រាជរដ្ឋាភិបាល កំពុង​សិក្សា​រៀបចំ​ច្បាប់​អន្តោ​ប្រវេសន៍​ជាថ្មី

  • 2018-03-22 10:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល​កំពុង​គិតគូរ​សិក្សា​រៀបចំ​ច្បាប់​អន្តោ​ប្រវេសន៍​ជាថ្មី ដើម្បី​ឆ្លើយតប​ទៅនឹង​និន្នាការ​វិវត្តន៍​ប្រែប្រួល នៃ​ចរន្ត​តំបន់​ភាវូបនីយកម្ម និង​សកល​ភាវូប​នីយកម្ម។ ការ​ថ្លែង​បញ្ជាក់​ដូច្នេះ ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​មហា​ផ្ទៃ។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការងារ​គ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍​សម្រេច​បាន​សមទ្ធិផល​គួរឲ្យ​កត់​សម្គាល់ ពិសេស​ការ​បង្កើន​ការ​គ្រប់គ្រង​ជន​បរទេស​ចេញ​ចូល​​កម្ពុជា ការ​គ្រប់គ្រង​ជន​បរទេស​ដែល​កំពុង​តែ​ស្នាក់នៅ​ក្នុង​ប្រទេស និងការ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជន​បរទេស​កំពុង​កាន់កាប់​ប្រើប្រាស់​មិន​សមស្រប​ជាដើម។

យោងតាម​របាយការណ៍​​បង្ហាញ​ថា អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​រកឃើញ​ជន​បរទេស​អន្តោប្រវេសន៍​ចំនួន​ជាង ៤,៦​ម៉ឺន​គ្រួសារ ស្មើនឹង ១៧,៦ម៉ឺន​នាក់ ស្រី​ជិត ៨ម៉ឺន​នាក់។ ក្នុងនោះ​ជន​បរទេស​​អន្តោប្រវេសន្ត​កាន់កាប់​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​មាន​ចំនួន​ជាង ២ម៉ឺន​គ្រួសារ ស្មើ ៧,៣ម៉ឺន​នាក់ មាន ០៥​សញ្ជាតិ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;