គណបក្ស កែម ឡី ត្រូវ​ប្ដូរ​ឈ្មោះ​ថ្មី១​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់

  • 2018-03-24 03:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំណាង​ស្ថាបនិក​គណបក្ស ​កែម ឡី បាន​សម្រេច​ប្តូរ​ឈ្មោះ​ គណបក្ស កែម ឡី ទៅ​ជា​គណបក្ស ខ្មែរ​តែមួយ​ ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់​ស្តី​ពី​គណ​បក្ស​នយោបាយ​ ដែល​មិន​តម្រូវ​ឲ្យ​យក​តាម​ឈ្មោះ​រូបវន្ត​បុគ្គល​មកប្រើ​។

សញ្ញាសម្គាល់ គណបក្ស ខ្មែរតែមួយ
ពាក្យ​ស្នើ​សុំ​បង្កើត​គណបក្ស​ខ្មែរ​តែ​មួយ ​ត្រូវ​បាន​ដាក់​ចូល​ទៅ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​២០១៨​។ តាម​គម្រោង​ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​ គណបក្ស​ខ្មែរ​តែ​មួយ​ នឹង​ធ្វើ​ការ​រៀបចំ​សមាជ នៅ​ថ្ងៃ​ទី៨ ខែ​មេសា​ ឆ្នាំ២០១៨​ខាង​មុខ​នេះ។

សម្តេច ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី០៥ ខែ​មីនា ឆ្នាំ​២០១៨ បាន​ធ្វើ​លិខិត​ឆ្លើយតប​ទៅ​លោក​ គុជ លី តំណាង​ស្ថាប​និក​គណបក្ស កែម ឡី ដោយ​បាន​ស្នើ​ឲ្យ​បំពេញ​តាម​លក្ខខណ្ឌ​នានា​ដែល​បាន​កំណត់​ក្នុង​បទប្បញ្ញត្តិ​មាត្រា ១១​ថ្មី មាត្រា​១៩​ថ្មី និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។ ការ​ស្នើ​នេះ គឺ​​ដើម្បី​ឲ្យ​ការ​បង្កើត​គណបក្ស​ កែម ឡី ​ទទួល​បាន​ភាព​ត្រឹមត្រូវ និង​សុពល​ភាព ព្រមទាំង​អាច​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់។

ការ​ឆ្លើយតប​​របស់​សម្តេច ស ខេង យ៉ាង​ដូច្នេះ មាន​ន័យ​ថា ក្រសួង​​មហាផ្ទៃ​​មិន​អនុញ្ញាត​ឲ្យ​យក​ឈ្មោះ កែម ឡី មក​ប្រើ​ក្នុង​ការ​ដាក់​ឈ្មោះ​គណបក្ស កែម ឡី ឡើយ។ សូម​​ជម្រាប​ថា ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស កែម ឡី ត្រូវ​បាន​ដាក់​ចូល​ដល់​សម្តេច​ ស ខេង កាលពី​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៨។

សញ្ញាសម្គាល់ គណបក្ស កែម ឡី

យោង​តាម​មាត្រា​១១​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ បាន​ចែង​ថា គ្រប់​គណបក្ស​នយោបាយ​ត្រូវ​មាន​ឈ្មោះ និង​សញ្ញា​សម្គាល់​តាម​ការ​កំណត់​ដូច​ខាងក្រោម៖

១- ឈ្មោះ​ជា​អក្សរ​ពេញ ជា​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ ​ត្រូវតែ​ខុសគ្នា​ពី​ឈ្មោះ​ជា​អក្សរ​ពេញ ឬ​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​នានា។

២- ឈ្មោះ​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​ឡើង ដោយ​គ្រាន់តែ​កែ​សម្រួល​បន្តិច​បន្តួច​នៅ​លើ​ឈ្មោះ​គណបក្ស​នយោបាយ​នានា ឬ​យក​ឈ្មោះ​រូបវន្ត​បុគ្គល​មក​ដាក់​ឡើយ។

៣- សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ មិន​ត្រូវ​ចម្លង ឬ​យក​តាម​សញ្ញា​ជាតិ រូបភាព​តំណាង​ឲ្យ​សាសនា ប្រាសាទ​អង្គរវត្ត ឬ​ព្រះ​ឆាយាល័ក្ខណ៍ ឬ​រូបសំណាក​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​គ្រប់​អង្គ ឬ​រូបភាព​របស់​រូបវន្ត​បុគ្គល​ឡើយ​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;