ក្រោយ​មាន​បញ្ហា​រឿង​ពន្ធ​ដារ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ត្រូវ​បាន​លក់​ឲ្យ​ទៅ​ថៅកែ​ម៉ាឡេ​ស៊ី

  • 2018-05-05 15:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​អង់​គ្លេស និង​ភាសា​ខ្មែរ​ ត្រូវ​បាន​ក្រុម​ហ៊ុន​អូស្ត្រាលី​ដែល​ជា​ម្ចាស់​ លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​របស់​អ្នក​វិនិយោគ​ជា​ជន​ជាតិ​ម៉ាឡេ​ស៊ី Sivakumar G. ( Siva )​ហើយ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​តំណាង​ក្រុម​ហ៊ុន Post Media Ltd។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន ចុះ​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ២០១៨​នេះ លោក Bill Clough ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន Post Media Ltd និង​ជា​ចាង​ហ្វាង​ការ​ផ្សាយ​របស់​កាសែត Phnom Penh Post បាន​លើក​ឡើង​ថា លោក Siva ដែល​បាន​ទិញ​យក​កាសែត Phnom Penh Post គឺ​ជា​អ្នក​សារព័ត៌​មាន​ដ៏​ល្បី​ល្បាញ​ និង​ដ៏​មាន​បទ​ពិសោធន៍​ ហើយ​ក៏​ជា​តំណាង​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​ដ៏ធំរ​បស់​ម៉ាឡេស៊ី​។

កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស ដែលចេញផ្សាយនាពេលកន្លងមក
ក្នុង​សេចក្តី​ប្រកាស​ដដែល លោក Bill Clough បាន​បញ្ជាក់​ថា​ កាល​ពី​សប្តាហ៍​មុន ក្រុម​ហ៊ុន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​ដោះ​ស្រាយ ជា​មួយ​អគ្គនាយកដ្ឋានពន្ធដារ​រួច​រាល់​ហើយ​នូវ​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​ពន្ធដារ​។ ចំណែក​ករណី​នៅ​តុលាការ​ ដែល​អតីត​បុគ្គលិក​ជាន់​ខ្ពស់​ជន​ជាតិ​បរទេស បាន​ប្តឹង​ផ្តល់​នោះ ​ក្រុម​ហ៊ុន​កំពុង​បន្ត​ដោះ​ស្រាយ នៅ​តុលាការ ហើយ​ក្រុមហ៊ុន បាន​បញ្ជាក់​ថា​ ការ​អនុវត្ត​ដីកា​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវ​បាន​ផ្អាក​ ដោយ​រង់​ចាំ​តុលាការ​កំពូល ជម្រះ​លើ​បណ្តឹង​ឧទ្ធរណ៍​។

យ៉ាង​ណា​ក៏​ដោយ ក្រុម​ហ៊ុន​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍ បាន​បញ្ជាក់​ថា​ ទោះ​បីជា​សេចក្តី​សម្រេច​របស់​តុលាការ បែប​ណា​ក៏​ដោយ ក៏​កាសែត​ Phnom Penh Post មិន​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដល់​ដំណើរ​ការ​នៃ​ការងារ​របស់​ខ្លួន​ឡើយ​។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​អង់​គ្លេស បង្កើត​ឡើង​ដំបូង​ កាល​ពីឆ្នាំ​១៩៩២ ដោយ​លោក Michael Hayes។ នៅ​ឆ្នាំ២០០៨ ក្រុម​ហ៊ុន Post Media ដែល​មាន​ថៅកែ​ជា​ជន​ជាតិ​អូស្ត្រាលី​ បាន​ទិញ​កាសែត​ភ្នំពេញប៉ុស្តិ៍​ពីលោក Michael Hayes ហើយ​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ​ ជា​ភាសា​អង់គ្លេស និង​នៅ​ឆ្នាំ២០០៩ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ​៕

លីហៀង

អត្ថបទថ្មី
;