គណបក្សខ្មែរតែមួយ របស់ប្អូនប្រុស​លោកកែម ឡី ដាក់​បញ្ជីបេក្ខជន​​នៅ គ.ជ.ប

  • 2018-05-11 02:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី១១ ខែឧសភា នេះ គណបក្សខ្មែរតែមួយ របស់លោក កែម រិទ្ធិសិត ប្អូនប្រុសលោក​បណ្ឌិត កែម ឡី បាន​ទៅ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ ឆ្នាំ២០១៨ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

លោក គុជ លី (ឆ្វេង) អនុប្រធានគណបក្សខ្មែរតែមួយ ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ នៅ​ គ.ជ.ប
លោក គុជ លី អនុប្រធានគណបក្សខ្មែរតែមួយ បានថ្លែង​ឲ្យ​ដឹងថា គណបក្សខ្មែរតែមួយ ដាក់បេក្ខជន​ឈរឈ្មោះ​ចំនួន ១៦ រាជធានី-ខេត្ត។ បេក្ខជនឈរ​ឈ្មោះសរុប ចំនួន ២២៨នាក់ (ស្រី ៦១នាក់)។

លោកបញ្ជាក់ថា លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ ឈរឈ្មោះនៅមណ្ឌល​ខេត្តតាកែវ ដែលជា​ស្រុកកំណើត​របស់លោក។ ចំណែករូបលោក (គុជ លី) ដែលជា​អនុប្រធាន​គណបក្ស ​ឈរឈ្មោះ​នៅមណ្ឌល​ខេត្តសៀមរាប។

លោក គុជ លី អះអាងទៀត​ថា គណបក្សខ្មែរតែមួយ នឹងទទួល​បានអាសនៈ​នៅក្នុងរដ្ឋសភា ទោះបីតិច​ ឬច្រើន ត្រូវតែមាន​ជាដាច់ខាត។

លោកកែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ

សូម​បញ្ជាក់​ថា ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃ​ទី១១ ខែឧសភា​នេះ មាន​គណបក្ស​ចំនួន ៦ ហើយ​ ដែល​បាន​ទៅ​ចុះ​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ដែល​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែររួបរួម​ជាតិ និង​គណបក្ស​ខ្មែរតែមួយ។ ក្នុងចំណោម​គណបក្ស​ចំនួន ៦ នោះ មាន​គណបក្ស​ចំនួន ៣ ត្រូវ​ គ.ជ.ប ទទួល​ស្គាល់​ជាផ្លូវការ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និងគណបក្ស​សញ្ជាតិ​កម្ពុជា។ ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នឹង​បន្ត​រហូត​ដល់ថ្ងៃ​ទី១៤ ខែឧសភា៕

រូប​សញ្ញា​គណបក្ស​ខ្មែរតែមួយ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;