និយ័តករ​ទូរគមនាគមន៍​កម្ពុជា រំលឹក​ពី​ល្បឿន​អ៊ីនធើណេត និង​ការ​ចំណាយ កាលពី​២១ឆ្នាំ​មុន

  • 2018-05-10 13:18:12
  • ចំនួនមតិ

ចន្លោះមិនឃើញ

និយ័តករ​ទូរគមនាគមន៍​កម្ពុជា នៅថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​បង្ហាញ​ពីការ​ប្រើប្រាស់​អ៊ីនធើណែត ក្នុង​ស្ថានភាព​ដ៏​លំបាក​កាលពី ២១ឆ្នាំ​មុន ក្នុងនោះ​គឺបាន​លើកឡើង​ពី​ល្បឿន​អ៊ីនធើណែតដ៏​យឺត​បំផុត បើ​ប្រៀបធៀប​នឹង​បច្ចុប្បន្ន ព្រមទាំង​ការ​ចំណាយ​ដ៏​លើសលុប។

បុគ្គលិកម្នាក់កំពុងអានព័ត៌មាននៅលើវិបសាយ

និយ័តករ​ទូរគមនាគមន៍ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ "យើង​នៅចាំ​បានថា​នាឆ្នាំនោះ​ក្រុម​ការងារ​ដែលមាន​លោក ម៉ូវ ចរិយា (កាលនៅ​ជា​ប្រធាន​មជ្ឈមណ្ឌល Camnet នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍) ជា​ក្រុម​ការងារ​ដំបូង​ដែលបាន​ខ្នះខ្នែង​ក្នុងការ​នាំឱ្យ​មាន​តំណភ្ជាប់​អ៊ីនធើណែត​ពី​បរទេស​តាម​ប្រព័ន្ធ​ផ្កាយ​រណប​ក្នុង​ល្បឿន 64Kbps មក​កម្ពុជា។ ពេលនោះ​យើងមាន​សេវា​អ៊ីនធើណែត​ ២​បណ្ដាញ បណ្ដាញ​ទី១​របស់ Camnet ហើយ​បណ្ដាញ​ទី២ ជា​របស់​ក្រុមហ៊ុន Bigpond Telstra អូស្ត្រាលី)។"

យោងតាម​បទ​សម្ភាសន៍​​ដែលផ្ដល់​ដោយ​លោក ម៉ូវ ចរិយា ទៅកាន់​កាសែត​ក្នុងស្រុក​មួយ (លេខ៥ ខែ៨ ឆ្នាំ ១៩៩៧) បាន​បញ្ជាក់​ថា គ្រាន់តែ​ម៉ូដឺម (Modem) មាន​តម្លៃ​ដល់​ទៅ ១៧០-១៨០ដុល្លារ (នេះ​មិនទាន់​រាប់​បញ្ចូល​ការ​ដំឡើង តម្លៃ​កុំព្យូទ័រ ខ្សែ​ទូរសព្ទ​លើ​តុ និង​ឧបករណ៍​ពាក់ព័ន្ធ​ផ្សេងៗ​ផង) ហើយ​តម្លៃ​ប្រើ​សេវា​ត្រូវ​បែងចែក​ជា២។ បើ​ប្រើ​ត្រឹមតែ​អ៊ីម៉ែល​ត្រូវបង់ ៤៥ដុល្លារ​សិន ហើយ​គិត​មួយ​ខែ ២៥ដុល្លារ​ទៀត ដោយ​កំណត់​ម៉ោង​ឱ្យ​ប្រើ​បានតែ ២ម៉ោង​ប៉ុណ្ណោះ លើសពី​នេះ​ត្រូវ​បង់ ០,១៣ដុល្លារ​ក្នុង ១​នាទី ឬ ៨​ដុល្លារក្នុង ១​ម៉ោង។ ចំពោះ​សេវា Full internet access អ្នក​ប្រើប្រាស់​ត្រូវ​បង់មុន ៥០ដុល្លារ បង់​ប្រចាំ​ខែ ៥០​ដុល្លារ ដោយមាន​ម៉ោង​កំណត់​ប្រើបាន ៨​ម៉ោង និង​លើសពីនេះ​ត្រូវបង់ ៨ដុល្លារ​ក្នុង ១​ម៉ោង។

និយ័តករ​ទូរគមនាគមន៍ បាន​អះអាង​ថា គ្រាន់តែ​គិតត្រួសៗ ការ​ចំណាយ​ថវិកា​បង់​អ៊ីនធើណែត​មួយ​ខែ​នា​ពេល​នោះ គឺ​អាច​យក​មកបង់​សេវា​អ៊ីនធើណែត​នាពេល​បច្ចុប្បន្ន ដែលមាន​លឿន​ខ្សែកាប​អុបទិក ឬ​ល្បឿន 4G ប្រើ​បានពី១ ទៅ​២ឆ្នាំ​ឯណោះ។

គួរ​បញ្ជាក់​ថា ការ​រៀបរាប់​របស់​និយ័តករ​ទូរគមនាគមន៍​ខាងលើ​នេះ គឺ​ធ្វើឡើង​ក្នុង​ខួប​លើក​ទី២១ (១៩៩៧-២០១៨) នៃការ​បង្កើត​ប្រព័ន្ធ​អ៊ីនធើណែត​ដំបូងគេ​នៅ​កម្ពុជា និង​នៅ​ឥណ្ឌូចិន។

ជាមួយគ្នា​នេះ និយ័តករ​ទូរគមនាគមន៍ ក៏បាន​អរគុណ​​ដល់​អ្នក​​ពាក់ព័ន្ធ​ទាំងឡាយ​ដែលបាន​ជំរុញ​ឱ្យ​ល្បឿន​អ៊ីនធើណែត​ កើនឡើង​ជា​លំដាប់ ចាប់តាំង​ពី​កម្ពុជា​បាន​ប្រើ Dial-up connection មាន​ល្បឿន​ត្រឹមតែ​ជាង 60Kbps។ លើសពីនេះ​ក៏មាន​ការ​ផ្តល់ជូន​នូវ​សេវា Public Free WiFi ដែលប្រើ​បច្ចេកវិទ្យា MegaWiFi ក្នុង​ល្បឿន 1Gbps ថ្មីៗ​នេះ​ផងដែរ៕


អត្ថបទ៖ សំភី