ប៉ូលិស រឹបអូស​លុយ របស់របរ​គ្រួសារ Najib ជាង​២៧០​លាន​ដុល្លារ

  • 2018-06-27 08:41:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​ម៉ាឡេស៊ី បាន​ឲ្យដឹង​ថា លុយ គ្រឿង​អលង្ការ កាបូប នាឡិកា និង​របស់​របរ​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​រឹបអូស​ពី​លំនៅឋាន​របស់​លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មាន​តម្លៃ​សរុប​ចំនួន​ជាង ២៧០​លាន​ដុល្លារ​អាមេរិក។

កាបូបជាច្រើន ត្រូវបានប៉ូលិសម៉ាឡេស៊ី រឹបអូស ពីលំនៅឋានរបស់លោក Najib (រូបថត៖ AP)
លោក Datuk Seri Amar Singh ប្រធាន​ផ្នែក​ឧក្រិដ្ឋកម្ម​ពាណិជ្ជកម្ម​ម៉ាឡេស៊ី បាន​ប្រាប់​នៅ​ថ្ងៃ​ពុធ ទី២៧ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​ថា ទ្រព្យ​សម្បត្តិ​ខាងលើ ត្រូវ​បាន​រឹបអូស​ពី​លំនៅឋាន ៦ ដែល​មាន​ជាប់​ទាក់ទង​នឹង​លោក Najib ។

លោក​បន្ត​ថា របស់​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ ក្នុង​ការ​រឹបអូស​នេះ គឺ​គ្រឿង​អលង្ការ ដែល​មាន​តម្លៃ​ជិត ២២០​លាន​ដុល្លារ ហើយ​របស់​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​គឺ ខ្សែ ក ពេជ្រ ១ខ្សែ​ ដែល​មាន​តម្លៃ ១,៥៩​លាន​ដុល្លារ។ លើស​ពី​នេះ ប៉ូលិស ក៏​បាន​រឹបអូស​នាឡិកា​ជាង ៤២០​គ្រឿង តម្លៃ​ជិត ២០​លាន​ដុល្លារ កាបូប​ជិត ៥៧០ (៣៧ម៉ាកផ្សេងៗ​គ្នា) ផង​ដែរ​​។

ប្រធាន​ផ្នែក​ឧក្រិដ្ឋកម្ម​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​បាន​បន្ត​ថា ក្រុម​ការងារ​របស់​លោក​ចំនួន ២២នាក់ និង​ម៉ាស៊ីន​រាប់​លុយ ៣​គ្រឿង ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បូក​សរុប​តម្លៃ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​រឹបអូស​ ដោយ​ប្រើ​ពេល​រាប់​ចំនួន​ ៣​ថ្ងៃ​។ លោក​បន្ថែម​ថា លុយ​ជិត ៣០​លាន​ដុល្លារ ជា​រូបិយបណ្ណ​បរទេស ចំនួន ២៦​ប្រភេទ​ផ្សេងៗ​គ្នា។

សូម​ជម្រាប​ថា អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​លោក Najib ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ 1MDB ដែល​បង្កើត​ឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នេះ។

ចាប់ពី​ខែ​ឧសភា​ក្រោយ​ចាញ់​ឆ្នោត លោក Najib ត្រូវ​បាន​ម៉ាឡេស៊ី​ដាក់​ក្នុង​បញ្ជី​ខ្មៅ មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ឡើយ។ មិន​តែ​ប៉ុណ្ណោះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ធ្លាប់​បាន​កោះហៅ​លោក Najib ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​នោះ​៕

អត្ថបទទាក់ទង

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;