Real Madrid ស៊ុត ៣០ជើង តែ​បាន​ត្រឹម​ស្មើ Atletico Madrid

  • 2018-04-08 23:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អធិរាជ​ ស Real Madrid បាន​គ្រប់គ្រង​បាល់ ៦៩ភាគរយ និង​ស៊ុត ៣០ដង ប៉ុន្តែ​បាន​ត្រឹម​ស្មើ ១-១ ទល់​នឹង​ក្រុម​គូ​ប្រជែង​រួម​ទីក្រុងម៉ាឌ្រីត Atletico Madrid ដែល​ស៊ុត​បាន​តែ ៩ដង និង​គ្រប់គ្រង​បាល់​បាន​តែ ៣១ភាគរយ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី៣១ នៃ​លីគ​កំពូល​អេស្ប៉ាញ La Liga កាលពីយប់មិញនេះ។ (វីដេអូ​ហាយឡាយ​ មាន​នៅ​ផ្នែក​ខាង​ក្រោម​នៃ​អត្ថបទ)

Ronaldo អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី
នៅ​ក្នុង​ការ​ប្រកួតនោះ ក្រុម​ទាំង​២ បាន​រក្សា​លទ្ធផល​ស្មើ ០-០ ក្នុង​តង់​ទី១។ ឈាន​ដល់​នាទី ៥៣ ទើប​កីឡាករ​ Cristiano Ronaldo ស៊ុត​បំបែក​ពងមាន់​បាន​សម្រេច។ យ៉ាងណាក្ដី ក្រុម​ម្ចាស់ផ្ទះ អាច​រក្សា​លទ្ធផល​នាំមុខនេះ បាន​ត្រឹម ៤នាទី ក៏ត្រូវ​ក្រុម​ភ្ញៀវ​តាម​ស្មើ​វិញ ដែល​ស៊ុត​ដោយខ្សែ​ប្រយុទ្ធ​បារាំង Antoine Griezmann។
Griezmann អបអរ​ក្រោយ​ស៊ុត​តាម​ស្មើ

គួរ​ឲ្យ​កត់​សម្គាល់​ផងដែរថា ១គ្រាប់​របស់ Ronaldo ជា​គ្រាប់​បាល់​ទី២០ ក្នុង ១០ប្រកួត​ចុងក្រោយ ហើយ​ក៏​ជា​គ្រាប់​បាល់​ទី ៦៥០ ក្នុង​អាជីព​របស់កីឡាករ​ព័រទុយហ្គាល់​រូបនេះ​ផងដែរ។ កីឡាករ​រូបនេះ ត្រូវ​គ្រូ​បង្វឹក Zinedine Zidane ប្ដូរ​ចេញ​នៅ​ ២៦នាទី​ចុងក្រោយ ដើម្បី​សម្រាក​ត្រៀម​ប៉ះ Juventus ក្នុង​ជើង​ទី២ វគ្គ​ ៨ក្រុម​ចុងក្រោយ UEFA Champions League ថ្ងៃ​ពុធ​សប្ដាហ៍​នេះ។

Benzema ប្ដូរ​ចូល​ជំនួស Ronaldo

Zidane បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ "យើង​មាន​ការ​ប្រកួត​ជាច្រើន​ទៀត ដូច្នេះ​គាត់ (Ronaldo) ត្រូវ​ការ​សម្រាក​ខ្លះ។... ខ្ញុំរីករាយ​ចំពោះ​ទម្រង់​លេង​របស់​ក្រុម ប៉ុន្តែ​វា​ក៏​ជា​រឿង​ដ៏​អាម៉ាស​ដែរ ដែល​យើង​មិន​អាច​យក​ជ័យជម្នះ​បាន ហើយ​ស្ទើ​តែ​ភ្លាត់​ចាញ់​ចុង​ម៉ោង​ថែម​ទៀត​ផង"។

សូម​បញ្ជាក់ថា លទ្ធផល​ស្មើ ១-១ នេះ ធ្វើ​ឲ្យ Atletico នៅ​តែ​ឈរ​លេខ២ ក្នុង​តារាង​ពិន្ទុ លើស​ក្រុម Real ដែល​ឈរ​លេខ៤ ចំនួន ៤ពិន្ទុ ប៉ុន្តែ​ចាញ់​ក្រុម​កំពូល​តារាង Barcelona ចំនួន ១១ពិន្ទុ៕

ស្ថិតិ​នៃ​ការ​ប្រកួត (រូបភាព BBC)

ទស្សនា​វីដេអូ​ហាយឡាយ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;