លោក ថាក់ស៊ីន ​ត្រូវ​តុលាការ​កំពូល​ថៃ កោះហៅ​ជុំវិញ​បណ្ដឹង​ថ្មី​មួយទៀត​

  • 2018-06-07 01:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​កំពូល​ថៃ បាន​សម្រេច​ទទួល​ពាក្យ​បណ្ដឹង រួម​ជាមួយ​ឯកសា​ភស្តុតាង​ចំនួន ២១​ប្រអប់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ ដែល​បាន​ចោទប្រកាន់​អតីត​នាយករដ្ឋមន្ត្រី​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពី​បទ​បំពាន​អំណាច ក្នុង​សំណុំ​រឿង​ឧស្សាហកម្ម​គីមី​ឥន្ធនៈ​ថៃ កាល​ពី​ឆ្នាំ​២០០៣។

តុលាការ បាន​កោះ​ហៅ​លោក ថាក់ស៊ីន ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ខាងមុខ​នេះ ហើយ​ប្រសិនបើ​លោក​មិន​បង្ហាញ​ខ្លួន​ទេ​នោះ តុលាការ​នឹង​ចេញ​ដីកា​ឃាត់​ខ្លួន​លោក​ថាក់​ស៊ីន​។ ក្នុង​រយៈ​ពេល ៣ខែ បើ​លោក​នៅ​តែ​មិន​បង្ហាញ​ខ្លួន តុលាការ​នឹង​ធ្វើការ​កាត់​ទោស​កំបាំង​មុខ​។

លោក ថាក់ស៊ីន (រូបថត៖ Bloomberg)
កាលពី​ឆ្នាំ​២០១០ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថៃ បាន​រក​ឃើញ​ថា លោក ថាក់ស៊ីន បាន​ល្មើស​នឹង​ក្រម​ព្រហ្មទណ្ឌ មាត្រា ១៥៧​ ។ គ្រា​នោះ លោក​បាន​តែងតាំង​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Suchart Chaovisith ឲ្យ​ធ្វើ​ជា​ប្រធាន​គម្រោង​ស្ដារ​ឧស្សាហកម្ម​គីមី​ឥន្ធនៈ​ថៃ ដែល​កំពុង​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ។​

អង្គភាព​ខាងលើ បាន​អះអាង​ថា ឧស្សាហកម្ម​គីមី​ឥន្ធនៈ​ថៃ ជា​ក្រុមហ៊ុន​ឯកជន​ដែល​ផុត​ពី​ដែន​សមត្ថកិច្ច​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ។

សូម​ជម្រាប​ថា ពាក្យបណ្ដឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ​ចុងក្រោយ​នេះ ជា​បណ្ដឹង​ទី​៦ ប្រឆាំង​នឹង​លោក ថាក់​ស៊ីន ចាប់​តាំង​ពី​រដ្ឋប្រហារ​ទម្លាក់​លោក​កាលពី​ឆ្នាំ​២០០៦​៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;