ជប៉ុន​ឲ្យ​កម្ពុជា​ជាង​៣៥​ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​ខេត្ត​ចំនួន​៤

  • 2018-03-19 23:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន​ជាង ៣៥​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​អគារសិក្សា​ចំនួន​៦​ខ្នង ស្ថិត​នៅក្នុង​គម្រោង​ខេត្ត​ចំនួន​៤ ក្រោម​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ ហៅ​កាត់​ថា គូ​សាណូ​ណិ។ ​

  • គម្រោង​ទី​១ គឺ​គម្រោង​សាងសង់​អគារសិក្សា​១​ខ្នង ដោយ​បំពាក់​បរិក្ខារ​សិក្សា នៅ​អនុវិទ្យាល័យ​ធ្លក​អណ្តូង ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​ថវិកា ៩០ ៧២៧ ដុល្លារ​អាមេរិក។ សិស្សានុសិស្ស​ចំនួន ២៩៨ នាក់ នឹង​អាច​សិក្សា​ក្នុង​បរិស្ថាន​ដែល​មាន​ផាសុខភាព និង​សុវត្ថិភាព ។

  • ​គម្រោង​ទី​២ គឺ​គម្រោង​សាងសង់​អគារសិក្សា​១​ខ្នង ដោយ​បំពាក់​បរិក្ខារ​សិក្សា នៅ​អនុវិទ្យាល័យ គោក​ងួន ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ក្រោម​ថវិកា ៨៧ ៨៧៩ ដុល្លារ​អាមេរិក។ សិស្សានុសិស្ស​ចំនួន ១៧១ នាក់ នឹង​អាច​សិក្សា​ក្នុង​បរិស្ថាន​ដែល​មាន​ផាសុខភាព និង​សុវត្ថិភាព។​

  • ​គម្រោង​ទី​៣ គឺ​គម្រោង សាងសង់​អគារសិក្សា​ចំនួន​២​ខ្នង នៅ​សាលាបឋមសិក្សា​ព្រះ​គន្លង និង​សាលាបឋមសិក្សា​អា​តោ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ក្រោម​ថវិកា​ចំនួន ៨៧.៤១៩ ដុល្លារ​អាមេរិក។ សិស្សានុសិស្ស​ចំនួន ១១១​នាក់ នឹង​អាច​សិក្សា​ក្នុង​បរិស្ថាន​ដែល​មាន​ផាសុខភាព និង​សុវត្ថិភាព។

  • ​គម្រោង​ទី​៤ គឺ​គម្រោង​សាងសង់​អគារសិក្សា​ចំនួន​២​ខ្នង នៅ​សាលាបឋមសិក្សា​ដំណាក់​កកោះ និង​សាលាបឋមសិក្សា​ល្បើក​ស្វាយ ស្រុក​ចេក ខេត្ត​បន្ទាយមានជ័យ ក្រោម​ថវិកា​ចំនួន ៨៦.៦១០ ដុល្លារ​អាមេរិក ។ សិស្សានុសិស្ស​ចំនួន ១៩៩​នាក់ នឹង​អាច​សិក្សា​ក្នុង​បរិស្ថាន​ដែល​មាន​ផាសុខភាព និង​សុវត្ថិភាព។​ ​

គូសបញ្ជាក់ថា ជំនួយឥតសំណង​គូ​សាណូ​ណិ​របស់​ជប៉ុន បាន​ចាប់ផ្តើម​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩១ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការអភិវឌ្ឍ និង​ស្ថាបនា​ឡើង​វិញ​នៅ​តាម​កម្រិត​មូលដ្ឋាន ។ ចាប់ពី​ឆ្នាំ​នោះមក រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា​ចំនួន​ជាង ៥៨​លាន​ដុល្លារ​អាមេរិក ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​គូ​សាណូ​ណិ​ចំនួន ៥៩៤ គម្រោង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;