កូរ៉េ​ខាង​ត្បូង ចេញ​បម្រាម​ថ្មី មិន​ឲ្យ​កុមារ​តូច​រៀន​ភាសា​អង់គ្លេស

  • 2018-03-14 04:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង បាន​ដាក់​បម្រាម​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្មេង​តូច​នៅ​ថ្នាក់​ទី​១ និង​ថ្នាក់​ទី​២ រៀន​ភាសា​អង់គ្លេស​​ឡើយ។

ការ​ហាមប្រាម​យ៉ាង​ដូច្នេះ ព្រោះ​តែ​រដ្ឋាភិបាល​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​សមត្ថភាព​ប្រើប្រាស់​ភាសា​ដើម​កំណើត​របស់​​កុមារ​តូច នៅ​ពេល​ដែល​ពួក​គេ​ចាប់​ផ្ដើម​រៀន​ភាសា​បរទេស​នៅ​វ័យ​ក្មេង​ពេក។ ភាសា​អង់គ្លេស​នឹង​មិន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ទេ ទាល់​តែ​ដល់​ថ្នាក់​ទី​៣​ទើប​អាច​រៀន​បាន ពោល​គឺ​រង់ចាំ​ឲ្យ​កុមារ​រៀន​ភាសា​កូរ៉េ​ចេះ​ល្អ​ជា​មុន​សិន។

លោក Kwon Ji-yong មន្ត្រី​ក្រសួង​អប់រំ​កូរ៉េ​ខាង​ត្បូង រៀបរាប់​ថា៖ "យោង​តាម​អ្នក​ជំនាញ​អប់រំ​ភាសា​អង់គ្លេស​ជា​ច្រើន និង​អ្នក​ឯកទេស​សរសៃ​ប្រសាទ អាយុ​ដែល​គួរ​រៀន​អង់គ្លេស​ជា​ភាសា​ទី​២ គឺ​នៅ​ថ្នាក់​ទី​៣"។ ចំណែក​ឯ លោក Andy Kirkpatrick អ្នក​ជំនាញ​ភាសា​នៃ​សកល​វិទ្យាល័យ Griffith វិញ អះអាង​ថា ការ​ពន្យារ​ពេល​រៀន​ភាសា​បរទេស​គឺ​ល្អ​សម្រាប់​កុមារ ដោយ​ហេតុ​ថា ពួក​គេ​អាច​ស្វែង​រក​ច្បាស់​ពី​ភាសា​កំណើត ហើយ​អាយុ​ដែល​គួរ​រៀន​ភាសា​បរទេស​គឺ​នៅ​អាយុ ១១​ឆ្នាំ​ឡើង​ទៅ។

ជុំវិញ​នឹង​បម្រាម​ខាង​លើ អាណា​ព្យាបាល និង​គ្រូ​បង្រៀន​មួយ​ចំនួន បាន​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត ដោយ​ខ្លះ​យល់​ឃើញ​ថា វា​នឹង​អាច​ធ្វើ​ឲ្យ​តម្លៃ​សិក្សា​អង់គ្លេស​​នៅ​សាលា​ឯកជន​ឡើង​ថ្លៃ​ជាង​មុន ហើយ​គ្រូ​បង្រៀន​ជា​ច្រើន​ពាន់​នាក់​នឹង​បាត់បង់​ការងារ​​ធ្វើ​ជាក់​ជា​មិន​ខាន៕

ប្រភព៖ The Pie NEWS ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;