ពូទីន ឈ្នះការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ភ្លូកទឹកភ្លូកដី
- 2018-03-19 00:24:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីន ឈ្នះការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ភ្លូកទឹកភ្លូកដី
ចន្លោះមិនឃើញ
លោក វ៉្លាឌីមៀរ ពូទីន ដែលដឹកនាំប្រទេសរុស្ស៊ី ជិត២ទសវត្សមកហើយនោះ បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី កាលពីថ្ងៃអាទិត្យ ទី១៨ មីនាម្សិលមិញនេះ ដើម្បីបន្តធ្វើជាប្រធានាធិបតីរុស្ស៊ី ២អាណត្តិជាប់គ្នា (សរុប ៤អាណត្តិ) ឬយ៉ាងតិច ៦ឆ្នាំទៀត។
លទ្ធផលរាប់សន្លឹកឆ្នោតបឋម បានបង្ហាញថា លោកពូទីន បានទទួលសំឡេងគាំទ្រ ដល់ទៅជាង ៧៦% ឈ្នះដាច់បេក្ខភាព ៧នាក់ផ្សេងទៀត។ គូប្រជែងកៀកបំផុតរបស់លោកពូទីន គឺលោក Pavel Grudinin មកពីគណបក្សកុម្មុយនិស្ត ដែលបានទទួលតែ ១២ភាគរយប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរុស្ស៊ីដែលមានសិទ្ធិបោះឆ្នោត គឺមាន ១០៧លាននាក់ ប៉ុន្តែនៅបីម៉ោងមុនបិទការិយាល័យបោះឆ្នោត គឺមានអ្នកទៅបោះឆ្នោត តែ ៦០ភាគរយប៉ុណ្ណោះ។
គួររំលឹកផងដែរថា លោកពូទីន បានឈ្នះការបោះឆ្នោតប្រធានាធិបតី អាណត្តិទី១ នៅឆ្នាំ២០០០ មុនបន្តឈ្នះ១អាណត្តិទៀត នៅឆ្នាំ ២០០៤។ លោកសាររដ្ឋធម្មនុញ្ញរុស្ស៊ី បានកំណត់មិនឲ្យប្រធានាធិបតីកាន់អំណាចលើសពី ២អាណត្តិ លោកពូទីន បានទុកកៅអីប្រធានាធិបតីឲ្យលោក Dmitry Medvedev នៅឆ្នាំ២០០៨ ហើយលោកធ្វើជានាយករដ្ឋមន្រ្ដីវិញ។ នៅឆ្នាំ២០១២ លោកពូទីន បានឈរឈ្មោះប្រធានាធិបតីសាជាថ្មី ហើយបានឈ្នះឆ្នោតធ្វើជាប្រធានាធិបតី រហូតដល់បច្ចុប្បន្ន (អាណត្តិប្រធានាធិបតី ត្រូវប្ដូរពី ៤ឆ្នាំ ទៅ ៦ឆ្នាំ)៕