាន​កប៉ាល់-នាវា​នេសាទ ការ​គ្រប់គ្រង​វារី​វប្បកម្ម​សមុទ្រ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សមុទ្រ​ជាដើម។

ប្រព័ន្ធ​នេះ​បង្ក​ការ​ងាយស្រួល​ដល់​អាជ្ញាធរ​គ្រប់គ្រង​លម្ហ​សមុទ្រ ការ​នេសាទ​ខុស​ច្បាប់ ការ​បំពាន​ចូល​ដែន​សមុទ្រ ការ​កំណត់​ទីតាំង​តំបន់​ហាមឃាត់​ការ​នេសាទ កំណត់​ទីតាំង​ទូក​នេសាទ ការ​បញ្ជាក់​ពី​ប្រភព​ត្រី ​ទំនាក់​ទនង​ឬ​ការ​បញ្ជូន​ព័ត៌មាន​រវាង​អាជ្ញាធរ​និង​ទូក​នេសាទ និង​ប្រព័ន្ធ​ក្រើន​រំលឹក​ពី​ហានីភ័យ​ផ្សេងៗ​ឲ្យមាន​ប្រសិទ្ធភាព និង​រហ័ស​ទាន់ចិត្ត។

រូបតំណាង 

ជា​ការ​ឆ្លើយតប លោក​ វេង សាខុន បាន​ស្វាគមន៍​ចំពោះ​គម្រោង​ខាងលើ​នេះ ប៉ុន្តែ​លោក​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ជាមុន​សិន មុន​នឹង​បោះទុន​វិនិយោគ​លើការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ ពិសេស​ប្រភព​ទុន​នៃការ​ផ្តល់​ហិរញ្ញប្បទាន​វិនិយោគ និង​កិច្ច​ដំណើរការ​ឲ្យ​បាន​ហ្មត់ចត់ និង​ច្បាស់លាស់​ជាមួយ​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;