មេ Facebook រង​ព្យុះ​សំនួរ​ជា​លើក​ទី២ នៅ​ក្នុង​សភា​អាមេរិក

  • 2018-04-12 02:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

លោក Mark Zuckerberg នាយកប្រតិបត្តិ​ក្រុមហ៊ុន Facebook កាលពី​ថ្ងៃ​ទី១០ ខែ​មេសា ២០១៨ បាន​រង​ព្យុះ​សំនួរ​ម្ដង​រួច​មក​ហើយ ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដោយ​មាន​រយៈពេល ៥​ម៉ោង។ ចំណែក​កាលពី​ថ្ងៃ​ទី១១ ខែ​មេសា ២០១៨ ម្សិលមិញ លោក​បាន​រង​ព្យុះ​សំនួរ​ជា​លើក​ទី២ ដែល​មាន​សំនួរ​កាន់​ច្រើន​ជាង​មុន និង​លំបាក​ជាង​មុន អស់​រយៈពេល​ជិត ១០​ម៉ោង ក្នុង​សភា​ជាន់​ទាប​របស់​សហរដ្ឋអាមេរិក។

តើ​មេ Facebook បាន​ឆ្លើយ​បំភ្លឺ​អ្វី​ខ្លះ ក្នុង​សភា​ជាន់​ទាប​របស់​អាមេរិក?

ដូច​ក្នុង​ព្រឹទ្ធសភា​អាមេរិក​ដែរ លោក Mark Zuckerberg បាន​ធ្វើការ​សុំទោស​ចំពោះ​ការ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់ Facebook រាប់​លាន​នាក់។ ប៉ុន្ដែ​ងាក​មក​ចម្លើយ​បំភ្លឺ​របស់​មេ Facebook វិញ គឺ​មិន​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​សមាជិក​សភា​ជាន់​ទាប​របស់​សហរដ្ឋអាមេរិក​នោះ​ទេ។

សំនួរ​ពី​តំណាងរាស្ត្រ​រដ្ឋ New Jersey លោក Frank Pallone ថា​តើ Facebook ប្ដេជ្ញា​ផ្លាស់​ប្ដូរ​ការ​កំណត់​របស់​ខ្លួន ដើម្បី​ឲ្យ​ការ​ប្រមូល​ទិន្នន័យ​មាន​កម្រិត​ទាប​ជា​បំផុត​បាន​ទេ? លោក Mark ឆ្លើយ​ថា នេះ​ជា​បញ្ហា​ស្មុគស្មាញ ដែល​មិន​អាច​ឆ្លើយ​ត្រឹម​ពាក្យ​មួយ​ម៉ាត់​បាន​ទេ។ លោក Frank Pallone ថា នេះ​ជា​ការ​ឆ្លើយ​តប​ដែល​គួរ​ឲ្យ​ខក​ចិត្ត។

សំនួរ​ដែល​ធ្វើ​ឲ្យ​មេ Facebook កាន់​តែ​តានតឹង​ជាង​នេះ​ទៅ​ទៀត គឺ​សំនួរ​ពី​សមាជិក​សភា លោក Kathy Castor ដែល​បាន​សួរ​ថា តើ Facebook ពិតជា​បាន​តាម​ដាន​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ បន្ទាប់​ពី​ពួកគេ​ចាកចេញ​ពី Facebook? លោក Mark បាន​សារភាព​ថា Facebook ពិត​ជា​បាន​តាម​ដាន និង​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​តាំង​ពី​ដើម​រហូត​មក ក្នុង​គោល​បំណង​ការពារ​សន្តិសុខ។

ដោយសារ​តែ​សមាជិក​គណៈកម្មាធិការ​សភា​អាមេរិក មាន​រហូត​ដល់ ៥៥​រូប ដូច្នេះ​ម្នាក់​មាន ៤​នាទី​ប៉ុណ្ណោះ ដើម្បី​សួរ​ទៅ​មេ Facebook។ ហេតុនេះ​ហើយ ទើប​សមាជិក​សភា​មួយ​ចំនួន​បាន​វាយ​ប្រហារ​មេ Facebook ចំៗ​តែ​ម្ដង ដូចជា៖

លោក David Mckinley បាន​និយាយ​ថា លោក Mark និង Facebook បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ឈឺចាប់ ដោយ​បាន​បង្ហាញ​ការ​លក់​សារធាតុ​អាភៀន​ខុសច្បាប់​លើ Facebook។

លោក Jan Schakowsky បាន​វាយ​ប្រហារ​មេ Facebook ដោយ​លើ​កយក​បញ្ជី​ដែល​មេ Facebook ធ្លាប់​ធ្វើការ​សុំទោស​ពីមុន ហើយ​សន្និដ្ឋានថា គោលការណ៍​ផ្ទាល់​ខ្លួន​របស់​លោក Mark គ្មាន​ប្រសិទ្ធភាព​នោះ​ទេ៕


ប្រភព៖ CNN ប្រែ​សម្រួល៖ វាសនា