រាជរដ្ឋាភិបាល បង្ហាញ​តួលេខ​ពលករ​កម្ពុជា​ដែល​ទទួល​បាន​ភាព​ស្របច្បាប់​នៅ​ថៃ

  • 2018-06-19 02:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​គណៈកម្មការ​​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ឲ្យដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៨ កម្ពុជា-ថៃ បាន​រួមគ្នា​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា ចំនួន ១​លាន ៧​ម៉ឺននាក់។​

​ក្នុង​នោះ កម្ពុជា-ថៃ បាន​សហការ​គ្នា​បញ្ជាក់​អត្តសញ្ញាណ​ថ្មី​ជូន​ពលករ​កម្ពុជា​មាន​ប័ណ្ណ​ស៊ីជម្ពូ (ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ) ដែល​ចេញ​ដោយ​ភាគី​ថៃ ដើម្បី​យក​ទៅ​សុំ​ភាព​ស្របច្បាប់​ពី​ភាគីថៃ បាន​ចំនួន​ប្រមាណ ៤២​ម៉ឺននាក់។ ជាមួយ​គ្នា​នេះ ភាគី​ទាំងពីរ​បាន​សហការ​គ្នា​សម្រួល​ឯកសារ និង​ផ្ដល់ភាព​ស្រប​ច្បាប់ តាម​រយៈ MoU បាន​ចំនួន​ប្រហែល ៦៥​ម៉ឺននាក់។

សេចក្ដី​ជូនដំណឹង​នេះ ត្រូវ​ធ្វើឡើង​បន្ទាប់​ពី​កិច្ច​ពិភាក្សា​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈ​កម្មការ​​ផ្ដល់​ភាព​ស្រប​ច្បាប់ ជាមួយ​លោក​ឧត្ដមសេនីយ៍ Po. Gen. ADUL SANGSINGKEO ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ កាលពីថ្ងៃទី១៨ ខែ​មិថុនា ​ឆ្នាំ២០១៨ នៅ​ទីស្ដីការ​ក្រសួង​ការងារ​ថៃ។

លោក អ៊ិត សំហេង កំពុងពិភាក្សាជាមួយលោក ឧត្ដមសេនីយ៍ Po. Gen. ADUL SANGSINGKEO កាលពីថ្ងៃទី១៨ មិថុនា នៅទីស្ដីការក្រសួងការងារថៃ (រូបថត៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)
លិខិត​ខាងលើ​បញ្ជាក់​ថា កម្ពុជា-ថៃ នឹង​បញ្ចប់​ការ​បញ្ជាក់​អត្តសញ្ញាណ​ដល់​ពលករ​កម្ពុជា ចំនួន ១ម៉ឺន​នាក់​ទៀត ឲ្យ​បាន​ចប់​មុន​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ។

ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា បញ្ចប់​យុទ្ធនាការ​ជាស្ថាពរ​ក្នុង​ការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា របស់​គណៈកម្មការ​ផ្ដល់​ភាព​ស្របច្បាប់ ចាប់ពី​ថ្ងៃ​ទី១ ខែ​កក្កដា ​ឆ្នាំ២០១៨ ​តទៅ។ សេចក្ដីជូនដំណឹង​ដដែល​បន្ថែម​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;