រុស្ស៊ី បង្កើតស្ថានីយនុយក្លេអ៊ែរបណ្ដែតទឹកដំបូងគេលើលោក
- 2018-05-21 04:40:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ី បង្កើតស្ថានីយនុយក្លេអ៊ែរបណ្ដែតទឹកដំបូងគេលើលោក
ចន្លោះមិនឃើញ
រុស្ស៊ីបានដាក់បង្ហាញស្ថានីយថាមពលនុយក្លេអ៊ែរបណ្ដែតទឹកមិនធ្លាប់លើពិភពលោក កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅកំពង់ផែភាគខាងជើងទីក្រុង Murmansk។
វាមានឈ្មោះថា Akademik Lomonosov បង្កើតឡើងដោយក្រុមហ៊ុនរដ្ឋ Rosatom នៅក្នុងទីក្រុង Saint Petersburg។ នាវាថាមពលនុយក្លេអ៊ែរនេះ មានប្រវែង ១៤៤ x ៣០ម៉ែត្រ ទម្ងន់ជាង ២ម៉ឺនតោន ហើយមានផ្ទុកម៉ាស៊ីនរ៉េអាក់ទ័រចំនួន ២ កម្លាំងសរុប ៧០មេហ្គាវ៉ាត់ (រ៉េអាក់ទ័រ១កម្លាំង ៣៥មេហ្គាវ៉ាត់) ដែលស្រដៀងនឹងរ៉េអាក់ទ័រប្រើនៅលើនាវាកម្ទេចទឹកកកអ៊ីចឹងដែរ។
ស្ថានីយ ឬនាវាថាមពលនុយក្លេអ៊ែរ Akademik Lomonosov នឹងដំណើរការនៅឆ្នាំ២០១៩ខាងមុខ ក្នុងកំពង់ផែ Pevek ស្ថិតនៅតំបន់ស្វយ័ត Chukotka ភាគឦសានប្រទេសរុស្ស៊ី ហើយស្ថិតនៅចម្ងាយ ៣៥០គីឡូម៉ែត្រពីតំបន់អាកទិច។ វានឹងត្រូវប្រើប្រាស់សម្រាប់បង្កើតជាថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ដល់មនុស្ស ២០ម៉ឺននាក់។
លោក Vitaly Trutnev ដែលជាអ្នកទទួលខុសត្រូវនៅក្នុងគម្រោងសាងសង់ និងដំណើរការនាវា Akademik Lomonosov បានឲ្យដឹងថា ថាមពលអគ្គិសនីដែលផលិតចេញពីនាវានេះនឹងអាចជួយដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ក៏ដូចជាការជំរុញកំណើន និងស្ថិរភាពនៃការអភិវឌ្ឍនៅទីនោះផងដែរ។ លោកបន្តទៀតថា គម្រោងនេះក៏នឹងអាចជួយកាត់បន្ថយការសាយភាយកាបូនឌីអុកស៊ីតបានចំនួន ៥ម៉ឺនតោនក្នុង១ឆ្នាំៗផងដែរ៕