ករណីពុលនៅខេត្តក្រចេះ៖ រដ្ឋមន្ត្រី ២រូប បកស្រាយផ្ទុយគ្នា
- 2018-05-21 07:14:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ករណីពុលនៅខេត្តក្រចេះ៖ រដ្ឋមន្ត្រី ២រូប បកស្រាយផ្ទុយគ្នា
ចន្លោះមិនឃើញ
ករណីពុលនៅខេត្តក្រចេះ កាលពីដើមខែឧសភា ២០១៨ កន្លងទៅ មកដល់ពេលនេះ មានរដ្ឋមន្រ្តី ២រូប បានធ្វើការបកស្រាយផ្ទុយគ្នា។ ក្នុងនោះ រដ្ឋមន្ត្រីមួយរូបថា មកពីអាជីវកម្មរ៉ែ ដែលប្រើជាតិគីមីពុល (ស្សានីត) ចំណែករដ្ឋមន្រ្តីមួយរូបទៀត បញ្ជាក់ថា ករណីពុលនេះ គ្មានពាក់ព័ន្ធជាតិស្សានីតនោះទេ។
ចំណែកលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២១ ខែឧសភា ២០១៨ បានបញ្ជាក់ថា ពាក់ព័ន្ធករណីពុលនៅខេត្តក្រចេះ កាលពីពេលកន្លងមកនេះ ក្រសួងបរិស្ថានបានយកឈាមអ្នកស្លាប់ យកទៅពិនិត្យនៅសឹង្ហបុរី ហើយរកឃើញថា អត់មានជាតិស្យានីដនៅក្នុងឈាមទេ។
លោក ស៊ុយ សែម បានថា “ពាក់ព័ន្ធពុលនៅក្រចេះ ថ្ងៃមិញហ្នឹង គឺខាងបរិស្ថានបានយកឈាមអ្នកស្លាប់ យកទៅពិនិត្យនៅសឹង្ហបុរី មើលអស់ហើយ អត់មានជាតិស្យានីដហ្នឹងទេ អត់មានស្យានីដនៅក្នុងឈាមទេ គឺជាតិពុលផ្សេងៗ ដែលក្រសួងសុខាភិបាលមានភារកិច្ចពិនិត្យនឹង គឺដូចគាត់និយាយចឹង គឺថ្នាំពុលសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ នៅក្បែរស្ទឹងដែលគេធ្វើ ខាងខ្ញុំក៏ទៅថតបានដែរ ធុងថ្នាំកំចាត់ស្មៅ កំចាត់សត្វល្អិតរាប់រយធុងនៅមាត់ស្ទឹង មាត់ព្រែក នឹងក៏វារួមចំណែកមួយចំនួន ហើយរឿងស្រា ក្រសួងសុខាភិបាលមានភារកិច្ចស្រាវជ្រាវបញ្ហានឹង គាត់បានធ្វើសេចក្តីប្រកាសជាផ្លូវការហើយ”។
លោកថា ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន បានខិតខំធ្វើការងាររបស់ខ្លួន តាមភារកិច្ចទទួលខុសត្រូវរបស់ខ្លួន អត់មានព្រងើយកន្តើយទេ។
គួររំលឹកផងដែរថា ករណីពុលនេះ កើតឡើងនៅភូមិចំនួន៤ ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ដោយអ្នកភូមិជាច្រើន មានរោគសញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើម។ រហូតដល់ថ្ងៃទី៧ ឧសភា ចំនួនអ្នកស្លាប់ដោយសារករណីពុល បានកើនឡើងដល់ ១៣នាក់ និងជាច្រើននាក់ទៀត ត្រូវចូលសម្រាកនៅមន្ទីរពេទ្យ៕