ត្រាំ៖ កូរ៉េខាងជើង បានបញ្ជូនអដ្ឋិធាតុទាហានអាមេរិកចំនួន២០០ មកវិញ

  • 2018-06-21 10:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២០ មិថុនា​ម្សិលមិញ​ថា កូរ៉េខាងជើង​ បាន​ប្រគល់​អដ្ឋិធាតុ​ទាហាន​អាមេរិក​ចំនួន ២០០ ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​កូរ៉េ​ ទៅ​ឲ្យ​សហរដ្ឋអាមេរិក​វិញ។ ការ​លើកឡើង​​របស់​លោក​ដូណាល់ ត្រាំ​នេះ​ បាន​ធ្វើ​ឡើង​អំឡុង​ជំនួប​ជាមួយ​អ្នក​គាំទ្រ ក្នុង​ទីក្រុង Duluth រដ្ឋ Minnesota សហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ​ ថ្លែង​នាពេល​កន្លងមក
ជាមួយ​គ្នា​នេះ មន្ត្រី​អាមេរិក​មួយ​រូបបាន​និយាយ​កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា​ថា ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត រដ្ឋាភិបាល​ទី​ក្រុង​ព្យុង​យ៉ាង​នឹង​ប្រគល់​អដ្ឋិធាតុ​មួយ​ចំនួន​ធំ​ទៅ​ឲ្យ​បញ្ជាការដ្ឋាន​អាមេរិក នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ត្រៀម​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក Hickam  នៅ​ក្នុង​កោះ​ហាវ៉ៃ។

គួរ​បញ្ជាក់​ថា ការ​យល់​ព្រម​បញ្ជូន​អដ្ឋិធាតុ​កងទ័ព​អាមេរិក​ទៅ​ឲ្យ​ទី​ក្រុង​វ៉ាស៊ីនតោន​វិញ គឺ​ជា​ចំណុច​សំខាន់​មួយ​នៃ​កិច្ចព្រមព្រៀង​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​លោក ដូណាល់ ត្រាំ និង​មេ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុង​ជំនួប​កំពូល​នៅ​សិង្ហបុរី កាលពី​ថ្ងៃទី១២ មិថុនា​កន្លង​ទៅ។

គួរ​រម្លឹក​ថា ទាហាន​អាមេរិក​ប្រមាណ​ជាង ៧៧០០​នាក់ បាន​បាត់​ខ្លួន និង​ប្រមាណ​ជាង​៣៦៥០០ នាក់​ទៀត​បាន​ស្លាប់​ នៅ​ក្នុង​សង្គ្រាម​កូរ៉េ ចន្លោះឆ្នាំ១៩៥០-១៩៥៣។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក៕​

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;