នាយ វីតាមីនសេ បម្រើ​សិល្បៈ​ជិត​កន្លះ​សតវត្ស តាំង​ពី​វ័យ​១០​ឆ្នាំ

  • 2018-03-30 03:18:05
  • ចំនួនមតិ

ចន្លោះមិនឃើញ

នាយ​ វីតាមីនសេ ដែល​​ធ្លាក់​ខ្លួន​​​ឈឺ​ជំងឺ​ដុំ​សាច់​មហារីក​​​នៅ​បវិវេណថ្លើម និង​ទឹក​នោម​ផ្អែម​រ៉ាំរ៉ៃ ជា​យូរ​មក​ហើយ​នោះ​ បាន​ទទួលមរណភាព​ហើយ​កាល​ពីរំលង​អាធ្រាត្រ​ នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​២៩ ឈាន​​​ចូល​ថ្ងៃ​ទី​៣០ ខែមីនា​ ឆ្នាំ​២០១៨​នេះ។ លោក​ត្រូវ​បាន​មហាគ្រួសារ​ខ្មែរ​គ្រប់​វ័យ​ គ្រប់​តំបន់​ទទួល​ស្គាល់​ថា​ជា​​កំពូល​​តារា​កំប្លែង​ និង​សិល្បករ​ល្ខោន​បាសាក់​ដ៏​ល្បី​មួយ​រូប ត្បិត​លោក​​បាន​ប្រើការងារ​​ក្នុង​វិស័យ​​នេះ​អស់​កន្លះ​ជិត​​៥០​ឆ្នាំ​មក​ហើយ។

ត​ទៅ​នេះ គឺ​ជា​​ជីវ​ប្រវត្តិ​ និង​ដំណើរ​ជីវិត​តស៊ូ ដែល​លោក​តា វីតាមីនសេ បាន​ហែល​ឆ្លង​ក្នុង​រយៈ​កាល​​ជិត​៧០​ឆ្នាំ​​នា​ពេល​កន្លង​មក​៖

ស្ថានភាព​គ្រួសារ

លោក ម៉ៅ សាមឿន ហៅ​នាយ​វីតាមីន​សេ កើត​នៅ​ថ្ងៃ​ទី១៣ ខែ មេសា ឆ្នាំ ១៩៤៨ ស្ថិត​ក្នុង​ភូមិ​កោងកាង ឃុំ កោងកាង ស្រុក ពញាក្រែក ខេត្ត កំពង់ចាម។ លោក​គឺ​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៥នាក់​ ប្រុស៣ ស្រី២។ ប្អូន​របស់​លោក​ចំនួន២​នាក់ស្លាប់​​ក្នុង​របប​ប៉ុលពត។  ឪពុក​របស់​លោក​ឈ្មោះ​ ទូច ម៉ៅ​ និង​ម្ដាយ​ឈ្មោះ ឃឹម យា​ន ជា​កសិករ​ ដែល​ទទួល​មរណៈ​ភាព​ជាយូរមកហើយ។

លោក​រៀបអាពាហ៍ពិពាហ៍​នៅ​ឆ្នាំ១៩៧២ ជា​មួយ​អ្នក​ស្រី លីវ ស៊ីថា បច្ចុប្បន្ន​មាន​អាយុ៦៨ឆ្នាំ​ជា​មេផ្ទះ​។ លោក​មាន​កូន​ចំនួន៥នាក់ប្រុស២ ស្រី៣។ ក្នុង​ចំណោម​កូន​ទាំង​៥នាក់​របស់​លោក លោក​បាន​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយ​ជា​អ្នក​សិល្បៈ​បាន​ម្នាក់ គឺ អ្នក​ស្រី មឿន និមល ហៅ​ ប៉េងប៉ោង។

ប្រវត្តិ​ការសិក្សា

លោក​មិន​បាន​​ទទួល​ការ​អប់​រំ​ច្រើន​ទេ គឺ​រៀន​​បាន​ត្រឹម​ថ្នាក់​ទី៨ កាល​ពី​សម័យ​ដើម ដែល​ស្មើ​នឹង​ថ្នាក់​ទី៤ បច្ចុប្បន្ន​ប៉ុណ្ណោះ។ សាលា​ដែល​លោក​រៀន​មាន​​ឈ្មោះ​ថា  “សាលារៀន​វត្ត​ព្រះ​សម្បូរ”។ លោក​សិក្សា​បាន​ចំនួន២ឆ្នាំ បន្ទាប់​មក​បាន​ផ្លាស់​មក​រៀន​នៅ “សាលារៀន​ជាន់ដំបូង” ស្ថិត​ក្នុង ​ភូមិ​កោងកាង ឃុំ កោងកាង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។

ប្រវត្តិ​តស៊ូ និង​ដើមចម​ក្លាយ​ជា​អ្នក​សិល្បៈ

កាល​ពី​លោក​មាន​អាយុ​ប្រហែល១០​ឆ្នាំ ឪពុក​របស់​លោក​បាន​ស្លាប់​ចោល​ដោយ​សារ​ជំងឺ។ ក្រោយ​ពី​ឪពុក​របស់​លោក​បាន​​​លាចាក​ទៅ ទ្រព្យសម្បត្តិ ដីធ្លី និង ​ផ្ទះ​របស់​​ក្រុម​គ្រួសារ​លោក ​ត្រូវ​បាន​ម្ចាស់​បំណុល​រឹប​អូស​យក​អស់។ កាល​ណោះ​លោក​នៅ​ក្មេង​ពេក មិន​ដឹង​ថា ឪពុក​របស់​លោក​ជំពាក់ប្រាក់គេ​ដោយ​សារ​រឿង​អ្វី​នោះ​ទេ។ ក្រោយ​ពី​ត្រូវ​បាន​ម្ចាស់​បំណុល​រឹប​អូស​ទ្រព្យ​សម្បត្តិ ដីធ្លី និង​ផ្ទះ​អស់​ហើយ ម្ដាយ​និង​ប្អូន​ៗ​របស់​លោក បាន​ចាក​ចេញ​ពី​ស្រុក​កំណើត  ទៅ ​រស់​នៅ​ក្នុង​ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ដែល​ជា​ស្រុក​កំណើត​​ម្ដាយ​របស់​លោក។

ចំណែក​​រូប​លោក​ត្រូវ​បាន​ម្ដាយ យក​ទៅ​ឲ្យ​ស៊ីឈ្នួល​បម្រើ​នៅ​ផ្ទះ​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​មួយ ​ក្នុង​ទឹកដី​ស្រុក​ពញាក្រែក។ តម្លៃ​​​ពលកម្ម​ជា​អ្នក​បម្រើ​គេកាលណោះ ​គឺ​គិត​ជា​ស្រូវ​៣០ថាំង​ក្នុង១ឆ្នាំ ។ ការងារ​ដែល​លោក​ធ្វើ​​កាល​ណោះ មាន​ដូច​ជា មើល​គោ​ ក្របី ធ្វើ​ស្រែ​ចម្ការ និង​រែក​ទឹក ជា​ដើម។

ដោយ​ការងារ​បម្រើ​គេ​នេះ​ពិបាក​ពេក លោក​ធ្វើ​​បាន​​តែ៦ខែ​ប៉ុណ្ណោះ ក៏​សុំ​ឈប់​វិញ។ ដូច្នេះ លោក​ត្រូវ​វិល​ទៅ​​រស់​នៅ​ជា​មួយ​ម្ដាយ​ និង​ប្អូន​ៗ​ចំនួន៤​នាក់​ទៀត​នៅ​ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត កំពង់ចាម​។ ដោយ​សារ​ជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ លោក​ត្រូវ​ទទួលរ៉ាប់រង​ការងារ​ជា​ច្រើន​ដើម្បី ​ចិញ្ចឹម​ប្អូន​ៗ​ជា​មួយ​ម្ដាយ។ លោក​ត្រូវ​ទូល​ពោត​ស្ងោរ នំអាកោ រែក​ទឹកត្នោត រាវ​ខ្ចៅ​ខ្យង យក​ទៅ​លក់​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ។ នៅ​អាយុ​ប្រហែល​ជា​១៣​ឆ្នាំ ដោយ​សារ​តែ​គ្រួសារ​នៅ​តែ​មាន​ជីវភាព​លំបាក គួបផ្សំ​លោក​មាន​និស្ស័យ​ផ្នែក​សិល្បៈ​ផង​នេះ លោក​បាន​សុំ​ម្ដាយ​របស់​លោក ចូល​លេង​ល្ខោន​បាសាក់ ក្នុង​វង់​ល្ខោន "​តា​អូក្លូញ​” ស្ថិត​ក្នុង​​​ស្រុកកំណើត។

លោក ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ម្ដាយ​របស់​លោក​មិន​ចង់​ឲ្យ​លោក​ធ្វើ​ជា​អ្នក​សិល្បៈ​​នោះ​ទេ គាត់​បាន​មក​ហៅ​លោក​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ញឹកញាប់ ប៉ុន្តែ​ដោយសារ​តែ​លោក ​មាន​​និស្ស័យ​ខាង​សិល្បៈ​​ខ្លាំង​ពេក លោក​បាន​អង្វរ​ម្ដាយ​ សុំ​លេង​ល្ខោន​បាសាក់​នេះ​បន្ត​ទៀត ដោយ​សន្យា​ចំពោះ​មុខ​ម្ដាយ​ថា នៅ​ពេល​ដែល​លោក​រកស៊ី​មាន​បាន ​ទើប​លោក​ត្រឡប់​មក​ជួប​ម្ដាយ​វិញ ប៉ុន្តែ​​បើ​មិន​មាន​បាន​ទេ លោក​មិន​ត្រឡប់​មក​​ជួប​ម្ដាយ​របស់​លោក​វិញ​ឡើយ។

ម្ដាយ​របស់​លោក គ្រាន់តែ​បាន​ឮពាក្យ​លោក​និយាយ​ដូច​នេះ លោកស្រីបាន​យំ​ជា​ខ្លាំង ដោយ​ក្ដី​អាណិត​ ​ព្រោះ​​គិត​ថា​លោក​នៅ​ក្មេង​ពេក។ ​ក្រោយ​មក​ម្ដាយ​របស់​ តាវីតាមីនសេ ក៏​យល់ព្រម ហើយ​លោក​​​បាន​ចាកចេញ​ពី​ម្ដាយ​មក​រស់​នៅ​ក្នុង​វង់ល្ខោន "តា​អូក្លូញ" តែ​ម្ដង។ ដំបូង​ឡើយ​លោក​​ធ្វើ​ជា​អ្នក​​វាយ​ស្គរ វាយ​ឆឹង​ជា​ដើម។

ក្រោយ​មក​ លោក​ក៏​បាន​ប្ដូរ​ពី​វង់​ល្ខោន "តា​អូក្លូញ" មក​ចូល​លេង​ក្នុង​វង់​ល្ខោន "អ្នក​ទម្លាប់" ដែល​​មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​របស់​លោក​ដែរ តែ​លេង​បាន​ប្រហែល​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ក៏​បាន​​ផ្លាស់​មក​ចូល​លេង​ក្នុង​វង់​​ល្ខោន “ថីឌុល” ក្នុង​ទឹក​ដី​ខេត្ត​បាត់​ដំបង​វិញ ដែល​មាន​​បងធម៌ ឈ្មោះ ប៉ែន សន ជា​តួឯក​ក្នុង​វង់​នេះ ។

លេង​​បាន​ប្រហែល​តែ​១​ឆ្នាំ​ដូច​គ្នា លោក​ក៏​មាន​ឱកាស​ចូល​មក​លេង​ក្នុង​​វង់​ល្ខោន "បាក់​ស្រេង” នៅ​ឯ​ក្រុង​ភ្នំពេញ​ជា​មួយ​បង​ធម៌​របស់​លោក​ឈ្មោះ ប៉ែន សន។ ត្រង់​នេះ​ លោក​បាន​បញ្ជាក់​​ថា កាល​ណោះ​ថៅកែ បាក់​ស្រេង និង​អ្នក​ស្រី អ៊ុន វ៉ាង បាន​ទិញ​​បង​ធម៌​របស់​លោក​មក​ចូល​ក្នុង “វង់​ល្ខោន បាក់​ស្រេង”  ព្រោះ​​នៅ​សម័យ​នោះ​លោក ប៉ែន សន គឺ​តួឯក​ល្ខោន​ដែល​ល្បី​ជាង​គេ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ ​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​លោក​បាន​ចូល​លេង​ក្នុង វង់​ល្ខោន បាក់​ស្រេង លោក​បាន​ចេះ​​ពី​របៀប​លេង​ល្ខោន​ច្រើន និង​អាច​សម្ដែង​បាន​គ្រប់​តួ​ទាំង​អស់ ព្រោះ​វង្ស​នេះ ជា​វង្ស​ល្ខោន​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កាល​ពី​សម័យ​នោះ មាន​រហូត​ដល់​ទៅ​៣វង្ស​ឯណោះ  ហើយ​​មាន​គ្រួ​​ជំនាញ​ខាង​ល្ខោន​បាសាក់​ជួយ​បង្ហាត់​លោក​ជា​ច្រើន​ទៀត។

លោក ​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​លេង​ក្នុង​វង់​ល្ខោន​​ បាក់​ស្រេង ​បាន​ច្រើន​ឆ្នាំ​គួរសម។ នៅ​ឆ្នាំ ១៩៦៩លោក​បាន​ឈប់​ពី​វង់ល្ខោន​ បាក់​ស្រេង មក​ចូល​លេង​ក្នុង វង់​​ល្ខោន "ឃុនព្រះម្នាងយិន តាត" នៅ​​ជិត​ផ្សា​ស៊ីឡឹប រហូត​ដល់​របប​លោក លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ ទម្លាក់​សម្តេចឪថ្ងៃ១៨ មីនា ១៩៧០ ​ទើប​ឈប់ ហើយ​បាន​មក​ចូល​លេង​ក្នុង​វង់​ល្ខោន បាក់​ស្រេង ម្ដង​ទៀតរហូត​ដល់​ឆ្នាំ១៩៧៥ របប​ប៉ុលពត​តែ​ម្ដង។

នៅ​ឆ្នាំ១៩៧២ លោក​រៀបអាពាហ៍ពិពាហ៍ ​​ជា​មួយ​អ្នក​ស្រី លីវ ស៊ីថា ដែល​ជា​អ្នក​លក់ដូរ នំចំណី​នៅ មុខ​​វង់ល្ខោន។ ភរិយា​របស់​លោក​គឺ ​ជា​អ្នក​​រស់នៅ ក្នុង​សង្កាត់​កាកាប ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជីវិត​ក្នុង​របប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ​

នៅ​ក្នុង​របប​៣ ឆ្នាំ ៨ ខែ និង​២០​ថ្ងៃ លោក និង​ភរិយា​របស់​លោក​ត្រូវ​បាន​ខ្មែរ​ក្រហម ជម្លៀស​ទៅ​ធ្វើ​ការ​ក្នុង​ ឃុំ​អូរតាគី ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង។ ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ឯ​ទៀត​ដែរ កាល​ណោះ​ខ្មែរក្រហម​បាន​​បង្ខំ​ឲ្យ​លោក និង​ភរិយា​ធ្វើ​ការ​យ៉ាង​លំបាក​វេទនា​បំផុត ក្នុង​ការងារ​ដូច​ជា ជីក​ប្រឡាយ លើក​ទំនប់ ធ្វើ​ស្រែចម្ការ​ជា​ដើម។ ជាក់​ស្ដែង អាង​ទឹក​កំពីងពួយ សព្វ​ថ្ងៃ​នេះ ក៏​មាន​តំណក់​ញើស និង​ភាព​ឈឺចាប់​របស់​លោក​បង្កប់​នៅ​ទី​នោះ​ដែរ ដែល​ទិដ្ឋភាពហូប​មិន​ឆ្អែត ហើយ​​ធ្វើ​ការងារ​​លើស​កម្លាំង​​នេះ លោក​បញ្ជាក់​ថា មិន​អាច​បំភ្លេច​បាន​ទេ​មួយ​ជីវិត​​នេះ ។ នៅ​ឆ្នាំ១៩៧៧ ភរិយា​របស់​លោក បាន​បង្កើត​កូន​ស្រី​មួយ​ឈ្មោះ មឿន និមល ហៅ​ប៉េងប៉ោង ដែល​ជា​តារា​កំប្លែង​បច្ចុប្បន្ន។

ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩

បន្ទាប់​ពី​​​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ នា​ថ្ងៃ០៧ មករា ១៩៧៩ លោក និង​ក្រុម​គ្រួសារ​មិន​បាន​ត្រឡប់​មក​ស្រុក​កំណើត​ឯ​ខេត្ត​កំពង់​ចាម​វិញ​ទេ គឺ​បន្ត​រស់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​តែ​ម្ដង។ មូល​ហេតុ​ដែល​លោក​មិន​ចង់​វិល​មក​ស្រុក​កំណើត​ឯ​ខេត្ត​កំពង់​ចាម​វិញ ព្រោះ​លោក​គិត​ថា  លោក​បាន​ស្គាល់​អ្នក​ស្រុក​នៅ​ទី​នោះ​ច្រើន​ហើយ ព្រោះ​កាល​ដែល​​លោក​នៅ​លេង​ល្ខោន​ លោក​មាន​មិត្តភ័ក្ដិ​ច្រើន​ណាស់​នៅ​ក្នុង​ខេត្ត​​នេះ ហើយ​ម្យ៉ាង​ទៀត លោក​នឹង​នៅ​ប្រកបរបរ​ជា​អ្នក​លេង​ល្ខោន​នៅ​ទី​នោះ​តែ​ម្ដង​។

លោក និង​នាយ ព្រួញ មាស បាន​ប្រមែប្រមូល​សិល្បករ សិល្ប​ការិនី​ដែល​សេស​សល់​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មៅ​ងងឹត បង្កើត​ជា​ក្រុម​ល្ខោន​មួយ​ដែល​មាន​ឈ្មោះ​ថា "ក្រុម​សិល្បៈ​មហាជន” នៅ ​ក្ដុលដូនទាវ ខេត្ត បាត់ដំបង។ ក្រុម​ល្ខោន​របស់​លោក​កាល​ពី​សម័យ​នោះ បាន​ដើរលេង​គ្រប់​ច្រក​ល្ហក ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង ដោយ​​ដូរ​យក​អង្ករ ព្រោះ​កាល​នោះ​គេ​មិន​ចាយ​លុយ​ទេ។

លោក​បាន​ឲ្យ ​ដឹង​ថា កាល​ណោះ​ តួឯក​ល្ខោន​តម្លៃ​ខ្លួន​១យប់​បាន ៣០ កំប៉ុង​អង្ករ ហើយ​តួ​រាយរង​បាន១០ កំប៉ុង។ ដោយ​សារ​តែ​ការ​ស្រលាញ់​សិល្បៈ​ក្រុម​របស់​លោក​បាន​លេង​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង រហូត​មាន​ការ​ទទួល​ស្គាល់​ពី​មន្ទីរ​ឃោសនាការ និង​ព័ត៌មាន​ខេត្ត​ទៀត។ នៅ​ឆ្នាំ១៩៨៩  ក្រុម​​សិល្បៈ​មហាជន​របស់​លោក​ បាន​ចូល​រួម​ប្រឡងប្រជែង ក្នុង​កម្មវិធី​​មហោស្រព​សិល្បៈ​មហាជន​ទូទាំង​ប្រទេស នៅ​សាល​មហោស្រព​ទន្លេ បាសាក់។

កាល​នោះ​ក្រុម​របស់​លោក​បាន យក “រឿង​លំពែង​ផ្ដាច់​ជីវិត” យក​មក​ប្រកួត ។ រឿង លំពែង​ផ្ដាច់​ជីវិត ដែល​ក្រុម​របស់​លោក​យក​មក​ចូល​​រួម​ប្រកួត​នេះ គឺ​ជា​ការ​និពន្ធ ដោយ​រូប​លោក និង​នាយ​ព្រួញ មាស ព្រម​ទាំង​មាន​ការ​ចូល​រួម​ខាង​មន្ទីរ​ឃោសនាការ និង​ព័ត៌មាន​ខេត្ត​បាត់ដំបង​ផង  ។ ជា​លទ្ធផល​ក្រុម​របស់​លោក​បាន ទទួល​បាន​​ពាន​រង្វាន់ លេខ២ ខាង​សម្ដែង  និង​ពាន​រង្វាន់​លេខ១ ខាង​និពន្ធ រឿង។

ដោយ​​មើល​ឃើញ ​ពី​ស្នាដៃ​និពន្ធ​រឿង​របស់​លោក​មាន​ការ​រីកចម្រើន នាយ​ព្រួញ មាស បាន​ទាក់​ទង ផលិត​កម្ម​នៅ​ឯ​ភ្នំពេញ​ដើម្បី​ឲ្យ​លោក​បាន​ចូល​ធ្វើ​ការ។ នៅ​ចុង​ឆ្នាំ១៩៨៩ លោក​បាន​មក​​ភ្នំពេញ ដោយ​ធ្វើ​ការ​ជា​អ្នក​និពន្ធ​រឿង និង​ជា​តារា​សម្ដែង​ឲ្យ​ផលិតកម្ម​មួយ នៅ​​ក្នុង​ក្រុង​ភ្នំពេញ។  លោក​មិន​បាន​ចាំ​ឈ្មោះ​ផលិត​កម្ម ដែល​លោក​បាន​ចូល​ធ្វើ​ការ​​នោះ​ទេ ប៉ុន្តែ​លោក​នៅ​ចាំ​ឈ្មោះ​ថៅកែ គឺ​​ឈ្មោះ យាយ រ៉ាន់ នៅ​ទួលគោក។

ក្រោយ​មក ​លោក​ក៏​បាន​ស្គាល់​អ្នក​កំប្លែង​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា នាយ ជ្រុញ នាយ កុយ នាយក្រឹម សានម៉ៅ  នាយហើម នាយ​ម្ទេសប្លោក និង​តួ​ជា​ច្រើន​ទៀត រួច​ហើយ​ក៏​មាន​ឱកាស​ចូល​លេង​កំប្លែង​​ជា​មួយ​គ្នា​តែ​ម្ដង។ មក ​ដល់​ត្រង់​​ចំណុច​នេះ​ លោក​បញ្ជាក់​ថា កាល​នៅ​លេង​ល្ខោន​ឯ​ខេត្ត​បាត់ដំបង លោក​ត្រូវ​បាន លោក ប៉ែន សេង ហៅ នាយ ស៊ុយ ដែល​ជា​តារា​កំប្លែង​ដៃគូ តា​ម៉ុងដូលីន លោក ឆោម ឆន ( ឪពុក​​អ្នក​ស្រី ឆោម ឆវិន លោក ឆោម ប៊ុនយ៉ុង ) និង​ថៅកែ បាក់ ស្រេង បាន​ដាក់​ឈ្មោះ ឲ្យ​លោក ថា វីតាមីន ។ ប៉ុន្តែ ក្រោយ​មក​ នាយ​ជ្រុញ នាយ​កុយ នាយ​ក្រឹម នាយ​សានម៉ៅ  នាយ​ហើម នាយ​ម្ទេសប្លោក ជា​ដើម ​បាន​បន្ថែម​ឈ្មោះ​​​ឲ្យ​លោក​មួយ​ទៀត​ថា "សេ” ទៅ​ជា "​វីតាមីន​សេ​" តែ​ម្ដង។

មក​ភ្នំពេញ លោក​បាន​​មក​រស់​នៅ​ក្នុង​តំបន់​អាណាធិបតេយ្យ​ជា​មួយ​ក្រុម​សិល្បៈ​យោធា ក្នុង​សង្កាត់​ទឹក​ល្អក់​២ ជិត​ផ្សារ​ទួលគោក ហើយ​ក្រោយ​មក​បាន​ចូល​បម្រើការ​​ជា​យោធា​ផ្នែក​សិល្បៈ របស់​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ។ បច្ចុប្បន្ន​លោក​គឺ​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​មាន​ឋានន្តរស័ក្ដិ​វរសេនីយ៍ឯក “សក្ដិ​៥”។ ក្រោយ​មក ​លោក​ក៏​បាន​ទិញ​ដី​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ហើយ​​​​សង់​ផ្ទះ​បាន​ចំនួន២ ល្វែង ដែល បាន និង​កំពុង​រស់​នៅ​បច្ចុប្បន្ន។

ទស្សនិកជន​ចាប់​ផ្ដើម​ស្គាល់​កាន់​តែ​ច្រើន

ទស្សនិកជន​ចាប់​ផ្ដើម​ស្គាល់​លោក​កាន់​តែ​​ច្បាស់​នៅ​ខ្ទង់​ឆ្នាំ​១៩៩២  គឺ​បន្ទាប់​ពី​លោក បាន​​សម្ដែង ក្នុង​កម្មវិធី​កំប្លែង​របស់​ទូរទស្សន៍​ជាតិ ជា​មួយ​តារា​កំប្លែង​​ជើង​ចាស់​ដូច​ជា នាយ​ ស៊ីត្រូ  នាយ​សង់ស៊ីស នាយ​ម្ទេស​ប្លោក នាយ​ជ្រុញ  នាយ​ប៉ិកគក់ យាយ​ណាង យាយ​យ៉យ យាយ​អឿន នាយ​កុយ​ជា​ដើម។ បន្ទាប់​មក​ក៏​ចាប់​ផ្ដើម​ថត​ខ្សែភាពយន្ត  ខារ៉ាអូខេ និង​រឿង​កំប្លែង​ជា​ច្រើន​សម្រាប់​លក់​ក្នុង និង​ក្រៅ​ស្រុក។

ក្រោយ​ពី​ទូរទស្សន៍​ឯកជន និង​ផលិត​កម្ម​ក្នុង​ស្រុក​ចាប់​ផ្ដើម​បង្កើត​កាន់​តែ​ច្រើន  លោក​ក៏​ដូច​ជា​តារា​កំប្លែង​ផ្សេងៗ​ទៀត​បាន​បែក​គ្នា​ជា​បណ្ដើរ ដោយ​ត្រូវ​បង្កើត​ក្រុម​កំប្លែង​តូច​ៗ​រៀង​ៗ​ខ្លួន  ដើម្បី​តម្រូវ​ការ​ទី​ផ្សារ​សិល្បៈ។ កាល​ណោះ​ លោក​បាន​បង្កើត​ក្រុម​កំប្លែង​ផ្ទាល់​ខ្លួន​មួយ​ដែល​មាន​ឈ្មោះ​ថា “ក្រុម​កំប្លែង​នាយ​វីតាមីន​សេ" ដែល​មាន​សមាជិក​ដូច​ជា នាយ​ស៊ីត្រូ នាយ​​សង់​ស៊ីស យាយ​ណាង នាយ​សេត នាយ​ស្វិត នាយ​ឆើត នាយ​តឹង នាង​បុទុម និង នាង​ប៉េងប៉ោង ដែល​ជា​កូន​របស់​លោក​ជា​ដើម។

ចេញ​សម្ដែង នៅ​បរទេស និង​ស្នាដៃ​ដែល​ទទួល​បាន

ចំពោះ ​ការ​ចេញ​សម្ដែង​នៅ​ក្រៅ​ប្រទេស លោក​ធ្លាប់​ចេញ​​ទៅ​សម្ដែង​​បាន​ចំនួន​២ប្រទេស ក្នុង​​នោះ​មាន​​ដូច​ជា ​សហរដ្ឋអាមេរិក​​មួយ​លើក ក្នុង​​ឆ្នាំ១៩៩៤ ដែល​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ​តែ​ម្ដង។ ក្រោយ​មក បាន​ទៅ​សម្ដែង នៅ​ប្រទេស​បារាំង​ម្ដង​ដែរនៅ​ឆ្នាំ២០០១។

ចំពោះ ប័ណ្ណសរសើរ មេដាយ ព្រមទាំង​គ្រឿងឥស្សរិយយស​វិញ លោក​បាន​ប្រាប់​ថា លោក​ធ្លាប់​បាន​ទទួល​ច្រើន ​គួរសម ប៉ុន្តែ​ប័ណ្ណសរសើរ និង​គ្រឿងឥស្សរិយយស មួយ​ចំនួន​ត្រូវ​បាន​បាត់បង់​អស់​ខ្លះ​បន្ទាប់​ពី​លោក ឧស្សាហ​រើផ្ទះ​ច្រើន​លើក​ពេក។ បច្ចុប្បន្ន​នៅ​សល់​តែ ២ឬ៣ ប៉ុណ្ណោះ ក្នុង​នោះ​មាន​ប័ណ្ណសរសើរ ចេញ​ដោយ​លោក​នាយករដ្ឋមន្ត្រី ចំនួន២ លើក​ផង​ដែរ។

ស្ថាន​ភាព​សុខភាព​បច្ចុប្បន្ន

លោក​​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ​នៅ​ឆ្នាំ២០០៧​ រហូត​ដល់​ឆ្នាំ​២០០៩​។ ក្នុង​នោះ​លោក​ធ្លាប់​ឆ្លងកាត់​ការ​សង្គ្រោះ​បន្ទាន់​រហូត​ដល់​ទៅ​៦លើក។​ ជាមួយ​គ្នា​​នោះ​លោក​ធ្លាប់​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ចំនួន​២លើក​ និង​ថៃ​១​លើក​។​ ជំងឺ​របស់​លោក​គឺ​ជា​ប្រភេទ​ជំងឺ​លើស​ឈាម​ទឹកនោម​ផ្អែម​ឈឺ​តាម​សន្លាក់​ជា​ដើម។​ កាល​ពី​ឆ្នាំ​២០១៥​ លោក​បាន​​កើត​ជំងឺ​មួយ​មាន​ឈ្មោះ​ថា "​បូស​អន្ទង់​" ដោយ​សំណាង​ល្អ​លោក​បាន​ព្យាបាន​​ជោគជ័យ។

ភាព​ល្អ​ប្រសើរ​មិន​យូរអង្វែង​​បុរស​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ប្រាណ​នេះ​ ក៏​បាន​ធ្លាក់​ខ្លួន​កើ​ត​ជំងឺ​ដុំ​សាច់​មហារីក​នៅ​​បរិវេណ​​ថ្លើម ហើយ​​បាន​ទទួល​អនិច្ចកម្ម​នៅ​វ័យ​​៦៩​ឆ្នាំ៕


អត្ថបទ៖ ខុត សីហា