EU ផ្តល់ជំនួយ​ជាង ៤លាន​ដុល្លារបន្ថែមទៀត ឲ្យសាលាក្តីខ្មែរក្រហម

  • 2018-06-25 04:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាព​អឺរ៉ុប បាន​ប្រកាស​ផ្តល់​ជំនួយ​ ៣,៥ លាន​អឺរ៉ូ(ជាង ៤ លាន​ដុល្លារអាមេរិក) ដល់អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា(អ.វ.ត.ក) ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​របស់​សាលា​ក្តីនេះ សម្រាប់​ឆ្នាំ​២០១៨។ ក្នុង​នោះ​ទឹក​ប្រាក់​ប្រមាណ​ ២,២៥ លាន​អឺរ៉ូ(ជាង​ ២,៦២​ លាន​ដុល្លារ​អាមេរិក) នឹង​ផ្តល់​ជូន​ដល់​ភាគី​អន្តរជាតិ​ និង​ ១,២៥ លាន​អឺរ៉ូ​(ជាង​ ១,៤៥​ លាន​ដុល្លារ​អាមេរិក)ទៀត នឹង​ផ្តល់​ជូន​ដល់​ភាគីជាតិ។ នេះ​បើ​​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហអឺរ៉ុប នៅ​ថ្ងៃទី ២៥ មិថុនា ឆ្នាំ​២០១៨​នេះ។

អ្នកចូលរួម កំពុង​តាម​ដានការ​កាត់​ក្តីមេដឹកនាំខ្មែរក្រហម នៅ​ អ.វ.ត.ក នា​ពេល​កន្លងមក
ប្រធាន​ការិយាល័យ​រដ្ឋបាល​ស្តី​ទី លោក ក្រាញ់ តូនី និង​អនុប្រធាន​ការិយាល័យ​រដ្ឋបាល​អ.វ.ត.ក​ លោក Knut Rosandhaug បាន​ថ្លែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​គ្នា​ថា «ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នេះ នឹង​រួម​ចំណែក​បន្ត​និរន្តរភាព​របស់​សាលា​ក្តី​ ដើម្បី​សម្រេច​បាន​យុត្តិធម៌​ចំពោះ​អំពើ​ឃោរឃៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។»

គួរ​បញ្ជាក់​ថា សហភាព​អឺរ៉ុប​ គឺ​ជា​ម្ចាស់​ជំនួយ​ធំ​មួយ​ ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំ​ៗ​បំផុត​របស់​សាលា​ក្តី​ខ្មែរ​ក្រហម ហើយ​ការ​ផ្ដល់​ជំនួយ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​ជំនួយ​ហិរញ្ញវត្ថុ​ដែល​សហភាព​អឺរ៉ុប​បាន​ផ្តល់​ដល់​ សាលា​ក្តី​ខ្មែរ​ក្រហម មាន​ចំនួន​សរុប​ ២២,៧០ លាន​អឺរ៉ូ(ជាង ២៦,៤៥​ លាន​ដុល្លារ​អាមេរិក) គិត​ចាប់​ពី​សាលា​ក្តី​នេះ ចាប់​កំណើត​នៅ​ឆ្នាំ២០០៦​មក៕

អត្ថបទ៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;