តំបន់ផ្លូវ៦០ម៉ែត្រ នឹងក្លាយជាតំបន់បណ្តុំពាណិជ្ជកម្មនាពេលអនាគត
- 2018-04-13 01:03:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ផ្លូវ៦០ម៉ែត្រ នឹងក្លាយជាតំបន់បណ្តុំពាណិជ្ជកម្មនាពេលអនាគត
ចន្លោះមិនឃើញ
អ្នកជំនួញរកស៊ីក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា តំបន់ផ្លូវ ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍបោះពួយយ៉ាងលឿនបន្ទាប់ពីមហាវិថីដ៏ធំមួយនេះ បានដាក់សម្ពោធឲ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ២០១៧។ នៅពេលអនាគតតំបន់នេះ នឹងក្លាយទៅជាទិសដៅនៃតំបន់បណ្តុំពាណិជ្ជកម្មដ៏លេចធ្លោមួយក្នុងរាជធានីភ្នំពេញ។
ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរ រួមទាំងសក្តានុពលទីតាំងទៀតផងនោះ លោក សិរី បានអះអាងថា វិនិយោគិនទាំងក្នុង និងក្រៅស្រុក បាននឹងកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងតំបន់ផ្លូវ ៦០ម៉ែត្រនេះ។
សូមជម្រាបថា មហាវិថីសម្តេចតេជោហ៊ុនសែន គឺឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។
មហាវិថីនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន ING Holding ដែលជាម្ចាស់គម្រោងទីក្រុងរណប ING City ចំណាយថវិកាប្រមាណ ៧៦លានដុល្លារ។ គម្រោងទីក្រុងរណបនេះមានផ្ទៃក្រឡាសាងសង់ ២៥៧២ហិចតា ស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ និងក្រុងតាខ្មៅ។
បច្ចុប្បន្ន មានគម្រោងខ្លះបានលេចរូបរាងហើយ ខណៈខ្លះទៀតកំពុងអភិវឌ្ឍនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រនេះ។ តួយ៉ាងគម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុនចិន R&F Property រួមមានទាំងលំនៅឋាន អគារពាណិជ្ជកម្ម និងផ្សារទំនើបជាដើមផងនោះ ក្រោមការបោះទុនវិនិយោគប្រមាណ ៧០០លានដុល្លារ។ គម្រោងវិនិយោគដ៏ធំរបស់ចិនមួយនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៧ លើផ្ទៃដីប្រមាណជាង ៨ហិចតា។
មិនតែប៉ុណ្ណោះ គម្រោងផ្សារទំនើប PH Diamond Place របស់ក្រុមហ៊ុនបុរី ប៉េងហួត ទើបតែត្រូវបានបើកការដ្ឋានសាងសង់កាលពីចុងខែមីនា ដោយចំណាយទុនរហូតដល់៦០លានដុល្លារ ស្ថិតលើផ្ទៃដី ៦ហិចតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ។ ក្រៅពីនេះ ក៏មានវត្តមាន អគារដាក់តាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Mercedes និងសាលាអន្តរជាតិ ISPP ជាដើម។
លោក ពឹង សិរី បានមានប្រសាសន៍ថា “ចរន្តទិញលក់នៃវិស័យដីធ្លីក្នុងតំបន់ផ្លូវ ៦០ ម៉ែត្រ កំពុងមានភាពសស្រាក់សស្រាំ ចំណែកតម្លៃដីដែលចាក់បំពេញហើយ អាចមានចាប់ពី ៥០០ ទៅ ៧០០ ដុល្លារក្នុង១ម៉ែត្រការ៉េ”។ មិនតែប៉ុណ្ណោះ ភាគខាងត្បូង មានច្រកចេញចូលច្រើន ហើយមានទាំងតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងលំនៅឋានធំៗ ត្រូវបានអភិវឌ្ឍក្នុងតំបន់នេះផងដែរ។
ទន្ទឹមនឹងនេះ អគ្គនាយកក្រុមហ៊ុន Key Real Estate បានថ្លែងឲ្យដឹងដែរថា តំបន់ភាគខាងត្បូងកំពុងមានសកម្មសភាពអភិវឌ្ឍន៍លេចធ្លោជាងគេមួយក្នុងចំណោមតំបន់នានានៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ៕