ទិដ្ឋភាព​ភូមិ​ខ្មោច​​ដ៏​អាថ៌កំបាំង នៅ​ខេត្តរតនគីរី

  • 2018-04-17 03:00:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 769

ចន្លោះមិនឃើញ

​ភូមិ​​​ខ្មោច​ជនជាតិ​ភាគ​តិច​​​កាចក់​ដ៏​អាថ៌កំបាំង​ ដែល​ស្ថិត​នៅ​​ភូមិ​​​កោះ​ពាក្យ ​ឃុំ​កោះ​ពាក្យ​ ស្រុក​វើនសៃ​ ​​ខេត្ត​រតនៈគិរី​ ​​បាន​បង្កប់​​នូវ​​អប្បិយជំនឿ​ដ៏​​​​រន្ធត់​ព្រឺព្រួច សូម្បី​​ម៉ោង​១២​កណ្ដាល​​​​ថ្ងៃ​ត្រង់ ​​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ដែរ ​ព្រោះ​គេ​មាន​ជំនឿ​ថា ​​ខ្មោច​មាន​ឥទ្ធិពល​កាច​សាហាវ​ណាស់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ស៊ី សាវ៉េត អ្នក​នាំភ្ញៀវ​ទេសចរ នៅ​ខេត្ត​រតនគិរី។

លោក​ ​ស៊ី ​សាវ៉េត​ បាន​បញ្ជាក់ថា ​​កា​ចក់​ ​ជា​ជនជាតិ​ភាគ​​តិច​មួយ ក្នុង​ចំណោម​ជនជាតិ​ភាគ​តិច​ទាំង​៦​ នៅ​ខេត្ត​រតនគិរី ហើយ​​បច្ចុប្បន្ន​​ជនជាតិ​នេះ​ នៅ​សល់​តិច​ជាង​គេ​បំផុត។ ពួកគេ​មាន​ភូមិ​២​ គឺ​ភូមិ​មួយ​សម្រាប់​ពួកគេ​រស់​នៅ និង​ភូមិ​មួយ​ទៀត​ ជា​ភូមិ​ខ្មោច​​ ​មាន​​ផ្ទៃ​ដី​រាប់​សិប​​ហិកតា ​សម្រាប់​កប់​ខ្មោច​ តាំង​ពី​​ដូន​តា​របស់​ពួកគេ​មក។

ពេល​ធ្វើ​ដំណើរ​ចូល​ដល់​ភូមិ​ខ្មោច​ ​ក្នុង​ព្រៃ​​មាន​ដើម​ឈើ​តូច​ធំ​​​​ដ៏​ត្រជាក់​ ​ស្ថិត​ក្នុង​ម្លប់​​​រាង​ងងឹត​បន្តិច​ ​​​​​​​ខ្យល់​បក​រវិចៗ​ ​ធ្វើ​ឲ្យ​ស្លឹក​ឈើ​រង្គើ ​រួម​ទាំង​មាន​​​ផ្នូរ​ខ្មោច​ជា​ច្រើន​​នៅ​នឹង​មុខ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ព្រឺ​សម្បុរ ទោះ​បី​មាន​គ្នា​៤​ទៅ​៥​នាក់​ក៏​ដោយ។ ​លោក​ សាវ៉េត បន្ត​ថា ​​​ទំនៀម​ទម្លាប់​របស់​អ្នក​ភូមិ​ជនជាតិ​កាចក់ ​ពេល​អ្នក​ណា​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ខ្មោច​ ​គឺ​មិន​ឲ្យ​ចូល​​ក្នុង​ភូមិ​វិញ​​​ទេ ព្រោះ​ខ្លាច​​ព្រលឹង​ខ្មោច​​ទៅ​អុក​ឡុក​អ្នក​ភូមិ ​ហើយ​ម៉ោង​១២​ថ្ងៃ​ត្រង់ ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ដែរ ព្រោះ​ពួកគេ​ជឿ​ថា ​​ជា​ពេល​ដែល​ខ្មោច​មាន​ឥទ្ធិពល​​​កាច​សាហាវ ​បើ​និយាយ​ពី​ពេល​យប់​គឺ គ្មាន​អ្នក​ណា​ហ៊ាន​ក្បែរ​ឡើយ។

ភ្ញៀវទេសចរ​បរទេស ទៅ​ស្វែងយល់​ពីភូមិ​ខ្មោច

រីឯ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​​​មើល​ព្រៃ​ខ្មោច​ ​ត្រូវ​​ធ្វើ​សញ្ញា​ខ្វែង​​ (សម្រាប់​អ្នក​ដើរ​ក្រោយ​គេ) ​ដើម្បី​រារាំង​ខ្មោច​​កុំ​ឲ្យ​ដើរ​តាម​ទៀត ​និង​​​មិន​​អនុញ្ញាត​ឲ្យ​​ចូល​ក្នុង​ភូមិ​របស់​​ជនជាតិ​កាចក់​​ទៀត​​ទេ​ គឺ​ត្រូវ​តែ​ត្រឡប់​​​​​ទៅ​ស្រុក​វិញ​ភ្លាមៗ ​ហើយ​បើ​មាន​ធ្លាក់​​បាត់​របស់​អ្វី​​ក្នុង​ភូមិ​ខ្មោច​នោះ ក៏​មិន​អាច​ត្រឡប់​ទៅ​​រក​វិញ​បាន​ដែរ។​ សូម្បី​អ្នក​ភូមិ​ជនជាតិ​កាចក់ ​ដែល​ស្ថិត​​ជាប់​ភូមិ​​ខ្មោច​ ក្បែរ​គ្នា​នោះ ពួកគេ​ក៏​ខ្លាច​​ញញើត​​ភូមិ​ព្រៃ​ខ្មោច​​​​ដែរ សូម្បី​ជិះ​ទូក​​នៅ​លើ​ទន្លេ​ចត​ក្បែរ​ព្រៃ​ខ្មោច​នោះ​ ក៏​មិន​ហ៊ាន​ផង៕


អត្ថបទ៖ ជាន ចាន់រ៉ា