លម្អិតបន្ថែមអំពីស្ពានអាកាសផ្សារដីហុយ
- 2018-04-12 04:10:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតបន្ថែមអំពីស្ពានអាកាសផ្សារដីហុយ
ចន្លោះមិនឃើញ
ក្រសួងសាធារណការបានបង្ហាញឲ្យដឹងថា ស្ពានអាកាសផ្សារដីហុយ មានបណ្ដោយ ៦១០ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ មាន ០៤គន្លង (២គន្លងទៅ ២គន្លងមក) ផ្លូវក្រោមកាត់ស្ពាន២៣ម៉ែត្រ និងកម្ពស់៥,៥ម៉ែត្រ។ ស្ពាននេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាសំណង់ក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ប្រមាណ ១៦,៧៨លានដុល្លារ។
ស្ពាននេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវសហព័ន្ធរុស្សី ដែលកន្លងមកប្រជាពលរដ្ឋតែងមានការត្អូញត្អែរជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ រាជរដ្ឋាភិបាលបានបើកឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវផ្សារដីហុយ។
បើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ឲ្យដឹងថា នៅក្រោយថ្ងៃ១៨មេសា ស្ពាននេះនឹងត្រូវបិទចំនួន ២គន្លងសិន ដើម្បីទុកឱកាសឲ្យក្រុមហ៊ុនសាងសង់បង្ហើយការងារ ហើយបិទ ២គន្លងផ្សេងទៀតឆ្លាស់គ្នា រហូតដល់ថ្ងៃទី៩ ឬ ១០ ខែឧសភា ទើបក្រសួងបើកឲ្យដំណើរការជាធម្មតាទាំង ៤គន្លងវិញ។
នៅក្នុងអំឡុងពេលនៃការបើកឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ រថយន្តធំៗមិនទាន់ ត្រូវបានអនុញ្ញាតឱ្យបើកបរឆ្លងកាត់នៅឡើយទេ ដោយរង់ចាំការសាងសង់ត្រូវបានបញ្ចប់ ១០០% សិន៕