តើ​កូរ៉េខាងជើង អាច​ក្លាយ​ជា​វៀតណាម​ទី២ ទេ?

  • 2018-06-21 09:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូរ៉េខាងជើង​បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៃ​មាតិកា​ភូមិសាស្ត្រ​នយោបាយ​តំបន់ និង​ពិភពលោក នៅ​ប្រមាណ​កន្លះ​ទសវត្ស​មក​នេះ ក្រោយ​ពី​លោក គីម ជុងអ៊ុន បាន​កាន់​តំណែង​ជា​មេដឹកនាំ​កំពូល ដោយ​លោក​បានបញ្ជា​​បាញ់​សាកល្បង​មីស៊ីល និង​សាកល្បង​នុយក្លេអ៊ែរ​ជាច្រើន​លើក។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​កាន់តែ​ល្បី​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ គឺ​ជំនួប​ជា​បន្តបន្ទាប់​ជាមួយ​មេដឹកនាំ​ពិភពលោក មាន​ដូចជា​លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក។


លោក គីម ជុងអ៊ុន និង​លោក មូន ចេអ៊ីន ជជែក​គ្នា​អំឡុង​ជំនួប​កំពូល នាពេល​កន្លង​មក
---

យោង​តាម​សេចក្ដី​រាយការណ៍​មួយ​បញ្ជាក់​ថា អំឡុង​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក គឺម ជុងអ៊ុន បាន​ប្រាប់​សម​ភាគី​របស់​លោក​ថា គាត់​ពេញ​ចិត្ត​ម៉ូដែល​របស់​វៀតណាម​ជាង​ម៉ូដែល​របស់​ចិន ព្រោះ​វៀតណាម​បាន​រក្សា​ទំនាក់ទំនង​រឹងមាំ​ជាមួយ​នឹង​អាមេរិក។ តើ​កូរ៉េខាងជើង អាច​ក្លាយ​ជា​វៀតណាម​ទី២ ទេ?

ប្រៀបធៀប​រវាង​កូរ៉េខាងជើង​ជាមួយ​នឹង​វៀតណាម លោកស្រី Shuli Ren អ្នក​ជំនាញ​របស់​សារព័ត៌មាន Bloomberg មើល​ឃើញ​ថា កូរ៉េខាងជើង​មាន​លទ្ធភាព​ច្រើន ដើម្បី​ក្លាយ​ជា​ប្រទេស​បើក​ចំហ។ លោកស្រី​ថា កូរ៉េខាងជើង សព្វ​ថ្ងៃ​ គឺ​ស្រដៀង​ទៅ​នឹង​ប្រទេស​អាស៊ាន​នៅ​ឆ្នាំ​១៩៨៦ នៅ​ពេល​ដែល​ប្រទេស​វៀតណាម​បាន​ដាក់​ចេញ​គោល​នយោបាយ​កំណែ​ទម្រង់ Doi Moi ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ចទីផ្សារ​សេរី។ កូរ៉េខាងជើង​ប្រហែល​ឆ្ពោះ​ទៅ​រក​ការ​ចាប់ផ្ដើម ព្រោះ​វា​នឹង​ធ្វើ​កូរ៉េខាងជើង​ក្លាយ​ជា​ប្រទេស​មាន និង​មាន​ឧស្សាហកម្ម​ទំនើប។

នៅ​ឆ្នាំ​២០១៦ កូរ៉េខាងជើង​ត្រូវ​ប៉ាន​ប្រមាណ​ថា មាន​ផលិត​ក្នុង​ស្រុក​សរុប ៣១​ពាន់​លាន​ដុល្លារ ប្រៀប​នឹង​វៀតណាម​ដែល​មាន ២៦​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​១៩៨៦។ វិស័យ​កសិកម្ម​មាន​ប្រមាណ ៤០​% ក្នុង​សេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ១៩៨៦ ប្រៀប​ធៀប​នឹង​កូរ៉េខាងជើង​ដែល​មាន ២០% នៅ​ឆ្នាំ​២០១៦។

ក្រោយ​កំណែ​ទម្រង់ វៀតណាម​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រមាណ ៧% ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ ក្លាយ​ជា​មជ្ឈមណ្ឌល​រោងចក្រ ដោយ​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាង​កូរ៉េខាងជើង​ប្រមាណ ៦​ដង នៅ​ពេល​បច្ចុប្បន្ន។ នៅ​ឆ្នាំ​២០១៧ វៀតណាម​មាន​កំណើន​សេដ្ឋកិច្ច ៦,៨% ដោយសារ​អ្នក​វិនិយោគ​បរទេស ជា​ពិសេស​ការ​វិនិយោគ​របស់​ក្រុមហ៊ុន Samsung។ ចំណែក​កូរ៉េខាងជើង​វិញ មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ១%​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ធនាគារ​កណ្ដាល​កូរ៉េខាងត្បូង។ ប៉ុន្ដែ​ប្រទេស​វៀតណាម​មាន​ស្ថានភាព​ប្រជាសាស្ត្រ​ល្អ ដោយ ៧០%​នៃ​ប្រជាជន​វៀតណាម គឺ​ស្ថិត​នៅ​អាយុ​ធ្វើការ ប្រៀប​នឹង​កូរ៉េខាងជើង​មាន​ត្រឹម​តែ ៤៤%​ប៉ុណ្ណោះ។

ចំណែក​លោក Gareth Leather និង​លោក Krystal Tan អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា កូរ៉េខាងជើង​មាន​ធនធាន​ធម្មជាតិ និង​មាន​តម្លៃ​ពលកម្ម​ទាប ដែល​នេះ​ជា​សក្ដានុពល​សម្រាប់​សេដ្ឋកិច្ច តែ​ក្ដី​សង្ឃឹម​របស់​លោក គីម ជុងអ៊ុន ចង់​សម្រេច​សមិទ្ធផល​សេដ្ឋកិច្ច​ឲ្យ​ដូច​វៀតណាម គឺ​មាន​ឧបសគ្គច្រើន។ វិទ្យាស្ថាន​ស្រាវជ្រាវ​កូរ៉េខាងត្បូង​មួយ​បាន​ប៉ាន់​ប្រមាណ​ថា ធនធាន​រ៉ែ​របស់​កូរ៉េខាងជើង​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១០​ទ្រីលាន​ដុល្លារ ច្រើន​ជាង​ប្រទេស​កូរ៉េខាងត្បូង​ប្រមាណ ២០​ដង។

ទោះ​យ៉ាង​ណា​ក៏​ដោយ​អ្នក​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា ក្ដី​សង្ឃឹម​របស់​លោក គីម ជុងអ៊ុន ដែល​ចង់​បើក​ចំហ​សេដ្ឋកិច្ច ប្រហែល​ធ្វើ​ឡើង​ដោយ​យឺត​យ៉ាវ​ខ្លាំង ដោយសារ​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កូរ៉េខាងជើង លុះត្រាតែ​មាន​ការ​រំលាយ​នុយក្លេអ៊ែរ​ទាំង​ស្រុង។ ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ គីម ជុងអ៊ុន បាន​ប្ដេជ្ញា​រំលាយ​នុយក្លេអ៊ែរ​ហើយ ថាតើ​មាន​ការ​បើក​ចំហ​សម្រាប់​អ្នក​វិនិយោគ​ពី​ខាងក្រៅ​ទេ។ មូលហេតុ​មួយ​ដែល គីម ជុងអ៊ុន យក​វៀតណាម​ជា​គំរូ ដោយសារ​តែ​គណបក្ស​កាន់​អំណាច​បន្ដ​ទទួល​បាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​រក្សា​អំណាច​បាន​យ៉ាង​រឹងមាំប៉ុណ្ណោះ៕

ប្រភព៖ The Diplomat ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;