ករណីគ្រូថៃ បង្ខំឲ្យសិស្សស្រី៣នាក់ដោះអាវទ្រនាប់ កំពុងផ្ទុះខ្លាំងលើបណ្ដាញសង្គម
- 2018-06-01 04:11:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ករណីគ្រូថៃ បង្ខំឲ្យសិស្សស្រី៣នាក់ដោះអាវទ្រនាប់ កំពុងផ្ទុះខ្លាំងលើបណ្ដាញសង្គម
ចន្លោះមិនឃើញ
ការចែករំលែក និងបញ្ចេញមតិ កំពុងកើតមានឡើងព្រោងព្រាតនៅលើបណ្ដាញសង្គមប្រទេសថៃ។ នេះជាករណីពាក់ព័ន្ធនឹងគ្រូស្រីនៅសាលាឯកជនមួយក្នុងខេត្តឈុនបុរី ដែលបានពិន័យសិស្សស្រី៣នាក់ឲ្យដោះអាវក្នុងរបស់ពួកគេចេញ។
យោងតាមសារព័ត៌មានថៃ Coconut បានឲ្យដឹងថា គ្រូស្រីដែលប្រព្រឹត្តទង្វើនេះ មានឈ្មោះថា Danita Taechasiri ជាគ្រូនៅសាលា Surasak Witthayakhom បង្រៀននៅថ្នាក់ទី៨។ អ្នកគ្រូ Danita បានឆ្លើយសារភាពកាលពីថ្ងៃទី៣០ឧសភាថា ខ្លួនពិតជាបានប្រើវិធីនេះក្នុងការពិន័យសិស្សស្រីរងគ្រោះទាំង៣នាក់ប្រាកដមែន។ ការពិន័យនេះ ធ្វើឡើងតាំងតែពីថ្ងៃទី២៨ ខែឧសភា នៅពេលសិស្សស្រីទាំងនោះប្រព្រឹត្តខុសនឹងវិន័យ ក្នុងការដែលមិនពាក់អាវកាក់បន្ថែមពីលើអាវក្នុង។
សូមបញ្ជាក់ថា ជាទូទៅ អាវ ស សិស្សសាលាថៃមានសភាពស្ដើង ហើយអាចមើលធ្លុះខាងក្នុង ហេតុដូច្នេះទើបសាលាមួយចំនួនបង្កើតវិន័យឲ្យពួកគេត្រូវពាក់អាវកាក់បន្ថែម១ជាន់ទៀត។
រឿងហេតុខាងលើ ត្រូវបានម្នាក់ក្នុងចំណោមសិស្សស្រីដែលរងពិន័យ ចែកចាយនៅលើបណ្ដាញសង្គម ហើយបង្កឲ្យមានការចែករំលែក និងបញ្ចេញមតិយ៉ាងច្រើនសន្ធឹកអំពីករណីមួយនេះ។ នៅលើការបង្ហោះ សិស្សស្រីមិនបញ្ចេញឈ្មោះរូបនេះ ប្រាប់ថា នាងត្រូវយកកាតាបមកបាំងពីមុខ ដើម្បីការពារកេរ្តិ៍ខ្មាសរបស់ខ្លួន រហូតដល់ម៉ោងចេញទៅផ្ទះទើបគ្រូនាងប្រគល់អាវក្នុងឲ្យមកវិញ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទំព័រសារព័ត៌មានហ្វេសប៊ុកមួយឈ្មោះ E Jan ម្ដាយរបស់សិស្សរងគ្រោះម្នាក់បាននិយាយថា កូនស្រីរបស់គាត់នៅពេលត្រឡប់មកផ្ទះវិញ បានយំយ៉ាងខ្លាំង ព្រោះទទួលរងការពិន័យដ៏មិនសមហេតុផលនេះ។ ចំណែកអ្នកគ្រូ Danita បានធ្វើការសុំទោស ហើយយំរៀបរាប់ថា ខ្លួនពិតជាខុសមែន តែការធ្វើនេះក៏ព្រោះចង់ឲ្យកូនសិស្សល្អដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ខាងសាលារៀនកំពុងចាប់តាំងគណៈកម្មាធិការស៊ើបអង្កេតអំពីរឿងរ៉ាវមួយនេះហើយ៕