ប្រធាន​គណបក្ស ៦ លើក​ឡើង​ខុសៗគ្នា​ពី​លេខរៀង​គណបក្ស​របស់​ខ្លួន

  • 2018-05-29 13:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំគណបក្សនយោបាយមួយចំនួនបាន​លើកឡើងខុសៗគ្នា អំពីការចាប់លេខរៀងគណបក្សនយោបាយនៅលលើសន្លឹកឆ្នោត ​កាល​ពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៨ ដោយគណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត។ ដោយ​គណបក្ស​ទាំង​នោះ​សុទ្ធ​តែអះអាងថា លេខរៀង​ដែល​គណបក្ស​ខ្លួន​ចាប់​បាន គឺសុទ្ធ​តែ​ល្អ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកលេខទី២០ ដែលជាលេខងាយស្រួលចំណាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
នៅក្នុងផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែឧសភា បានសរសេរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានធ្វើការចាប់លេខរៀងគណបក្សនយោបាយទាំង២០ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។ គណបក្សប្រជាជនកម្ពុជា ត្រូវចាប់លេខរៀងបានលេខទី២០ ដែលជាលេខងាយស្រួលចំណាំដល់ពលរដ្ឋទូទាំងប្រទេស។ គ.ជ.ប.នឹងដាក់បង្ហាញការបោះពុម្ពទម្រង់សន្លឹកឆ្នោតនៅពេលឆាប់ៗនេះ។

លោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានឲ្យដឹងថា ការចាប់លេខងរៀងនេះ គឺលោកទទួលយកបាន ហើយលោកសប្បាយចិត្តដោយការបោះឆ្នោតនីតិកាលទី៦ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យចាប់បានលេខរៀងទី៦ ហើយលេខ៦ នឹងជោគជ័យនៅក្នុងអាណត្តិទី៦នេះហើយ។

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានឲ្យដឹងដែរថា គណបក្សធម្មាធិបតេយ្យ ចាប់បានលេខរៀងទី១៦ គឺសម្តេចព្រះសង្ឃរាជទាំងពីរគណៈចាប់ឲ្យ មានន័យថា ព្រះបានប្រទានលេខល្អឲ្យហើយ។ ការចាប់ឆ្នោតលំដាប់លេខរៀងគណបក្ស គឺមានភាពសុក្រឹត្យ ត្រឹមត្រូវ យុត្តិធម៌ អាចទទួលយកបាន។ ដោយលោកស្រីយល់ថា លទ្ធិប្រជាធិបតេយ្យ កើតមានល្អប្រសើរនៅក្នុងប្រទេសកម្ពុជាយើងហើយ។

លោកសេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានថ្លែងថា គណបក្សសញ្ជាតិកកម្ពុជា ចាប់បានលេខរៀងទៅ៤ គឺជាលេខព្រហ្មវិហារធម៌៤ លេខព្រហ្មលិខិត មានន័យថា ជាលេខជោគជ័យនៅក្នុងការបោះឆ្នោត ដូចបានឃើញហើយ កាលពីអាណត្តិមុន (អាណត្តិទី៥) គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី៤ ទទួលបានជោគជ័័យនៅក្នុងការបោះឆ្នោត ឥឡូវនេះគណបក្សសញ្ជាតិកម្ពុជា ទទួលបានលំដាប់លេខទី៤ ដែលជាលេខជោគជ័យ ជាលេខដែលប្រជាពលរដ្ឋខ្មែរទទួលបានជោគជ័យ។ ដោយលោកបានបញ្ជាក់ថា គណបក្សសញ្ជាតិកម្ពុជា ឈ្នះ មានន័យថា ប្រជាពលរដ្ឋខ្មែរជាអ្នកឈ្នះ។

លោកលន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ បានឲ្យដឹងថា គណបក្សគណបក្សខ្មែរសាធារណរដ្ឋ ចាប់បានលេខរៀងទី១១ គឺជាលេខដែលងាយស្រួលប្រជាពលរដ្ឋចំណាំ។ ហើយការដែលគណបក្សគណបក្សខ្មែរសាធារណរដ្ឋ ចូលរួមនៅក្នុងការបោះឆ្នោត គឺដើម្បីជួយខ្មែរទាំងអស់គ្នា។

លោកសឹង្ហ គីរី ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែររួបរួមជាតិ ចាប់បានលេខរៀងទី១ គឺលោកមានការសប្បាយចិត្ត និងជាពិសេសលេខរៀងនៅលើគេ (លេខ១) គឺងាយស្រួលប្រជាពលរដ្ឋចំណាំ។ ហើយសមាជិកគណបក្សខ្មែររួបរួមជាតិ នឹងចុះទៅមូលដ្ឋានដើម្បីពន្យល់ប្រាប់ប្រជាពលរដ្ឋបានដឹង និងពន្យល់ពួកគាត់អំពីលេខរៀងគណបក្សខ្មែររួបរួមជាតិ ចាប់បានលេខរៀងទី១ នៅលើគេបង្អស់។ លោកបានអះអាងថា គណបក្សខ្មែររួបរួមជាតិ នឹងទទួលបានអាសនៈខ្លះនៅក្នុងរដ្ឋសភាជាក់ជាមិនខាន។

អត្ថបទ៖ សោភា

អត្ថបទថ្មី
;