ចំនួន​រមណីយដ្ឋាន សហគមន៍-អេកូ​ទេសចរណ៍ នៅ​កម្ពុជា

  • 2018-05-23 13:29:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​ឲ្យដឹង​ថា បច្ចុប្បន្ន កម្ពុជា​មាន​រមណីយដ្ឋាន​ទេសចរណ៍​សរុប​ជាង ៤០០​កន្លែង (គ្រប់គ្រង​ដោយរដ្ឋ ២៦២កន្លែង និង​ឯកជន ៧៤​កន្លែង) និង​សហគមន៍​ទេសចរណ៍-អេកូទេសចរណ៍​ចំនួន ៥៦​កន្លែង ព្រមជាមួយ​កន្លែង​មាន​សក្តានុពល​ទាក់ទាញ​ទេសចរ​ជាច្រើន​ទៀត​​នៅ​ទូទាំង​ប្រទេស ដែលបាន​នឹង​កំពុង​រៀបចំ​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​។ ការ​លើកឡើង​នេះ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ចលនា​ប្រឡង​ប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី២ អម​ជាមួយ​ចលនា​ប្រឡង​ប្រណាំង​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍​គំរូ​លើក​ទី១ នាថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ។

ឆ្នេរកែប
លោក​បាន​បញ្ជាក់​ថា អង្គការ​ទេសចរណ៍​ពិភពលោក បាន​កត់​សម្គាល់​នូវ​និន្នាការ​ទេសចរណ៍​ពិភពលោក រួមមាន​ដូចជា៖
  • ភ្ញៀវ​ទេសចរ​ងាកមក​ចាប់​អារម្មណ៍​នូវ​ដំណើរ​កម្សាន្ត​ផ្សងព្រេង ដែលមាន​ការ​រៀបចំ​ច្បាស់លាស់ (Curated Adventure) ជាង​ការ​ផ្សងព្រេង​បែប​ធម្មជាតិ។

  • ការថត​រូប​ចល័ត ដោយ​ប្រើប្រាស់​ទូរសព្ទ​ឆ្លាតវៃ និង​ចែក​រំលែក​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម ដូចជា Facebook, Twitter, Line, Snapchat ជាដើម ដែល​ជំរុញ​ឱ្យ​ពួកគេ ធ្វើដំណើរ​ទៅរក​រមណីយដ្ឋាន​ទេសចរណ៍​ថ្មីៗ។

  • ការដើរ​កម្សាន្ត​ម្នាក់ឯង តែ​មិនមែន​ជា​ទេសចរណ៍​បែប​សំពាយ ដើម្បី​ស្វែងយល់ និង​ស្វែងរក​គោលដៅ​ទេសចរណ៍​ថ្មីៗ បំពេញ​បំណង​ប្រាថ្នា​របស់ខ្លួន​ឯង។

  • ការ​រៀបចំ​កន្លែង​ស្នាក់នៅ​ប្រកប​ដោយ​ភាព​កក់ក្តៅ​មាន​ផាសុកភាព​ តែ​មិន​ចំណាយ​ច្រើន និង​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ ដូចជា​ការ​រចនា​ដោយ​មិន​ប្រើ​ម៉ាស៊ីន​ត្រជាក់ តែមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់។

  • ការ​ជំរុញ​ការ​ប្រើប្រាស់​កសិកម្ម​ខ្នាតតូច​បែប​បរិស្ថាន ដូចជា​ការ​ដាំដើមឈើ​ឱ្យបាន​ច្រើន​នៅក្នុង​រមណីយដ្ឋាន ការ​ដាំផ្កា បន្លែ និង​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវ​ទេសចរ​ជាដើម។

ប្រាសាទអង្គរវត្ត

ក្រសួង​ទេសចរណ៍ បាន​ឱ្យដឹង​ថា កាលពី​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​អ្នក​ទេសចរ​អន្តរជាតិ ជាង ៥,៦ លាន​នាក់ និង​នាំប្រាក់​ចំណូល​ប្រមាណ ៣៤០០ លាន​ដុល្លារ។ សម្រាប់​រយៈពេល ៣ខែ ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ១,៧ លាន​នាក់ កើនឡើង​ក្នុង​អត្រា ១៣,៩%។ តាមការ​ព្យាករ នៅឆ្នាំ២០១៨​នេះ កម្ពុជា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ ៦,២ លាន​នាក់៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;