ចិន គ្រោង​បង្កើត​ក្រុង​រណប១ នៅខេត្ត​ព្រៃវែង

  • 2018-05-30 06:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ចិន Jiangxi Haihui Utility Co.,Ltd គ្រោង​នឹង​អភិវឌ្ឍ​តំបន់​នៅមុខ​សាលា​ខេត្ត​ព្រៃវែង ទំហំ ៣០០ហិកតា ឱ្យ​ក្លាយ​ជា​រណប​១ ដែលមាន​សក្តានុពល​លើ​គ្រប់​វិស័យ​រួមមាន៖ តំបន់​កម្សាន្ត ខុនដូ តំបន់​ពាណិជ្ជកម្ម និង​ជា​តំបន់​ឧស្សាហកម្ម​ផងដែរ។ នេះបើ​តាម​ការ​លើកឡើង​របស់​លោក Yu Hui Hua ប្រធាន​ក្រុមហ៊ុន​នេះ ក្នុង​កិច្ចប្រជុំ​ជាមួយ​សម្តេច ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ស្តីពី​គម្រោង​វិនិយោគ​នេះ កាលពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង។

សម្តេច ស ខេង ក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមហ៊ុនចិន Jiangxi Haihui Utility Co.,Ltd កាលពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង។ រូបថត៖ FB ក្រសួងមហាផ្ទៃ
លោក Yu Hui Hua សង្ឃឹម​ថា តាម​រយៈ​គម្រោង​នេះ ខេត្ត​ព្រៃវែង នឹងមាន​អ្នក​វិនិយោគ ភ្ញៀវ​ទេសចរ និង​ប្រជាជន​រស់នៅ​កើនឡើង​នា​ពេល​ខាងមុខ។

ជាការ​ឆ្លើយតប សម្តេច ស ខេង បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គម្រោង​របស់​ក្រុមហ៊ុន ដែលចង់​អភិវឌ្ឍ​ខេត្ត​ព្រៃវែង ឱ្យ​ក្លាយជា​ទីក្រុង​ដែលមាន​ភាព​ទាក់ទាញ​មួយ​សម្រាប់​ទាក់​អារម្មណ៍​លើឆាក​អន្តរជាតិ។ សម្តេច​បន្ត​ថា ប្រសិន​បើ​គម្រោង​នេះ អាច​លេច​រូបរាង​ឡើង​នោះ ពិតជា​ផ្តល់​ប្រយោជន៍​ជាច្រើន​មក​ដល់​កម្ពុជា​រួមមាន៖ ការផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ទាល់ និង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​មានភាព​រីកចម្រើន​លើ​វិស័យ​សំណង់​ផងដែរ។

ទន្ទឹមនឹង​ការ​គាំទ្រ​ចំពោះ​គម្រោង​នេះ​ដែរ រដ្ឋមន្រ្តី​មហាផ្ទៃ បាន​ស្នើឱ្យ​ក្រុមហ៊ុន Jiangxi Haihui Utility Co.,Ltd គោរព​តាម​គោលការណ៍​ច្បាប់​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ដែលនឹង​ធ្វើឱ្យ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទទួល​បាន​ភាព​ស្រប​ច្បាប់ និងផ្តល់​ភាព​ជឿជាក់​ដល់​អតិថិជន​របស់ខ្លួន​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;