កំណត់ត្រា​អ្វីខ្លះ បាន​កើតឡើង ​ក្រោយពី​ Ronaldo ស៊ុត​ចូល​៣គ្រាប់​យប់​មិញ?

  • 2018-06-16 02:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Cristiano Ronaldo រក​បាន​ចំនួន ៣​គ្រាប់ ក្នុង​ការ​ប្រកួត​បើកឆាក​របស់​ក្រុម​ព័រទុយហ្គាល់ ជាមួយ អេស្ប៉ាញ នៅ​ព្រឹត្តិការណ៍ FIFA World Cup 2018 កាលពី​យប់មិញ។ លទ្ធផល​នេះ បាន​ជួយ​ឲ្យ ព័រទុយហ្គាល់ ចែក​គ្នា​១ពិន្ទុ​ម្នាក់​ជាមួយ​អេស្ប៉ាញ ក្នុង​ពូល B បន្ទាប់ពី​បញ្ចប់​ទៅ​ដោយ​លទ្ធផល ៣-៣។ យ៉ាង​ណា​មិញ គេ​សង្កេត​ឃើញ​កំណត់ត្រា​ថ្មីៗ​បាន​កើតឡើង​ សម្រាប់​ Ronaldo ។

Ronaldo ស៊ុត​ចូល​គ្រាប់​ទី៣ (រូបថត៖ Reuters)
១- Ronaldo បាន​ស៊ុត​យក​ហ៊ែតទ្រីក (៣គ្រាប់) ក្នុង​១​ប្រកួត សម្រាប់​ក្លឹប និង​ក្រុមជម្រើសជាតិ បាន​ចំនួន ៥១​លើក។

២- កីឡាករ​វ័យ៣៣​ឆ្នាំ ស៊ុត​បញ្ចូល​ទី​បាន​សម្រេច ៣​គ្រាប់ ក្នុង​ការ​ស៊ុត​ត្រឹម​តែ ៤ជើង​ប៉ុណ្ណោះ​ក្នុង១​ប្រកួត​នៅ​ World Cup យប់មិញ​។ ចំណែក ការ​រក​បាន ៣​គ្រាប់​ចុងក្រោយ​នៅ World Cup សម្រាប់​ក្រុម​ជម្រើស​ជាតិ​មុន​ការ​ប្រកួត​ទល់​នឹង​អេស្ប៉ាញ​យប់មិញ​ Ronaldo ត្រូវ​ការ​ស៊ុត​រហូត​ដល់​ទៅ ៧០​ជើង​ឯណោះ​។

៣- គ្រាប់​ទី៣ ឬ​គ្រាប់​ហ្វ្រីឃីក​របស់ Ronaldo យប់​មិញ គឺ​ជា​ការ​សម្រេច​ទី​ដោយ​ជោគជ័យ​លើក​ដំបូង ក្នុង​ការ​ស៊ុត​ហ្វ្រីឃីក​ចំនួន ៤៥​ជើង​កន្លង​ទៅ​។

៤- Ronaldo ជា​កីឡាករ​ម្នាក់ ដែល​អាច​រក​គ្រាប់​បាល់​បាន​នៅ​ព្រឹត្តិការណ៍ World Cup ៤​ដង​ផ្សេង​ៗគ្នា ស្មើ​កំណត់ត្រា​របស់ Pele (ប្រេស៊ីល)​ និង Uwe Seeler (អាល្លឺម៉ង់)។

៥- Ronaldo ជា​កីឡាករ​អឺរ៉ុប​ទី​ពីរ ដែល​អាច​រក​គ្រាប់​បាល់​បាន​សម្រេច​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ចំនួន ៨៤​គ្រាប់ ស្មើ​កំណត់ត្រា​របស់ Ferenc Puskas (ហុងគ្រី) ។

សូម​បញ្ជាក់​ថា Ronaldo រក​បាន ៣​គ្រាប់​ទល់​នឹង អេស្ប៉ាញ ដោយ​គ្រាប់​បាល់ ប៉េណាលទី ១គ្រាប់​នៅ​នាទី៤, ស៊ុត​ទម្លុះ​អ្នក​ចាំទី De Gea នៅ​នាទី៤៤ និង​ទាត់​ហ្វ្រីឃីក នៅ​នាទី៨៨។ ចំពោះ​គ្រាប់ទី​៣នេះ កីឡាករ​ខាងលើ ស៊ុត​ពី​ចម្ងាយ​ប្រហែល ២០ម៉ែត្រ ក្នុង​ល្បឿន ៨០គ.ម/វិនាទី និង​ប្រើ​រយៈពេល​ត្រឹមតែ​ ០,៩វិនាទី​ប៉ុណ្ណោះ​៕

ចុចអានបន្ត Ronaldo ស៊ុត៣គ្រាប់ម្នាក់ឯង ជួយ​ឲ្យ​ព័រទុយហ្គាល់ ស្មើ​អេស្ប៉ាញ

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;