ស្អែក​នេះ ប្រមុខ​ការពារ​ជាតិ​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​ប៉េកាំង

  • 2018-06-25 06:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក James Mattis រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ទី២៦ ដល់ ២៨ ខែ​មិថុនា ២០១៨។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន នៅ​ថ្ងៃ​ទី២៥ ខែ​មិថុនា ២០១៨​នេះ។

លោក James Mattis រដ្ឋមន្រ្តី​ក្រសួង​ការពារ​អាមេរិក (រូបភាព៖ DNA India)
លោក Ren Guoqiang អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​បាន​បញ្ជាក់​ថា អំឡុង​ទស្សនកិច្ច​នេះ ប្រមុខ​ការពារ​ជាតិ​អាមេរិក​នឹង​ជួប​មន្រ្តី​ជាន់​ខ្ពស់​ចិន​មួយ​ចំនួន។ អំឡុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​នឹង​ធ្វើការ​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា ដែល​បង្ក​ការ​ព្រួយ​បារម្ភ​រវាង​ភាគី​ទាំង​ពីរ។ អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក មាន​សារៈសំខាន់​ចំពោះ​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ និង​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​ទ្វេភាគី។

ទស្សនកិច្ច​នេះ នឹង​ធ្វើ​ឲ្យ​លោក James Mattis ក្លាយ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ទី១ ដែល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទឹកដី​ចិន ចាប់តាំង​ពី​ឆ្នាំ​២០១៤ មក។ សម្រាប់​ទស្សនកិច្ច​នេះ បញ្ហា​កូរ៉េខាងជើង​ក៏​ត្រូវ​រំពឹង​ថា លើក​យក​មក​ពិភាក្សា​ផង​ដែរ។

បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង លោក James Mattis នឹង​បន្ត​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន ដោយ​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​សមភាគី​របស់​លោក គឺ​លោក Song Young-moo និង​លោក Itsunori Onodera ជា​បន្ត​ទៀត៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;