ចិនប្រតិកម្មនឹងការចោទប្រកាន់ ជុំវិញការចុះចតយន្តហោះទម្លាក់គ្រាប់បែកនៅសមុទ្រចិនខាងត្បូង
- 2018-05-22 03:04:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនប្រតិកម្មនឹងការចោទប្រកាន់ ជុំវិញការចុះចតយន្តហោះទម្លាក់គ្រាប់បែកនៅសមុទ្រចិនខាងត្បូង
ចន្លោះមិនឃើញ
ប្រទេសចិន កាលពីថ្ងៃទី២១ ខែឧសភា ២០១៨ ម្សិលមិញ បានវាយប្រហារចំពោះការចោទប្រកាន់ដែលថា ចិនបានធ្វើឲ្យមានភាពតានតឹង និងអស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង ក្រោយចិនបានធ្វើលំហាត់សមយុទ្ធនៅសមុទ្រចិនខាងត្បូង ហើយក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា ជាការគំរាមកំហែងជាក់ស្ដែងដោយប្រើកម្លាំងយោធា។
លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា "ប្រជុំកោះនៅសមុទ្រចិនខាងត្បូង គឺជាទឹកដីរបស់ចិន។ ចំណែកការចល័តយន្តហោះទម្លាក់គ្រាប់បែក គឺជាផ្នែកមួយនៃលំហាត់សមយុទ្ធជាធម្មតារបស់កងទ័ពចិន។ ការបកស្រាយលើសការពិតពាក់ព័ន្ធនឹងបញ្ហានេះ គឺមិនចាំបាច់នោះទេ"។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ការគំរាមកំហែងពិតនោះ គឺបង្កើតឡើងដោយភាគីមិនពាក់ព័ន្ធ ដែលបានបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំង មកតំបន់សមុទ្រចិនខាងត្បូង ដោយមន្រ្តីចិនរួបនេះ បានសំដៅលើសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន មហាយក្សចិនបានធ្វើលំហាត់សមយុទ្ធដោយបានប្រើយន្តហោះទម្លាក់គ្រាប់បែក H-6k ចុះចតនៅលើកោះសិប្បនិមិត្ត ក្នុងសមុទ្រចិនខាងត្បូង៕