មេដឹកនាំកូរ៉េខាងជើង លួចធ្វើដំណើរទៅកាន់ប្រទេសចិនជាលើកដំបូង?
- 2018-03-26 23:59:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំកូរ៉េខាងជើង លួចធ្វើដំណើរទៅកាន់ប្រទេសចិនជាលើកដំបូង?
ចន្លោះមិនឃើញ
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ឥឡូវនេះកំពុងស្ថិតនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ដែលដកស្រង់សម្ដីពីប្រភពសម្ងាត់ចំនួន៣រូប។
បើតាមប្រភព ដំណើររបស់លោក គីម ជុងអ៊ុន ធ្វើឡើងតាមរយៈរថភ្លើងសម្ងាត់១គ្រឿង ដោយមានក្បួនរថយន្តចាំហែហមយ៉ាងច្រើន។ ប្រសិនបើនេះជាការពិតប្រាកដមែន នោះវានឹងក្លាយជាដំណើរលើកដំបូងបង្អស់របស់មេដឹកនាំផ្ដាច់ការរូបនេះនៅក្រៅប្រទេស ក្រោយពីឡើងកាន់អំណាចកាលពីឆ្នាំ២០១១។
តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាច ទំនាក់ទំនងរវាងកូរ៉េខាងជើង និងចិន មិនសូវជាល្អនឹងគ្នាប៉ុន្មានទេ ពោលគឺមានភាពល្អក់កករច្រើន ដោយលោក គីម ជុងអ៊ុន តែងបង្ហាញពិភពលោកថា រដ្ឋាភិបាលក្រុងប៉េកាំងមានឥទ្ធិពលតិចតួចណាស់ចំពោះក្រុងព្យុងយ៉ាង។ យ៉ាងណាមិញ កាលពីថ្មីៗនេះ លោក គីម ជុងអ៊ុន បានបង្ហាញកាយវិការទន់ភ្លន់អំពីឆន្ទះចង់បើកការចរចាជាមួយនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ហេតុដូច្នេះហើយការចរចាជាមួយចិន ក៏ជារឿងមួយដែលអាចទៅរួចផងដែរ ដើម្បីកំណត់ជោគវាសនារបស់ឧបទ្វីបកូរ៉េ៕