សាលក្រម​អតីត​បុគ្គលិក​វិទ្យុអាស៊ីសេរី នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​១៨​ឧសភា

  • 2018-05-16 12:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​ គឺលោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​ចារកម្ម ត្រូវ​បាន​នាំ​ខ្លួន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៨ ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ថា គួរ​បន្ត​ឃុំ​ខ្លួន ឬ​ត្រូវ​ដោះលែង​អ្នក​ទាំង​ពីរ។ ចៅ​ក្រម​ស៊ើប​សួរ លោក ពេជ្រ វិជ្ជាធម៌ នឹង​ប្រកាស​សេចក្តី​សម្រេច នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ព្រឹក។

លោក អ៊ួន ឈិន
យោង​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជនសង្ស័យ​អាច​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ត្រឹមតែ​រយៈ​ពេល​៦ខែ​ប៉ុណ្ណោះ លុះត្រាតែ​ចៅក្រម​រកឃើញ​ថា ការបន្ត​ឃុំ​ខ្លួន​ជនសង្ស័យ​គឺ​មាន​ភាព​ចាំបាច់ សម្រាប់​ដំណើរការ​ស៊ើបអង្កេត។

អំឡុង​ពេល​សវនាការ​ក្នុង​ខែ​មីនា​កន្លងទៅ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក​ចៅ​ក្រម ឃឹម ប៉ុន បាន​មាន​ប្រសាសន៍​ថា រឿង​ក្ដី​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៅ​ឡើយ ហើយ​ការ​ដោះលែង​អ្នក​ទាំង​ពីរ​អាច​នាំ​ឲ្យ​មាន “គ្រោះថ្នាក់​ធ្ងន់ធ្ងរ”។

លោក យាង សុជាមេត្តា (ខាងឆ្វេង)

លោក យាង សុធារិន និងលោក អ៊ួន ឈិន ធ្លាប់​បាន​បម្រើ​ការងារ​ឲ្យ​វិទ្យុ​អាស៊ីសេរី រហូត​ដល់​ស្ថាប័ន​នេះ សម្រេច​ចិត្ត​បិទ​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​អះអាង​ថា​ បាន​រង​ការ​គាប​សង្កត់​ពី​អាជ្ញាធរ​រដ្ឋ ហើយ​ត្រូវ​បង្ខំចិត្ត​បិទ​ការ​ផ្សាយ​របស់​ខ្លួន​តាម​វិទ្យុ​នានា អំឡុង​ពេល​មាន​ការ​បង្រ្កាប​ជាបន្តបន្ទាប់​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​។

អ្នកទាំងពីរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រយៈពេល​ត្រឹមតែ​៤ថ្ងៃ​បន្ទាប់ពី​ត្រូវ​បាន​ចោទ​ប្រកាន់ អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី១ (ម.១)។ ក្រោយមក អ្នក​ទាំង​ពីរ​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី អំពើ​ជួញដូរ​មនុស្ស​ផង​ដែរ ទោះបីជា​គ្មាន​ការ​បង្ហាញ​ភស្ដុតាង​ក៏ដោយ។ អ្នកទាំងពីរ ត្រូវ​បាន​ចោទប្រកាន់​ដោយ​យោង​តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ ឬ​ភ្នាក់ងារ​បរទេស ដែល​អាច “អន្តរាយ​ដល់​ការ​ការពារ​ជាតិ”។ អ្នក​ទាំងពីរ ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ ឆ្នាំ ដល់​១៥ ឆ្នាំ​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;