ក្រុមហ៊ុន១ គ្រោងវិនិយោគលើការផលិតគ្រឿងបង្គុំសម្រាប់ដំឡើងកង់នៅកម្ពុជា
- 2018-04-27 08:07:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន១ គ្រោងវិនិយោគលើការផលិតគ្រឿងបង្គុំសម្រាប់ដំឡើងកង់នៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតកង់របស់អាមេរិក និងចិនតៃប៉ិ ដែលបានបណ្តាក់ទុននៅកម្ពុជា មានបំណងពង្រីកការវិនិយោគលើការផលិតគ្រឿងបង្គុំផ្សេងៗ សម្រាប់ដំឡើងកង់ដែលមានលក្ខណៈពេញលេញ ជាផលិតផលសុទ្ធ ១០០% របស់កម្ពុជា (Made in Cambodia) ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សា រវាងលោក Robert Margevicius តំណាងក្រុមហ៊ុននិងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនផលិតកង់របស់អាមេរិក និងចិនតៃប៉ិ ជាមួយលោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។ រូបថត៖ FB ក្រសួងពាណិជ្ជកម្ម
លោក Robert Margevicius បាននិយាយថា កម្ពុជាបានក្លាយជាប្រទេសដំឡើង និងផលិតនាំចេញកង់ធំបំផុតលំដាប់ទី២នៅលើពិភពលោក ដែលមានចំណែកទីផ្សារនៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អាស៊ាន និងប្រទេសអាស៊ីផ្សេងទៀត ក៏ប៉ុន្តែកម្ពុជាពុំមានរោងចក្រផលិតគ្រឿងបង្គុំកង់នៅឡើយ គឺត្រូវនាំចូលពីប្រទេសផ្សេងៗ។
ជាមួយគ្នានេះ លោក Robert Margevicius បានស្នើសុំឲ្យក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងនេះ ដើម្បីក្រុមហ៊ុនទាំងអស់ អាចចូលរួមធ្វើពិពិធកម្មវិស័យការងារ និងអភិវឌ្ឍសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ ហើយបានណែនាំដល់មន្ត្រីជំនាញ ធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីឲ្យគម្រោងនេះដំណើរការទៅដោយរលូន។
បើតាមរបាយការណ៍ពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានបង្ហាញឲ្យដឹងថា កាលពីឆ្នាំ ២០១៧ កម្ពុជាបានផលិត និងដំឡើងកង់ នាំចេញទៅកាន់ទីផ្សារពិភពលោកចំនួនជាង ១,៨លានគ្រឿង គិតជាទឹកប្រាក់ស្មើនឹង ៣៦១លានដុល្លារ គឺបានកើនឡើង ២៩% បើធៀបនឹងឆ្នាំ២០១៦។ តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ជិតព្រំប្រទល់ព្រំដែនកម្ពុជា និងវៀតណាម គឺជាទីតាំងផលិត និងដំឡើងកង់ធំបំផុតរបស់កម្ពុជា៕