ថៃ​ផ្ទុះ​កំហឹង​នឹង​នារី​វ័យ​ក្មេង​ម្នាក់ ដែល​លើក​ជើង និង​ដាក់​គូទ​អង្គុយ​លើ​កន្លែង​ស័ក្ដិសិទ្ធិ

  • 2018-03-22 07:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ត្រី​ជា​ជន​បរទេស​ម្នាក់ បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​ជា​ថ្មី​ទៀត​ហើយ នៅ​ក្នុង​ប្រទេស​ថៃ ដោយសារ​កាយវិការ​មិន​សមរម្យ​របស់​នាង​នៅ​ទីកន្លែង​ស័ក្ដិសិទ្ធិ​មួយ​កន្លែង។

បើ​តាម​រូប​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២១​មីនា ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នេះ​បាន​លើក​ជើង និង​ដាក់​គូទ​អង្គុយ​លើ​របារ​មួយ​កន្លែង​នៅ​ក្នុង​វត្ត​ព្រះកែវ ដែល​ជា​ទី​ហាមឃាត់​មិន​ឲ្យ​ប្រព្រឹត្ត​ទង្វើ​យ៉ាង​ដូច្នេះ​ឡើយ។ ក្នុង​រូប គេ​សង្កេត​ឃើញ​នាង​ឡើង​អង្គុយ​នៅ​ទីនោះ គឺ​ដើម្បី​ឲ្យ​មិត្តភ័ក្ដិ​ថត​រូប​តាម​ទូរសព្ទ។

រូបភាព​របស់​នារី​បរទេស​ខាង​លើ ត្រូវ​បាន​បង្ហោះ​ដោយ​គណនី​មួយ​ឈ្មោះ Aditha But Adit តែ​ឥឡូវ​ត្រូវ​បាន​លុប​ចោល​វិញ​បាត់​ទៅ​ហើយ។ ទោះ​ជា​លុប​ពី​គណនី​ក៏​ដោយ រូប​នោះ​ត្រូវ​គេ​យក​ទៅ​បង្ហោះ​ត​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម ហើយ​បង្ក​ជា​មតិ​រិះគន់​យ៉ាង​ច្រើន​សន្ធឹក។ នៅ​ក្នុង​ការ​បង្ហោះ​ដើម ម្ចាស់​រូប​បាន​សរសេរ​ថា៖ "ខណៈ​ខ្ញុំ​កំពុង​ព្យាយាម​គេច​ចេញ​ពី​ក្រុម​ទេសចរ​ជនជាតិ​ចិន ដើម្បី​បួងសួង​នៅ​វត្ត​ព្រះកែវ ភ្នែក​របស់​ខ្ញុំ​ស្ទើរ​តែ​លាន​ចេញ​មក​ក្រៅ​ហើយ​ពេល​ឃើញ​អ្នក​ស្រី​ម្នាក់​នេះ​អង្គុយ​ថត​រូប​យ៉ាង​ដូច្នេះ។ ខ្ញុំ​បម្រុង​ទៅ​នឹង​ព្រមាន​នាង​ដែរ តែ​នាង​បាន​ដើរ​ចេញ​ទៅ​បាត់។ វា​មិន​សមរម្យ​ទាល់​តែ​សោះ។ ត្បិត​នាង​ពុំ​បាន​ឃើញ​សញ្ញា​ព្រមាន​ក៏​ដោយ ក៏​នាង​មិន​គួរ​ហ៊ាន​ឡើង​អង្គុយ​លើ​កន្លែង​ស័ក្ដិសិទ្ធិ​នេះ​ទេ"។

គួរ​រំលឹក​ថា ធ្លាប់​មាន​ករណី​ស្រដៀង​គ្នា​នេះ​ដែរ​កាល​ពី​ពេល​កន្លង​មក ដោយ​មាន​បុរស​២​នាក់​បាន​ស្រាត​ខោ​ថត​ចេញ​គូទ នៅ​វត្ត​អារុណ ប្រទេស​ថៃ។ ទេសចរ​បរទេស​ទាំង​២​នាក់​ត្រូវ​បាន​ថៃ​ចាប់​ដាក់​គុក​អស់​រយៈពេល​២​សប្ដាហ៍ ហើយ​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស រួម​ទាំង​បញ្ជា​ឲ្យ​លុប​ចោល​គណនី Instagram របស់​ពួក​គេ ដែល​បាន​បង្ហោះ​រូបភាព​មិន​សមរម្យ​ចោល៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;