អ្នក​ជំនាញ​ ប្រតិកម្ម​នឹង​គម្រោង​វិនិយោគ​​របស់​ក្រុមហ៊ុន​កសិកម្ម​វៀតណាម

  • 2018-05-17 06:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំនាញ​ផ្នែក​កសិកម្ម លោក យ៉ង សាំងកុមារ បាន​និយាយ​នៅថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨នេះ​ថា ដើម្បី​ផល​ប្រយោជន៍​ជាតិ​វែងឆ្ងាយ គឺ​លោក​មិន​គាំទ្រ​ឱ្យ​ក្រុមហ៊ុន​វៀតណាម មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នោះទេ។

លោក​លើក​ឡើង​ថា លោក​ចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចេះ​ប្រើប្រាស់​ដី​ក្នុងការ​ដាំដុះ និង​ផលិត​ដោយ​ខ្លួនឯង ដើម្បី​ឈានដល់​ការ​នាំចេញ បង្កើត​ការងារ​ក្នុងស្រុក និង​កំណើន​សេដ្ឋកិច្ច។

លោក យ៉ង សាំងកុមារ ផ្ដល់​បទសម្ភាស១ កាលពីថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៥។ រូបថត៖ RFA
​លោក​បាន​បន្តថា ដើម្បី​ធ្វើ​ការងារ​នេះ លុះត្រាតែ​មាន​ធនធានមនុស្ស និង​អ្នកដឹកនាំ​កសិករ ជាពិសេស​កសិករ​ផ្ទាល់​ត្រូវ​ចេះ​សហការគ្នា​ ត្រូវមាន​អ្នកជំនាញ​ដើម្បី​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស ​កសិករ​ត្រូវ​ចងក្រង​ជា​ក្រុម ឬ​សហគមន៍ និង​រដ្ឋាភិបាល ដើម្បី​នាំ​កសិផល​ចូលក្នុង​ទីផ្សារ។

ការ​លើកឡើង​នេះ ក្រោយ​ក្រុមហ៊ុន​ធំ​មួយ​របស់​វៀតណាម គឺ​ក្រុមហ៊ុន FLC Group ចង់​បោះទុន​ជា​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩​ខាងមុខ វិនិយោគ​លើ​ការដាំដុះ​បន្លែ និង​ផ្លែឈើ​សម្រាប់​នាំចេញ និង​ផ្គត់ផ្គង់​ទេសចរ​ក្នុងស្រុក​។ គម្រោង​នេះ​បានបង្ហាញ​ក្នុងជំនួប​រវាង​លោក​វេង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ប្រតិភូ​ក្រុមហ៊ុន​វៀតណាម FVC Group កាលពី​ថ្ងៃទី​១០ ខែ​ឧសភា​កន្លង​ទៅ។ គម្រោង​នេះ ក៏​ធ្វើឱ្យ​មាន​ការ​បារម្ភ​ និង​រិះគន់​ពី​ក្រុម​អ្នក​ជំនាញ​កសិកម្ម និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផងដែរ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ក្នុងបទ​សម្ភាសន៍​មួយ​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន Fresh News កាលពី​ម្សិលមិញ​នេះ លោក​វេង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចាត់​ទុកក្តី​បារម្ភ​ទាំងនេះ ថាជា​ការទទួល​ព័ត៌មាន​មិនបាន​ស៊ីជម្រៅ​។ លោក​ថា ការ​ជួប​ជាមួយ​ប្រតិភូ​វៀត​ណាម កន្លងមក គឺ​គ្រាន់តែ​បង្ហាញ​ពី​បំណង​ចង់​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា​តែប៉ុណ្ណោះ ដោយសារ​វិនិយោគិន​វៀតណាម​សម្លឹង​ឃើញ បន្លែ ផ្លែឈើ​វៀតណាម​កំពុង​មាន​បញ្ហា​។

រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងជំនួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុនវៀតណាម FLC Group កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។ រូបថត៖ FB ក្រសួងកសិកម្ម

លោក វេង សុខុន ក៏​បាន​បញ្ជាក់​ដែល​ថា ក្រុមហ៊ុន​នេះ​មិន​ត្រឹមតែ​វិនិយោគ​លើ​វិស័យ​កសិកម្ម លើ​ការដាំ​បន្លែ ម្ទេស និង​ផ្លែឈើ់ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​នេះ ក៏​ចង់​ធ្វើ​ការកែច្នៃ និង​វេច​ខ្ចប់ ផលិតផល​កសិកម្ម នៅ​កម្ពុជា​ក្នុង​ការនាំចេញ​ផងដែរ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;