លោក ស៊ុន ចាន់ថុល ថាគម្រោងរថភ្លើងលើអាកាស ត្រូវការពេលវេលាសិក្សាបន្ថែមទៀត
- 2018-06-07 00:19:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ុន ចាន់ថុល ថាគម្រោងរថភ្លើងលើអាកាស ត្រូវការពេលវេលាសិក្សាបន្ថែមទៀត
ចន្លោះមិនឃើញ
រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា គម្រោងស្ថាបនាខ្សែរថភ្លើងលើអាកាស ដែលហៅថា AGT ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុននៅតែអនុវត្ត ដោយត្រូវការពេលវេលាយ៉ាងហោចណាស់ពីរឆ្នាំបន្ថែមទៀត ដើម្បីសិក្សាលម្អិត។ នេះជាការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី៦ មិថុនា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការចំណាយពេលវេលាសិក្សាយូរនេះ គឺដើម្បីសិក្សាឲ្យបានប្រាកដថា នៅពេលអនុវត្តគម្រោងសាងសង់ខ្សែរថភ្លើងលើអាកាសក្នុងរាជធានីភ្នំពេញនេះទៅ មានផលប៉ះពាល់តិចតួចបំផុតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ សាធារណៈ។
លោករដ្ឋមន្ត្រីបន្តថា ភាគីទាំងពីរ នឹងមានការជួបពិភាក្សាគ្នាម្តងទៀត ដើម្បីពន្យល់ ដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃគម្រោងនេះ។
លោកបានបន្ដថា គម្រោងស្ថាបនាខ្សែរថភ្លើងលើអាកាសក្នុងរាជធានីភ្នំពេញ មុនដំបូងគេនេះ នឹងអនុវត្តចាប់ពីស្ថានីយនៅផ្សារធំថ្មីឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានប្រវែងសរុប ១៨គីឡូម៉ែត្រ ក្នុងនោះប្រវែងប្រមាណ ៤គីឡូម៉ែត្រចេញពីព្រលានយន្តហោះ នឹងត្រូវសាងសង់ផ្លូវរថភ្លើងក្រោមដី ដើម្បីបញ្ចៀសបញ្ហាចរាចរណ៍របស់យន្តហោះ។
យោងតាមការសិក្សារបស់ជំនាញការរបស់ JICA បានឲ្យដឹងថា គម្រោង សាងសង់ខ្សែរថភ្លើងលើអាកាសដោយរត់កាត់ពីលើដងវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញនេះ នឹងត្រូវចំណាយអស់ថវិកាប្រមាណ ៨០០លានដុល្លារអាមេរិក៕