ស្លាប់ និង​របួស​ជិត ៣ពាន់​នាក់ ក្នុង​ពិធី​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​រយៈពេល​៤ថ្ងៃ​នៅ​ថៃ

  • 2018-04-15 09:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​គិត​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៨ អ្នក​ស្លាប់​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ មាន​ចំនួន​សរុប ២៤៨​នាក់ ខណៈ​ឯ​អ្នក​របួស​មាន ២៥៥៧​នាក់។ ទិន្នន័យ​នេះ​គឺ​ទទួល​បាន​ពី​លោក Opas Karnkawinpong រដ្ឋលេខាធិការ​រង​អចិន្ត្រៃយ៍​នៃ​ក្រសួង​សុខភាព​សាធារណៈ​ថៃ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ។

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ (រូប​ឯកសារ)/ រូបភាព៖ AP
លោក Opas ប្រាប់​ថា គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ថៃ​រយៈពេល​៤​ថ្ងៃ​កន្លង​មក​នេះ មាន​ចំនួន​សរុប ២៤៤៩​ករណី កើន​ឡើង ២,៩% បើ​ធៀប​នឹង​​ឆ្នាំ​២០១៧។ ចំណែក​លោក Sirichan Ngathong អ្នក​នាំ​ពាក្យ​រង​នៃ​​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់​ធ្នាប់ បាន​និយាយ​ថា ស្ថិត​នៅ​ក្នុង​រយៈពេល​ដដែល​នេះ ប៉ូលិស​ថៃ​បាន​ធ្វើ​ការ​ឃាត់​យានយន្ត​ចំនួន ៧០៦៧​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ ៥០១៩​គ្រឿង និង​រថយន្ត ២០៤៨​គ្រឿង ដែល​​​ត្រូវ​បាន​រក​ឃើញ​មាន​ជាតិ​ស្រវឹង​នៅ​ក្នុង​ខ្លួន​ម្ចាស់​យានយន្ត។ បន្ថែម​ពី​នេះ ប៉ូលិស​ក៏​បាន​រឹបអូស​បណ្ណ​បើកបរ​ចំនួន ១៦៥៨៨​បណ្ណ ចាត់​វិធានការ​ច្បាប់​ចំពោះ​អ្នក​បើក​ម៉ូតូ​បាន ៨២៥៩៨​នាក់ និង​ម្ចាស់​រថយន្ត ៤៧៣២៧​នាក់។

សូម​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​៧​ថ្ងៃ​នៃ​ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី គិត​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់ ១៧ ខែ​មេសា ជា​រៀងរាល់​ឆ្នាំ ត្រូវ​រដ្ឋាភិបាល​ថៃ​ចាត់​ទុក​ជា ថ្ងៃ​គ្រោះថ្នាក់​បំផុត​ប្រចាំ​ឆ្នាំ ដែល​មាន​អត្រា​អ្នក​ស្លាប់ និង​របួស​ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​បំផុត៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;