លោក Duterte អនុម័ត​គម្រោងទំនើបកម្មយោធា ដែល​មាន​ទឹកប្រាក់​រាប់ពាន់លានដុល្លារ

  • 2018-06-21 08:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​អនុម័ត​លើ​គម្រោងមួយ ដែល​គ្រោង​ចំណាយ​ប្រាក់​ប្រមាណ​ ៥,៦ពាន់​លាន​ដុល្លារ​សម្រាប់​ធ្វើ​ទំនើបកម្ម​យោធា ក្នុង​រយៈពេល ៥​ឆ្នាំ។ នេះ​បើ​តាម​បញ្ជាក់​របស់​មន្ត្រីការពារ​ជាតិ​របស់​ហ្វីលីពីនមួយរូប កាល​ពី​ថ្ងៃ​ទី​២០ ខែ​​មិថុនា ​ម្សិលមិញ។

លោក Duterte ចុះត្រួតពិនិត្យ​មូលដ្ឋាន​យោធា​ហ្វីលីពីន នាពេល​កន្លងមក
ការ​យល់​ព្រម​លើ​គម្រោង​ទំនើបកម្ម​របស់​លោក Duterte ​នេះ បាន​ធ្វើឡើង​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​ប្រមុខ​ការពារ​ហ្វីលីពីន និង​ក្រុម​មន្ត្រី​យោធា កាល​ពី​ខែ​មុន។

មន្ត្រីខាងលើ​នេះ​ បាន​និយាយ​យ៉ាង​ដូច្នេះថា «យើង​ទទួល​បាន​ភ្លើង​ខៀវ​ ដើម្បី​ទិញ​ឧបករណ៍​យោធា​ថ្មីៗ រួម​មាន​ដូច​ជា យន្តហោះ​ចម្បាំង ដ្រូន រថក្រោះ​ធន់​ស្រាល ប្រព័ន្ធ​រ៉ាដា នាវា​ចម្បាំង និង​នាវា​មុជទឹក​ សម្រាប់​ជំរុញ​សមត្ថភាព​ការពារ​ជាតិ​របស់​យើង»។

ជាមួយ​គ្នា​នេះ មេ​ទ័ព​ជាន់​ខ្ពស់​ម្នាក់​ទៀត​របស់​ហ្វីលីពីន បាន​និយាយ​ប្រាប់​សារព័ត៌មាន Reuters ថា លោក​ប្រធានាធិបតី​​បាន​យល់​ព្រម​លើ​គម្រោង​ទំនើបកម្ម​ចំនួន៣៣ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​សន្តិសុខ​ក្នុង​ស្រុក និង​ការ​ការពារ​ព្រំដែន​ទឹក​របស់​ហ្វីលីពីន។

គួរ​រម្លឹក​ថា រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Benigno Aquino III បាន​ចំណាយ​ប្រាក់​ប្រមាណ​ ១,៧ពាន់​លាន​ដុល្លារ​សម្រាប់​ធ្វើ​ទំនើបកម្ម​យោធា អំឡុង​អាណត្តិ​របស់​លោក​ឆ្នាំ​២០១០-២០១៦ ដែល​ភាគ​​ច្រើន​ចំណាយ​លើ​នាវា​ និង​យន្តហោះ​ចម្បាំង​មួយ​ទឹក៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;