ជប៉ុន សហការ​ជាមួយ​កម្ពុជា លើការ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​កែច្នៃ​គ្រឿង​បន្លាស់​រថយន្ត

  • 2018-05-23 04:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ជប៉ុន Sanyo Parts បាន​ចុះ​អនុស្សារណៈ​នៃការ​យោគយល់​គ្នា​ជាមួយ​សាលា​មធ្យមសិក្សា​បច្ចេកទេស JVC របស់​កម្ពុជា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ផ្តល់ការ​បណ្តុះ​បណ្តាល​បច្ចេកវិទ្យា​កែច្នៃ​ឡើង​វិញ​នូវ​គ្រឿង​បន្លាស់​រថយន្ត។ ពិធី​នេះ ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងទី ២២ ខែ​ឧសភា ឆ្នាំ​២០១៨។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន Sanyo Parts និង​សាលា JVC នៅក្រសួងការងារ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ រូបថត៖ FB ក្រសួងការងារ
លោក Keiji Sakai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Samyo Part បាន​ឱ្យដឹង​ថា ក្រុមហ៊ុន​លោក​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​១៩៦៨ ដែលជា​ក្រុមហ៊ុន​បោះដុំ​គ្រឿង​បន្លាស់​រថយន្ត។ ក្រុមហ៊ុន​នេះ បាន​ផលិត​គ្រឿង​បន្លាស់​រថយន្ត​ក្នុង​ប្រទេស​ចិន និង​ចែកចាយ​ក្នុង​ប្រទេស​ជប៉ុន។

លោក​បន្ត​ថា កាលពី​៤ឆ្នាំ​មុន ក្រុមហ៊ុន​របស់​លោក​បាន​មក​សិក្សា​ស្រាវជ្រាវ​ពី​ទីផ្សារ​កម្ពុជា។ ក្រុមហ៊ុន​បាន​រកឃើញ​ថា កម្ពុជា​បាន​ប្រើប្រាស់​រថយន្ត​ជាច្រើន ដែល​ផលិត​នៅ​ជប៉ុន។ ប៉ុន្តែ​សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​បន្លាស់​រថយន្ត​នៅ​កម្ពុជា គឺ​និយម​ប្រើប្រាស់​គ្រឿង​បន្លាស់​មួយទឹក ដែល​ពុំមាន​បទដ្ឋាន​ស្តង់ដា​ច្បាស់លាស់ ដើម្បី​ធានា​សុវត្ថិភាព​ឡើយ។

លោក​បញ្ជាក់​ថា កត្តានេះ​ហើយ ដែល​ក្រុមហ៊ុន​របស់​លោក សហការ​ជាមួយ​សាលា JVC ដើម្បី​បង្កើត​បច្ចេកវិទ្យា​មួយ ដែល​កែច្នៃ​គ្រឿង​បន្លាស់​រថយន្ត​ចាស់ៗ​ទាំងនោះ ឱ្យ​ក្លាយទៅ​ជា​ថ្មី និងមាន​ស្តង់ដា ដើម្បី​រក្សា​បរិស្ថាន​ស្អាត និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​កំហុស​បច្ចេកទេស ដោយសារ​ការ​ប្រើប្រាស់​គ្រឿង​បន្លាស់​រថយន្ត​មួយ​ទឹក។

សិស្សនៅសាលា JVC កំពុងរៀនជួសជុលរថយន្ត

លោក ពេជ្រ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ឱកាស​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចង់មាន​ជំនាញ​ច្បាស់លាស់ ​ពាក់ព័ន្ធ​នឹង​គ្រឿង​បន្លាស់​រថយន្ត។ បច្ចុប្បន្ន​ទីផ្សារ​កម្ពុជា កំពុងតែ​ត្រូវការ​ជា​ចាំបាច់​នូវ​ជំនាញ​ច្បាស់លាស់​ក្នុងការ​ផលិត និង​ជួសជុល​គ្រឿងយន្ត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;