វិភាគ​គូទី២ World Cup៖ អេហ្ស៊ីប vs អ៊ុយរុយហ្គាយ

  • 2018-06-15 06:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


៣គូ នឹង​ធ្វើ​ឲ្យ​កក្រើក FIFA World Cup រាត្រី​ថ្ងៃ​ទី១៥ ខែមិថុនា​នេះ ដែល​ក្នុង​នោះ ១គូ​ក្នុង​ពូល A រវាង​អេហ្ស៊ីប និ​ងអ៊ុយរុយហ្គាយ (ម៉ោង ៧យប់) និង២គូ​ ពូល B រវាង ម៉ារ៉ុក vs អ៊ីរ៉ង់ (ម៉ោង ១០យប់) និង​ អេស្ប៉ាញ vs ព័រទុយហ្គាល់ (ម៉ោង ២រំលង​អាធ្រាត្រ)។

ខ្លីៗ សូម​វិភាគ​ត្រួសៗ ពី​ការ​ប្រកួត​រវាង​ អេហ្ស៊ីប និង​អ៊ុយរុយហ្គាយ ដូចខាងក្រោម៖

ជើង​កីឡាករ នៃ​ក្រុម​ទាំង២៖

  • អេហ្ស៊ីប៖ Salah នឹង​អាច​ចូល​លេង​បាន ក្នុង​ប្រកួត​ដំបូង​ទល់​នឹង​អ៊ុយរុយហ្គាយ នៅ​កីឡដ្ឋាន Yekaterinburg យប់នេះ ក្រោយ​ជាសះស្បើយ​ពី​របួស​ស្មា។ កីឡាករ​រូបនេះ ខកខាន​ជាន់​ទីលាន​ប្រកួត​ តាំង​ពី​រង​របួស ពេល​ប្រកួត​ផ្ដាច់ព្រ័ត្រ Champions League កាលពី​ចុង​ខែឧសភា​កន្លងទៅ។

ក្រៅ​ពី​ Salah កីឡាករ​ខ្សែការពារ Ali Gabr ដែល​របួស​បន្តិច​ពេល​ហ្វឹកហាត់​នោះ ក៏​ជា​សះស្បើយ​ទាន់​ការ​ប្រកួត​នេះ​ដែរ។

ចំណែកអ៊ុយរុយហ្គាយ​វិញ ក៏​មិន​មាន​បញ្ហា​កីឡាករ​របួស​នោះដែរ។ ខ្សែ​បម្រើ​វ័យក្មេងកំពុង​លេចធ្លោ ២រូប គឺ Rodrigo Bentancur (២០ឆ្នាំ) និង Nahitan Nandez (២២ឆ្នាំ) ទំនង​ជា​បាន​ចូល​លេង​ក្នុង​ប្រកួត​នេះ។ ចំណែក​ខ្សែ​ប្រយុទ្ធ គឺ​ Luis Suarez និង Edinson Cavani។

ការទស្សន៍ទាយ​របស់​ខ្លីៗ៖ អេហ្ស៊ីប ០-២ អ៊ុយរុយហ្គាយ

ប្រវត្តិជួបគ្នា៖

ក្រុម​ទាំង២ ធ្លាប់​ជួប​គ្នា​តែ​ម្ដង​ប៉ុណ្ណោះ ក្នុងជំនួប​មិត្តភាព​នៅទឹកដី​អេហ្ស៊ីប កាលពី ខែសីហា ឆ្នាំ២០០៦។ លទ្ធផល​គឺ អ៊ុយរុយហ្គាយ ឈ្នះ អេហ្ស៊ីប ២-០។

ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍នៃ​ក្រុម​ទាំង២៖

អេហ្ស៊ីប៖

  • អេហ្ស៊ីប មិន​ដែល​ឈ្នះ​ការ​ប្រកួត​នៅ​ World Cup នោះទេ (លេង ៤ប្រកួត ស្មើ២ ចាញ់២)

  • នេះ​ជា​លើកទី៣ សម្រាប់​អេហ្ស៊ីប ក្នុង​ការ​បង្ហាញ​ខ្លួននៅ World Cup ប៉ុន្តែ​ជា​លើក​​ដំបូង​ គិត​ចាប់​ពីឆ្នាំ១៩៩០ មក (លើកទី១ ឆ្នាំ១៩៣៤ , លើកទី២ ឆ្នាំ១៩៩០)

  • កីឡាករ Essam El Hadary (អ្នកចាំទី និងជាប្រធានក្រុម) របស់​អេហ្ស៊ីប នឹង​ក្លាយជា​កីឡាករ​ចាស់​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្រ្ដ World Cup បើ​ចូល​លេង​យប់នេះ (អាយុ ៤៥ឆ្នាំ ១៥១ថ្ងៃ)។

  • Mohamed Salah ស៊ុត​បញ្ចូល​ទី ៥គ្រាប់​ ក្នុង​វគ្គ​ជម្រុះ​ជុំទី៣ តំបន់​អាហ្រ្វិក ច្រើន​លើស​កីឡាករ​ដទៃ​ទៀតក្នុង​វគ្គ​ជម្រុះ​នោះ។

  • ថ្ងៃប្រកួត​នេះ (១៥ មិថុនា) គឺជា​ថ្ងៃ​ខួប​កំណើត គម្រប់ ២៦ឆ្នាំ របស់ Mohamed Salah។

អ៊ុយរុយហ្គាយ

  • អ៊ុយរុយហ្គាយ ធ្លាប់​លេង World Cup បាន ១២ដង។ ក្រុម​នេះ ធ្លាប់​ឈ្នះជើងឯក ២ដង គឺ​នៅ​ឆ្នាំ​១៩៣០ និង ១៩៥០ និង​ទទួល​ចំណាត់ថ្នាក់​លេខ៤ ចំនួន ២ដង នៅ​ឆ្នាំ​១៩៥៤ និង​ឆ្នាំ​២០១០។

  • អ៊ុយរុយហ្គាយ ចាញ់តែ​ម្ដង​ប៉ុណ្ណោះ ក្នុង​ ៨ប្រកួត​ចុងក្រោយ​នៅវគ្គ​ចែក​ពូល World Cup (ឈ្នះ ៤ ស្មើ ៣ ចាញ់១)។

  • អ៊ុយរុយហ្គាយ មិន​ដែល​ឈ្នះ​នោះទេ ក្នុង​ការ​ប្រកួត​ដំបូង នៅ World Cup ៦ដង​ចុងក្រោយ (ស្មើ៣ ចាញ់៣)។

  • គ្រូបង្វឹក​អ៊ុយរុយហ្គាយ Oscar Tabarez គឺ​ជា​គ្រូបង្វឹក​ដែល​ដឹកនាំ​នៅ World Cup ច្រើន​ដង​ជាង​គ្រូបង្វឹក​ផ្សេងទៀត (1990, 2010, 2014, 2018)។

  • ខ្សែប្រយុទ្ធ អ៊ុយរុយហ្គាយ Edinson Cavani គឺ​ជា​កីឡាករ​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ នៅក្នុង​វគ្គ​ជម្រុះតំបន់​អាមេរិក​ខាង​ត្បូង (១០គ្រាប់)។

  • Luis Suarez ស៊ុត​ចូល ៥គ្រាប់ និង​បញ្ជូន​ឲ្យ គេ​ស៊ុត (assist) ២គ្រាប់ ក្នុង​ ៨ប្រកួត នៅ World Cup

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;