"អ្នក​ណា​គ្មាន​ស្នេហ៍" បទ​ចម្រៀង​ដែល​មាន​ប្រភព​មក​ពី​អា​ម៉េរិក

  • 2018-05-04 07:28:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

បទ “អ្នក​ណា​គ្មាន​ស្នេហ៍" ដែល​ជា​សំនៀង​របស់​លោក ស៊ីន ស៊ីសាមុត ត្រូវ​បាន​ផលិត​ឡើង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដោយ​ក្រុម​ហ៊ុន​ថាស​ចម្រៀង​ សញ្ញា​អូឡាំពិក​។ បទ​ចម្រៀង​នេះ ស្ថិត​ក្នុង​ថាស​ចម្រៀង​តែ​មួយ ជា​មួយ​បទ "ខូច​ចិត្ត​ទទេ" ឬ​បទ​ដែល​គេ​និយម​ហៅ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា "អូ អូ យ៉េ យ៉េ...”។ សម្បក​ថាស​របស់​បទ​ចម្រៀង​នេះ មិន​បាន​បង្ហាញ​ឈ្មោះ​អ្នក​និពន្ធ​ទំនុក និង​ អ្នក​ដឹក​នាំ​វង់​ភ្លេង​នោះ​ទេ​។

ប៉ុន្តែ Melody នៃ​​ចម្រៀង​ជា​ភាសា​ខ្មែរ​នេះ​ ដូច​គ្នា​បេះ​បិទ​ទៅ​ហ្នឹង​ចម្រៀង​អាម៉េរិ​ក័ង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា Sugar Sugar​។

Sugar Sugar គឺ​ជា​បទ​ចម្រៀង​ដ៏​ល្បី​របស់​ក្រុម​តន្ត្រី​ប៉ប់​អាម៉េ​រិក័ង​ឈ្មោះ The Archies។ បទ​ចម្រៀង​នេះ​ និពន្ធ​ដោយ លោក Andy Kim និង លោក Jeff Barry និង​ចេញ​លក់​ដំបូង​នៅ​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ១៩៦៩ ហើយ​ ចេញ​លក់​លើក​ទី​២ នៅ​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ​ដដែល​។

Sugar Sugar ល្បី​ល្បាញ​ខ្លាំង និង ជាប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ចំណោម​បទ​ចម្រៀង​ដែល​ចេញ​លក់​នៅ​ឆ្នាំ​ ១៩៦៩ ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា អូទ្រីស ប៊ែលហ្ស៊ិក កាណាដា អាល្លឺម៉ង់ អ៊ែកឡង់ ន័រវែស អេស្ប៉ាញ ចក្រភពអង់គ្លេស និង សហ​រដ្ឋ​អាម៉េរិក​។

នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០០៦ បទ​ចម្រៀង Sugar Sugar ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្នុង "សមាគម​អ្នក​និពន្ធ​ទំនុក​ច្រៀង និង​ បទ​ភ្លេង​ឆ្នើម​កាណាដា" ដោយ​សារ​តែ សហ​អ្នក​និពន្ធ Andy Kim មាន​ស្រុក​កំណើត​នៅ ក្រុង​ម៉ុង​រ៉េអាល់ ខេត្ត​កេបិច​ ប្រទេស​កាណា​ដា​៕


អត្ថបទ៖ ឃុត សុខឿន​